Microsoft ជួបប្រទះបញ្ហាធ្ងន់ធ្ងរលើ Outlook និងសេវាកម្ម Microsoft 365 បណ្ដាលឱ្យគាំងមិនដំណើរការជាសកល
13-11-2026 10:56
(វ៉ាស៊ីនតោន)៖ វេទិកាឃ្លាំមើលបញ្ហាបណ្តាញអនឡាញ Downdetector បានកត់ត្រាការរាយការណ៍រាប់សែនដងពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានជួបប្រទះនូវការដាច់ចរន្តបណ្តាញ ឬការរអាក់រអួលយ៉ាងធ្ងន់ធ្ងរ (Global Outage) ដែលបានប៉ះពាល់ដល់ប្រព័ន្ធសេវាកម្មសំខាន់ៗជាច្រើន រួមមាន Outlook, Microsoft Teams, SharePoint និង Microsoft 365 Copilot។
ត្រឹមរយៈពេលខ្លីដំបូងនៃការរអាក់រអួលនេះ Downdetector បានទទួលរបាយការណ៍បញ្ហាពាក់ព័ន្ធនឹងកម្មវិធី Outlook ជាង ១៣០,០០០ ករណី ដោយអ្នកប្រើប្រាស់មិនអាចបើកមើលប្រអប់សារ (Inbox) ផ្ញើ ឬទទួលអ៊ីមែលបានឡើយ។ បន្ថែមពីលើ Exchange Online / Outlook ឧបទ្ទវហេតុនេះក៏បានប៉ះពាល់ដល់ដំណើរការរបស់ Microsoft Teams, SharePoint Online និងប្រព័ន្ធជំនួយការ AI គឺ Microsoft 365 Copilot ផងដែរ ដែលធ្វើឱ្យស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សា និងក្រុមហ៊ុនឯកជនជាច្រើនជួបការលំបាកក្នុងការបំពេញការងារប្រចាំថ្ងៃ។
ភាគី Microsoft បានបញ្ជាក់ថា បញ្ហានេះកើតចេញពីការដែលម៉ាស៊ីនបម្រើ (Servers) មួយចំនួននៅក្នុងតំបន់ផ្សេងៗគ្នា ជួបប្រទះនូវការផ្ទុកទិន្នន័យលើសកម្រិត និងបានបរាជ័យក្នុងការឆ្លងកាត់ការពិនិត្យសុខភាពស្វ័យប្រវត្តិ ដែលធ្វើឱ្យការបង្កើតការតភ្ជាប់មានសុវត្ថិភាព ត្រូវរអាក់រអួល។ ទោះបីជាយ៉ាងណាក៏ដោយ ភាគីអាជ្ញាធរនិង Microsoft បានអះអាងថា «គ្មានសញ្ញាណាមួយបង្ហាញថាវាជាការវាយប្រហារតាមប្រព័ន្ធអនឡាញ (Cyber Attack) នោះទេ»។
ក្រុមវិស្វកររបស់ Microsoft បាននឹងកំពុងចាត់វិធានការជាបន្ទាន់ ដោយរួមមានការរំកិលចរាចរណ៍បណ្តាញទៅកាន់ផ្លូវបម្រុង និងចាប់ផ្តើមដំណើរការឡើងវិញនូវម៉ាស៊ីនបម្រើដែលខូចខាតជាបណ្តើរៗ ដើម្បីធានាថាប្រព័ន្ធទាំងមូលនឹងវិលត្រឡប់មករកប្រក្រតីភាពវិញ៕





