* សិង្ហបុរីចោទប្រកាន់បុគ្គលទី៥ ក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យម៉ាស៊ីនមេ AI
* ក្រុមហ៊ុនមេរបស់ TikTok គ្រោងបោះទុន ៦ ប៊ីលានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ
* វិនិយោគិនព្រួយបារម្ភពីអនាគតវិស័យ AI ក្រោយលោក Jensen Huang លាលែងពីតំណែង CEO របស់ Nvidia

កីឡាប្រដាល់សកល កើនទាំងបរិមាណ និងគុណភាព បើធៀបនឹងកីឡាជាតិមុនៗ

13-11-2026 14:17

(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ មានការកើនឡើងទាំងបរិមាណ និងគុណភាព បើធៀបនឹងឆ្នាំមុនៗ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ណ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោយបិទបញ្ចប់ការប្រកួតជាផ្លូវការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

សម្រាប់ការប្រកួតកីឡាប្រដាល់សកលក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ គឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករចូលរួមសរុប ៩២នាក់ មកពី ៨សមាគមរាជធានី-ខេត្ត និងក្រសួង ដោយប្រកួតលើ ៨វិញ្ញាសា។ តួរលេខនេះ គឺមានការកើនឡើង បើធៀបនឹងកីឡាជាតិលើកមុនៗ តែអ្វីដែលពិសេស គឺកំណើនគុណផលរបស់កីឡាករចូលរួម ដែលមានការរីកចម្រើនខ្ពស់ តាមរយៈការប្រកួត តាំងពីវគ្គជម្រុះ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។

លោក ប៊ុយ សុភ័ណ្ណ បញ្ជាក់ថា «ការចូលរួមទាំងបរិមាណ និងគុណភាពឆ្នាំនេះ គឺមានការផុសផុសខ្លាំង ជាពិសេសគុណភាពនៃការប្រកួត ទាំងសមាគមរាជធានី-ខេត្ត និងក្រសួង ក៏ដូចជាកីឡាករជម្រើសជាតិ ប៉ះកីឡាករមកពីរាជធានី-ខេត្ត គឺមានភាពប្រហាក់ប្រហែលគ្នា ជាក់ស្ដែងក្នុងវគ្គផ្ដាច់ព្រ័ត្រ យើងសង្កេតឃើញមានភាពស្វិតស្វាញខ្លាំង ដោយការប្រកួតប្រកបដោយគុណភាព និងការហ្វឹកហាត់បានពេញលេញ ក៏ដូចជាគុណផលល្អប្រសើររបស់ពួកគាត់ បើធៀបនឹងកីឡាជាតិលើកមុនៗ»។

ចំពោះលទ្ធផលបច្ចេកទេសនៃការប្រកួតកីឡាប្រដាល់សកលក្នុងកីឡាជាតិ លើកនេះដែរ គឺក្រុមក្រសួងការពារជាតិ ឈរកំពូលតារាងមេដាយ ដោយឈ្នះមេដាយសរុប ៧គ្រឿង (មាស៤ និងសំរឹទ្ធ៣) គ្រាដែលក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយសរុប ៨គ្រឿង (មាស៣ ប្រាក់៤ និងសំរឹទ្ធ១) និងខេត្តកោះកុង ឈរលេខ៣ ឈ្នះមេដាយ ៣គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ១) ខណៈ ៥រាជធានី-ខេត្តទៀត សុទ្ធតែឈ្នះមេដាយ លើកលែងខេត្តកំពត ១គត់ ដែលពុំទទួលបានមេដាយ៕