EU បើកកិច្ចប្រជុំកំពូល AI ជាលើកដំបូង ខណៈកំពុងប្រឈមសម្ពាធតាមមិនទាន់អាមេរិក និងចិន
14-11-2026 07:51
(បរទេស)៖ មេដឹកនាំសហភាពអឺរ៉ុប (EU) បានជួបប្រជុំកំពូលជាលើកដំបូងស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុង Dublin ប្រទេសអៀរឡង់ ដើម្បីពិភាក្សាអំពីវិធីពង្រឹងសមត្ថភាពប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក និងចិន ព្រមទាំងដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដូចជាការខ្វះខាតថវិកា និងឧបសគ្គផ្នែករដ្ឋបាល ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីហានិភ័យនៃបច្ចេកវិទ្យា AI បន្ទាប់ពីមានហេតុការណ៍មួយចំនួនពាក់ព័ន្ធនឹងប្រព័ន្ធ AI ដែលដំណើរការដោយស្វ័យប្រវត្តិ និងបង្កបញ្ហា។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានលើកឡើងក្នុងលិខិតអញ្ជើញមេដឹកនាំ EU ថា៖ «ដោយសារការអភិវឌ្ឍ AI មានល្បឿនលឿន ខ្ញុំជឿជាក់ថា ពេលនេះចាំបាច់ត្រូវមានការពិភាក្សាជាក់លាក់ក្នុងកម្រិតមេដឹកនាំ អំពីឱកាសដែល AI ផ្តល់ជូន ក៏ដូចជាឥទ្ធិពលផ្លាស់ប្តូររបស់វាលើសេដ្ឋកិច្ច និងសង្គមរបស់យើង»។ ក្នុងកិច្ចប្រជុំនេះ លោក Arthur Mensch នាយកប្រតិបត្តិក្រុមហ៊ុន Mistral AI និងលោក Geoffrey Hinton អ្នកត្រួសត្រាយផ្លូវក្នុងវិស័យ AI និងជាម្ចាស់ពានរង្វាន់ណូបែល ក៏នឹងចូលរួមធ្វើបទបង្ហាញផងដែរ។
សហភាពអឺរ៉ុបកំពុងប្រឈមនឹងបញ្ហាក្នុងការបង្កើនសមត្ថភាពផលិតបន្ទះឈីប និងហេដ្ឋារចនាសម្ព័ន្ធ AI។ ផែនការក្រោមច្បាប់ Chips Act ដែលមានគោលដៅបង្កើនចំណែកទីផ្សារបន្ទះឈីបសកលរបស់ EU ឱ្យដល់ ២០% នៅឆ្នាំ២០៣០ កំពុងប្រឈមនឹងហានិភ័យមិនអាចសម្រេចគោលដៅ ខណៈផែនការសាងសង់មជ្ឈមណ្ឌល AI ខ្នាតយក្សចំនួន ៧កន្លែង ក៏មិនទាន់ដំណើរការពេញលេញ ដោយសារការខ្វែងគំនិតគ្នារវាងប្រទេសសមាជិកលើការបែងចែកថវិកាសម្រាប់ឆ្នាំ២០២៨-២០៣៤។
ក្រៅពីបញ្ហា AI មេដឹកនាំ EU ក៏នឹងពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន និងតួនាទីរបស់អឺរ៉ុបក្នុងការចរចាសន្តិភាព ព្រមទាំងការធានាសន្តិសុខដែល EU អាចផ្តល់ជូន ប្រសិនបើមានបទឈប់បាញ់។ ប្រធានបទនេះត្រូវបានបន្ថែមក្នុងរបៀបវារៈ បន្ទាប់ពីបេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner បានជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុង Dublin ក្រោយកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ៕









