Reijnders ធ្វើបានហែតទ្រីក ពេលហូឡង់បំបាក់ក្រិច ៧-០ មិនឱ្យតដៃរួចនៅ Nations League មុនប៉ះអាល្លឺម៉ង់ថ្ងៃចន្ទ
14-11-2026 09:34
(បរទេស)៖ អតីតខ្សែបម្រើក្លិប Manchester City គឺ Tijjani Reijnders ធ្វើបាន ៣គ្រាប់ម្នាក់ឯង (ហែតទ្រីក) ក្នុងចំណោម ៧គ្រាប់របស់ក្រុមបច្ចុរាជទឹកក្រូចហូឡង់បំបាក់ភ្ញៀវក្រិច ៧-០ នាយប់មិញនេះមិនឱ្យតឌៃរួចឡើយ ក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2026-27 មុនទៅប៉ះម្ចាស់ផ្ទះអាល្លឺម៉ង់ថ្ងៃចន្ទសប្តាហ៍ក្រោយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាការធ្វើបាន ៣គ្រាប់លើកដំបូងផងដែរត្រឹមវគ្គទី១ សម្រាប់ហូឡង់ ក្នុងការរួមចំណែកជួយក្រុមខ្លាំងនៅអឺរ៉ុបមួយនេះ លេងមិនចាញ់ឡើយប្រចាំ League A ក្រុម២។
ជាមួយគ្នានោះដែរ Jurrien Timber ដែលត្រូវបានជ្រើសរើសចេញពីក្លិប Arsenal ក៏រកបាន ២គ្រាប់ដំបូងសម្រាប់ហូឡង់ទៀតផង នៅក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង Amsterdam ក្រោយពេលអតីតខ្សែប្រយុទ្ធក្លិប Leeds United និង West Ham គឺ Crysencio Summerville ជាអ្នកស៊ុតគ្រាប់នាំមុខឱ្យក្រុមរបស់លោក Xavi Hernandez ដែលជាការបង្កកំហុសនៃខ្សែការពារក្រិច។
តាមរយៈ ៣ពិន្ទុក្នុងដីដោយស្រួលនេះដែរ បានញាំងឱ្យហូឡង់លេង ៥ប្រកួតមិនចាញ់ និងឈរទីកំពូលតារាងនៃពូល Group A2 នាំមុខ ៣ពិន្ទុពីក្រិច និងអាល្លឺម៉ង់ ដែលបានវាយបកឈ្នះម្ចាស់ផ្ទះស៊ែប៊ី ៣-១ យប់មិញនេះដែរ។
ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុតាមពូល ក្រុមលេខ១ និងលេខ២ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ UNL នៅពេលក្រុមលេខ៣ នឹងបន្តលេងជម្រុះ ដ្បិតឥន្រ្ទីដែកអាល្លឺម៉ង់ត្រូវធ្វើម្ចាស់ផ្ទះទទួលហូឡង់ គ្រាដែលក្រិចស្វាគមន៍ស៊ែប៊ីវិញម្តងនាថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕



