* Nvidia ដាក់គោលដៅទាក់ទាញ CEO ក្រុមហ៊ុន Arm លោក Rene Haas ឱ្យមកជំនួសតំណែង Jensen Huang
* EU បើកកិច្ចប្រជុំកំពូល AI ជាលើកដំបូង ខណៈកំពុងប្រឈមសម្ពាធតាមមិនទាន់អាមេរិក និងចិន
* សិង្ហបុរីចោទប្រកាន់បុគ្គលទី៥ ក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យម៉ាស៊ីនមេ AI
* ក្រុមហ៊ុនមេរបស់ TikTok គ្រោងបោះទុន ៦ ប៊ីលានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ
* វិនិយោគិនព្រួយបារម្ភពីអនាគតវិស័យ AI ក្រោយលោក Jensen Huang លាលែងពីតំណែង CEO របស់ Nvidia

កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ បញ្ចប់ដោយជោគជ័យ និងម្ចាស់ការលើខ្លួនឯង

14-11-2026 14:21

(ភ្នំពេញ)៖ ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៩ថ្ងៃ នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឆ្លៀតឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរ ចំពោះគណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍កីឡាជាតិដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ លោកថា កីឡាមិនត្រឹមតែជាសកម្មភាពប្រកួតប្រជែងដើម្បីដណ្ដើមជ័យលាភីប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាព វិន័យ ការទទួលខុសត្រូវ សាមគ្គីភាព បរិយាបន្ន និងការកសាងធនធានមនុស្ស ព្រមទាំងពង្រឹងមោទនភាពជាតិ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ព្រឹត្តិការណ៍ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ឆ្នាំនេះ កីឡាជាតិ និងកីឡាជាតិជនពិការ បានប្រព្រឹត្តទៅក្រោមរបត់ថ្មីមួយ ដែលបង្ហាញពីបទពិសោធន៍ និងការខិតខំប្រឹងប្រែងព្រឹងសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ ក៏ដូចជាការប្រកួតឲ្យមានភាពអធិកអធម ដោយប្រកាន់ខ្ជាប់នូវប្រសិទ្ធភាព សុវត្ថិភាព និងគុណភាពខ្ពស់ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ ពិសេសការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។

លោកបន្ដថា «យើងឃើញការប្រកួតឆ្នាំនេះ បានចាប់ផ្ដើមដោយពិធីបើកមួយដោយខ្លួនឯង ម្ចាស់ការខ្លួនឯង ក្នុងកម្រិតលទ្ធភាពរបស់យើងប៉ុណ្ណឹង យើងអាចធ្វើឲ្យមានក្ដីរំភើប និិិិងរំលេចបាននូវវប្បធម៌ស៊ីជម្រៅរបស់ជាតិឲ្យល្បីសុះសាយទូទាំងប្រទេស ក៏ដូចជាទៅក្រៅប្រទេស។ ការរៀបចំរបស់យើងមានការទាក់ទាញល្អ ហើយមានស្ដង់ដារលំនាំទៅតាមព្រឹត្តិការណ៍នៃការបើកការប្រកួតជាអន្ដរជាតិនានា...។ ចំពោះពិធីបិទយើងឃើញកីឡាករ-កីឡាការិនីសប្បាយរីករាយ មានន័យថា វាមិនត្រឹមតែជាការប្រកួតប្រជែងនោះទេ តែជាពិធីបុណ្យមួយ ដែលឲ្យយុវជនមកពីរាជធានី-ខេត្ត និងក្រសួងចំនួន ៣ បានជួបជុំស្គាល់គ្នា ស្រលាញ់គ្នា និងបង្កើតបាននូវ សាមគ្គីភាព មនសិការជាតិ និងស្មារតីជាតិនិយម យ៉ាងផុលផុស និងគ្រប់ទីកន្លែង តាំងពីពិធីបើក រហូតដល់ពិធីបិទ»។

ក្រឡេកទៅចាប់អារម្មណ៍ដំណើរការប្រកួតវិញ លោក វ៉ាត់ ចំរើន បានវាយតម្លៃជាវិជ្ជមានថា «ការរៀបចំការប្រកួត គឺសហព័ន្ធកីឡាជាតិ បានទទួលខុសត្រូវតាមផ្នែកនីមួយៗ បានកាន់តែល្អប្រសើរ ហើយយើងនៅតែជំរុញការបណ្ដុះបណ្ដាលឲ្យមន្ដ្រីបច្ចេកទេសរបស់យើងឲ្យកាន់តែរឹងមាំតទៀតទៅពីកម្រិតជាតិ ទៅអន្ដរជាតិ។ អ៉ីចឹងជារួម ការវិនិច្ឆ័យនៃការប្រកួត យើងគោរពតាមគោលការណ៍យុត្តិធម៌ ក្រុមសីលធម៌កីឡា និងបទបញ្ជាការប្រកួតតាមផ្នែកនីមួយៗបានត្រឹមត្រូវ ប្រកបដោយវឌ្ឍនៈភាពល្អ និងមានប្រសិទ្ធភាព ដែលជាការវិវឌ្ឍន៍រីកចម្រើនខ្លាំង ហើយយើងនិយាយថា យើងអាចមានឯករាជ្យភាព ក្នុងការទទួលធ្វើម្ចាស់ផ្ទះដោយខ្លួនឯងបាន គ្រប់ប្រភេទកីឡា សម្រាប់កីឡា ៣២ប្រភេទក្នុងកីឡាជាតិ និង ១០ប្រភេទកីឡា ក្នុងកីឡាជាតិជនពិការ»។

ទោះបីដំណើរការប្រកួតបានប្រព្រឹត្តទៅរលូន និងជោគជ័យយ៉ាងណា តែប្រតិបត្តិករកីឡាឆ្នើមរបស់កម្ពុជាដដែល ទទួលស្គាល់ការខ្វះចន្លោះនៅតែមាន ហើយត្រូវបានកត់ជាបទពិសោធន៍ ដើម្បីធ្វើការវិភាគរកដំណោះស្រាយ និងបម្រួញចំណុចខ្វះខាតទាំងអស់ សម្រាប់ត្រៀមការប្រកួតលើកក្រោយឲ្យកាន់តែល្អប្រសើរ ពិសេសការត្រៀមធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៨ ខាងមុខ ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗទៀត រួមទាំងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ ផងដែរ។

សូមបញ្ជាក់ថា ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ចាប់ពីថ្ងៃទី៥-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ គ្រប់ក្រសួង និងរាជធានី-ខេត្ត ដែលចូលរួមព្រឹត្តិការណ៍ ២ឆ្នាំម្ដងខាងលើ សុទ្ធតែដណ្ដើមបានមេដាយ ក្នុងការប្រកួតកីឡាជាតិ គឺក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៨២គ្រឿង (មាស៩១ ប្រាក់៥១ សំរឹទ្ធិ៤០), ក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយសរុប ១៧១គ្រឿង (មាស ៧៩ ប្រាក់៥៤ សំរឹទ្ធិ៣៨ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ៣ ឈ្នះមេដាយសរុប ៤៤គ្រៀង (មាស ១៣ ប្រាក់១៣ និងសំរឹទ្ធិ ១៨)។

ចំណែកការប្រកួតកីឡាជាតិជនពិការវិញ គឺខេត្តកណ្តាល ដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៩គ្រឿង (មាស១០ ប្រាក់៨ សំរឹទ្ធិ១១), ខេត្តកែប ឈរលេខ២ ឈ្នះមេដាយសរុប ១៤គ្រឿង (មាស៨ ប្រាក់៣ សំរឹទ្ធិ៣) ខណៈខេត្តស្ទឹងត្រែង ឈរលេខ៣ ឈ្នះមេដាយសរុប ៩គ្រឿង (មាស៧ និងប្រាក់២គ្រឿង)៕