* លោក ខៀវ សាម៉េត បន្ដជាប់ឆ្នោតប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ជាលើកទី៣
* ក្រុមអ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិបើកកិច្ចពិភាក្សា រកដំណោះស្រាយ និងលើកកម្ពស់សេវាហិរញ្ញវត្ថុសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
* NOCC ហាមដាច់ខាតការបន្លំផ្សព្វផ្សាយក្រុមហ៊ុនបារី ឬប្រើប្រាស់ដោយផ្ទាល់ ក្នុងទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងលើទឹកដីអង្គរ

ក្រុមហ៊ុនភេសជ្ជ:ប៉ូវកំលាំងបាកាសនៅកូរ៉េ ចូលរួមបរិច្ចាគឱសថ និងភេសជ្ជៈជូនមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ដើម្បីគាំទ្រការថែទាំសុខភាពប្រជាជនកម្ពុជា

15-11-2026 14:06

(ភ្នំពេញ)៖ ដោយមានស្មារតីចូលរួមចំណែកជួយសង្គម និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស (Bacchus Cambodia) បានសហការជាមួយក្រុមហ៊ុន Dong-A ST របស់ប្រទេសកូរ៉េ ផ្តល់អំណោយជាភេសជ្ជៈបាកាស ឱសថ និងថវិកាមួយចំនួន ជូនមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron។

ការបរិច្ចាគនេះបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរក្នុងការចូលរួមចំណែកជួយសហគមន៍ ព្រមទាំងគាំទ្រដល់បេសកកម្មរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាជនកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកអ្នកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលទាំងអស់របស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងការព្យាបាល និងថែទាំសុខភាពប្រជាពលរដ្ឋកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះការអនុញ្ញាតឱ្យក្រុមហ៊ុនបាកាសចូលរួមក្នុងសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះផងដែរ។

លោកអ្នកឧកញ៉ា សុខ សំណាង បានបង្ហាញក្តីរីករាយដែលបានសហការជាមួយក្រុមហ៊ុន Dong-A ST ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងបាកាសនៅប្រទេសកូរ៉េ ក្នុងការនាំយកអំណោយជាឱសថ ភេសជ្ជៈ និងថវិកា ប្រគល់ជូនមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron។

លោកបានសង្កត់ធ្ងន់ថា ការជួបជុំគ្នានៅថ្ងៃនេះ មិនមែនគ្រាន់តែជាពិធីប្រគល់ និងទទួលជំនួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ លោក Jung Jae-Hun ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Dong-A ST បានបង្ហាញពីសារៈសំខាន់នៃបេសកកម្មរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ដែលជំរុញឱ្យក្រុមហ៊ុន Dong-A ST បន្តផ្តល់ជំនួយជាបន្តបន្ទាប់ រួមមាន ឱសថ សម្ភារវេជ្ជសាស្ត្រ និងថវិកា ដើម្បីគាំទ្រដល់ដំណើរការរបស់មជ្ឈមណ្ឌល។

ជាមួយគ្នានេះ លោក Pastor Park Cheolsoon នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Dong-A ST និងក្រុមហ៊ុនបាកាសនៅកម្ពុជា ចំពោះភាពជាដៃគូ និងការគាំទ្រដោយស្មោះស្ម័គ្រដល់មជ្ឈមណ្ឌល។ លោកបានប្តេជ្ញាប្រើប្រាស់អំណោយជាភេសជ្ជៈបាកាស ថវិកា និងឱសថទាំងនេះឱ្យមានប្រសិទ្ធភាព ដើម្បីបម្រើដល់ការព្យាបាល និងថែទាំអ្នកជំងឺ។

សូមបញ្ជាក់ថា បាកាសជាភេសជ្ជៈប៉ូវកម្លាំងដែលមានដើមកំណើតពីប្រទេសកូរ៉េ និងផលិតដោយក្រុមហ៊ុនឱសថ Dong-A ST តាំងពីឆ្នាំ១៩៦៣។ ជាមួយនឹងប្រវត្តិដ៏យូរអង្វែង និងការប្តេជ្ញាចិត្តក្នុងការផ្តល់ផលិតផលប្រកបដោយគុណភាព បាកាសតែងតែផ្តល់តម្លៃដល់ការចូលរួមចំណែកក្នុងការងារសង្គម និងបានចូលរួមជួយប្រជាជនកម្ពុជាជាច្រើនកន្លងមក។

ជាក់ស្តែង ក្រុមហ៊ុនបាកាសតែងតែឧបត្ថម្ភដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron កម្ពុជាជារៀងរាល់ឆ្នាំ ដោយសង្ឃឹមថា មជ្ឈមណ្ឌលនឹងបន្តទទួលបានការរីកចម្រើន និងជោគជ័យក្នុងបេសកកម្មថែទាំសុខភាព និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាបន្តទៀត៕