* តើមានអ្វីនៅពីក្រោយ? Megaspeed បញ្ជាក់ការចាកចេញរបស់ Alice Huang ចំពេល Jensen Huang ព្យាយាមទម្លុះរបាំងក្រុមប្រឹក្សាភិបាល Nvidia!
* ចិនបោះជំហានធំក្នុងការបញ្ចូល AI ទៅក្នុងសាលារៀន សង្ឃឹមបណ្តុះក្មេងជំនាន់ថ្មីឱ្យក្លាយជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា

ត្បូងឃ្មុំ គ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ជាលើកទី៣ ក្រោយឈ្នះបាត់ដំបង ទាំងលំបាក

16-11-2026 10:43

(ភ្នំពេញ)៖ សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បានគ្រងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បន្ទាប់ពីយកឈ្នះដ៏តានតឹងលើក្រុមបាត់ដំបងយូណាយធីត ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤។

ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានភ្នំពេញក្រោននេះ ក្រុមទាំងពីរ បានបង្ហាញការប្រកួតប្រជែងដ៏ស្វិតស្វាញ គួបផ្សំការប្រយ័ត្នប្រយែងរៀងៗខ្លួន តែគ្មានក្រុមណាអាចរកគ្រាប់បាល់បានឡើយ ពិសេសខេត្តត្បូងឃ្មុំ ទោះបីពួកគេមានប្រៀបលើបាត់ដំបង ដែលបាត់បង់សមាជិក ២រូប ក្រោយរងពិន័យកាតក្រហម គឺកីឡាករ ឈិត វ៉ាន់ណេត (នាទី៦៤) និងកីឡាករ ជា ច័ន្ទដារ៉ា (នាទី៩០+៦) យ៉ាងណាក្ដី។

ដោយគ្មានការប្រកួតបន្ថែមម៉ោង ១៥នាទី ២ដង ការប្រកួតដែលមានអ្នកទស្សនាផ្ទាល់ជាង ៥ពាន់នាក់នេះ ត្រូវបានកាត់សេចក្ដី ដោយការស៊ុតបាល់ប៉េណាល់ទី ១១ម៉ែត្រ ហើយជាលទ្ធផល សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បានយកឈ្នះលើក្រុមបាត់ដំបងយូណៃធីត ដោយលទ្ធផល ៥-៤ ដើម្បីក្លាយជាក្រុមជោគជ័យជាងគេ ដែលបានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ៣លើក គឺនៅឆ្នាំ២០១៩, ឆ្នាំ២០២៤/២៥ និងឆ្នាំ២០២៦/២៧។

លើសពីការលើកពាន អមមេដាយមាស និងប្រាក់រង្វាន់ ២០លានរៀល ដើម្បីមានកៅអីលេងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឆ្នាំ២០២៦/២៧ ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ ក៏បានក្រសោបពានក្រុម និងពានឯកត្តជនស្ទើរទាំងស្រុង ក្នុងរដូវកាលនេះដែរ ដែលរួមមានពានរង្វាន់ក្រុម Fair-Play, ពានគ្រូបង្វឹកល្អជាងគេ៖ លោក ប៊ុន រតនៈ, ពានអ្នកចាំទីល្អជាងគេ៖ កីឡាករ ហ្វេក វ៉ារីត និងពានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ (១៦គ្រាប់)៖ កីឡាករ សារី តៃម៉ូ។ រីឯពានកីឡាករល្អជាងគេ គឺបានទៅកីឡាករ ថា សុធន់ មកពីក្រុមបាល់ទាត់ខេត្តកោះកុង។

ដោយឡែកចំណាត់ថ្នាក់លេខ២ គឺក្រុមបាត់ដំបងយូណាយធីត ទទួលបានមេដាយប្រាក់ អមប្រាក់រង្វាន់ ១០លានរៀល។ នេះគឺជាលើកដំបូង ដែលក្រុមតំណាងខេត្តបាត់ដំបង បានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ គ្រាដែលចំណាត់ថ្នាក់លេខ៣ បានទៅក្រុមបាល់ទាត់ខេត្តកោះកុង ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ៨លានរៀល៕