ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិក បង្ហាញ ៣ចំណុចធំៗ បញ្ជាក់ពីភាពរីកចម្រើនលីគអាជីព MPL Cambodia
16-11-2026 11:41
(ភ្នំពេញ)៖ លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានគូសបញ្ជាក់ពីចំណុចគន្លឹះធំៗចំនួន៣ ដែលជាកត្តាជំរុញ និងឆ្លុះបញ្ចាំងឲ្យឃើញពីភាពរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ពិសេសព្រឹត្តិការណ៍លីគអាជីព MPL Cambodia ដែលបានដំណើរការប្រកួតយ៉ាងរលូន និងទាក់ទាញការគាំទ្រយ៉ាងច្រើនកុះករ។
ការគូសបញ្ជាក់នេះបន្ទាប់ពីលោកបានអញ្ជើញចូលរួមបំពាក់មេដាយ និងបិទការប្រកួត MPL Cambodia រដូវកាលទី១១ នារាត្រីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិច MPL Cambodia Arena ដោយក្រុម Vigor Apex បានគ្រងជើងឯក អមប្រាក់រង្វាន់ ១៦,០០០ដុល្លារ បន្ទាប់ពីយកឈ្នះក្រុម Team Flash KH ក្នុងលទ្ធផល ៤-២។
ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលមានអ្នកទស្សនាពេញសាលនេះ ប្រធានសហព័ន្ធខាងលើ បានបង្ហាញមោទនភាព ចំពោះការវិវឌ្ឍន៍នៃវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ដែលបានចាប់ផ្ដើមពីចំណុចសូន្យ រហូតមានមូលដ្ឋានគ្រឹះរឹងមាំ តាមរយៈការបណ្ដុះបណ្ដាល និងការហ្វឹកហាត់តាមបែបបទកីឡាអាជីពពិតប្រាកដ ព្រមទាំងអាចចេញទៅដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីឆាកអន្តរជាតិជាបន្តបន្ទាប់ថែមទៀត។
ទន្ទឹមជាមួយការវិវឌ្ឍន៍ទាំងអស់នេះ ពិសេសការប្រកួតលីគអាជីពដ៏ជោគជ័យខាងលើ លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានសង្កត់ធ្ងន់លើ ៣ចំណុចធំៗ ដែលមិនអាចខ្វះបានក្នុងការធ្វើឲ្យការប្រកួត MPL Cambodia កាន់តែរីកចម្រើនរួមមាន៖
១-ការរៀបចំ៖ សហព័ន្ធបានឈានដល់ចំណុចរបត់ថ្មីមួយ ដោយមានសាលប្រកួតកីឡាអេឡិចត្រូនិកដ៏ធំ និងទំនើប ក្រោមកិច្ចសហការជាមួយ TY Media។ លោកបានប្រៀបធៀប នេះជាទីតាំងប្រកួតដ៏មានតម្លៃ និងមានសារៈសំខាន់ស្មើនឹងកីឡដ្ឋានផ្ទាល់ខ្លួន ដូចទៅនឹងវិស័យកីឡាបាល់ទាត់។
២-ការចូលរួម និងសមត្ថភាពរបស់កីឡាករ-កីឡាការិនី៖ ធនធានកីឡាករ-កីឡាការិនីរបស់កម្ពុជា មានការកើនឡើងទាំងបរិមាណ និងគុណភាព។ បើពិនិត្យលើកម្រិតបច្ចេកទេសនៃការប្រកួតក្នុងលីគ MPL បច្ចុប្បន្ន កីឡាករកម្ពុជាមានសមត្ថភាពខ្ពស់ មិនចាញ់កីឡាករអន្តរជាតិនោះឡើយ។
៣-កិច្ចសម្របសម្រួលពីសហព័ន្ធ និងដៃគូពាក់ព័ន្ធ៖ សមិទ្ធផលនាពេលនេះ កើតចេញពីការចូលរួមសហការគ្នាយ៉ាងស្អិតរមួត ក្រោមគោលការណ៍អភិវឌ្ឍន៍របស់សហព័ន្ធ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា, NOCC ព្រមទាំងដៃគូសហការនានា គឺជាកាតាលីករមិនអាចខ្វះបាន។ ចំណុចទាំង ៣នេះ ត្រូវតែដើរទន្ទឹមគ្នា ដោយមិនអាចអវត្តមានចំណុចណាមួយបានឡើយ ទើបជំរុញឲ្យ MPL កាន់តែរីកចម្រើនបន្ថែមទៀត។
ទោះបីជាវិស័យកីឡាអេឡិចត្រូនិកកម្ពុជា មានការវិវឌ្ឍន៍ល្អប្រសើរ បើធៀបនឹងបណ្ដាប្រទេសជឿនលឿនមួយចំនួន រួមទាំងតំបន់អឺរ៉ុបក្ដី ក៏សហព័ន្ធនឹងមិនបញ្ឈប់ត្រឹមនេះឡើយ។ សហព័ន្ធមានមហិច្ឆតាពង្រីកការរៀបចំឲ្យកាន់តែធំទូលាយ និងឈានទៅរកការរៀបចំនៅខាងក្រៅបន្ថែមទៀត ដើម្បីផ្ដល់ឱកាសឲ្យមហាជនទាំងក្នុង និងក្រៅប្រទេសអាចចូលរួមទស្សនា និងគាំទ្របានកាន់តែច្រើន។ លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បន្ថែម។
ក្រឡេកទៅចាប់អារម្មណ៍ការប្រកួត MPL Cambodia រដូវកាលទី១១ វិញ គឺមាន ១០ក្រុមចូលរួម ខណៈក្រោយឆ្លងកាត់ការប្រកួតជាច្រើនសប្ដាហ៍ គឺក្រុម Vigor Apex បានគ្រងជើងឯក អមប្រាក់រង្វាន់ ១៦,០០០ដុល្លារ, លេខ២ ក្រុម Team Flash KH បានប្រាក់រង្វាន់ ៨,០០០ដុល្លារ, លេខ៣ ក្រុម TNR E-Sports បានប្រាក់រង្វាន់ ៥ពាន់ដុល្លារ និងក្រុម Team RVZ ជាប់លេខ៤ បានប្រាក់រង្វាន់ ៣,៥០០ដុល្លារ។
រីឯក្រុមជើងឯកឆ្នាំចាស់ Pro-Sports និងក្រុម Valhalla បានត្រឹមលេខ៥ និងលេខ៦ បានប្រាក់រង្វាន់ ២,២៥០ដុល្លារស្មើគ្នា៕










