* តើមានអ្វីនៅពីក្រោយ? Megaspeed បញ្ជាក់ការចាកចេញរបស់ Alice Huang ចំពេល Jensen Huang ព្យាយាមទម្លុះរបាំងក្រុមប្រឹក្សាភិបាល Nvidia!
* ចិនបោះជំហានធំក្នុងការបញ្ចូល AI ទៅក្នុងសាលារៀន សង្ឃឹមបណ្តុះក្មេងជំនាន់ថ្មីឱ្យក្លាយជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា

SK Hynix បញ្ចេញទុនជាង ១ពាន់លានដុល្លារ ជួយក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប ខណៈសង្គ្រាម AI កាន់តែក្តៅគគុក

16-11-2026 16:22

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបកូរ៉េខាងត្បូង SK Hynix គ្រោងចំណាយថវិកាចំនួន ១.៤ទ្រីលានវ៉ុន (ប្រហែល ១.០៥ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីគាំទ្រក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើម គ្រឿងបន្លាស់ និងឧបករណ៍ផលិតបន្ទះឈីបក្នុងស្រុក។ ផែនការនេះមានគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងជួយក្រុមហ៊ុនខ្នាតតូចឱ្យមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង ខណៈតម្រូវការ និងការប្រកួតប្រជែងក្នុងទីផ្សារបន្ទះឈីបសម្រាប់ AI កំពុងកើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជាមួយគ្នានេះ SK Hynix រួមជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងវិនិយោគទឹកប្រាក់សរុប ៨៧៤.៦ពាន់លានវ៉ុន ដើម្បីសាងសង់មជ្ឈមណ្ឌលសាកល្បងបន្ទះឈីបឈ្មោះ Trinity Fab នៅទីក្រុង Yongin ភាគខាងត្បូងទីក្រុងសេអ៊ូល ដែលគ្រោងបើកដំណើរការនៅខែឧសភា ឆ្នាំ២០២៧។ មជ្ឈមណ្ឌលនេះនឹងផ្តល់ឱកាសឱ្យក្រុមហ៊ុនផ្គត់ផ្គង់ខ្នាតតូចសាកល្បងវត្ថុធាតុដើម និងឧបករណ៍ផលិតបន្ទះឈីប ក្នុងលក្ខខណ្ឌស្រដៀងនឹងខ្សែសង្វាក់ផលិតកម្មពិតប្រាកដ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនលើការសាងសង់កន្លែងសាកល្បងផ្ទាល់ខ្លួន។

ក្រៅពីការផ្តល់ទីតាំងសាកល្បង ក្រុមហ៊ុន SK Hynix ក៏នឹងជួយផ្តល់ថវិកាជាមុនរហូតដល់ ៥០% នៃចំណាយដំបូងសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល ព្រមទាំងផ្តល់សំណងដល់ក្រុមហ៊ុនផ្គត់ផ្គង់ចំពោះការងារដែលបានអនុវត្តរួច ទោះបីគម្រោងមិនសម្រេចតាមគោលដៅក៏ដោយ។ លើសពីនេះ ក្រុមហ៊ុននិងស្ថាប័នហិរញ្ញវត្ថុ នឹងផ្តល់ហិរញ្ញប្បទានចំនួន ២ទ្រីលានវ៉ុន ដោយមានការធានាពីសាជីវកម្មធានារ៉ាប់រងពាណិជ្ជកម្មកូរ៉េ រួមទាំងផ្តល់ប្រាក់កម្ចីការប្រាក់ទាប និងការប្រឹក្សាបច្ចេកទេសដល់ក្រុមហ៊ុនផ្គត់ផ្គង់ផងដែរ។

គួរជម្រាបថា ការវិនិយោគនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ SK Hynix ក្នុងការពង្រឹងប្រព័ន្ធផ្គត់ផ្គង់បន្ទះឈីបក្នុងស្រុក និងជួយឱ្យក្រុមហ៊ុនខ្នាតតូចអាចចូលរួមក្នុងឧស្សាហកម្មបច្ចេកវិទ្យាដែលមានការប្រកួតប្រជែងខ្ពស់។ ជាពិសេស ខណៈតម្រូវការបន្ទះឈីបសម្រាប់ AI កំពុងកើនឡើង ការធានាឱ្យមានអ្នកផ្គត់ផ្គង់ដែលមានសមត្ថភាព និងបច្ចេកវិទ្យាគ្រប់គ្រាន់ ក្លាយជាកត្តាសំខាន់សម្រាប់រក្សាភាពប្រកួតប្រជែងរបស់កូរ៉េខាងត្បូងក្នុងទីផ្សារបន្ទះឈីបពិភពលោក៕