* Robert Pattinson ត្រូវបានជ្រើសរើសឱ្យគ្រងតំណែងជាភ្នាក់ងារសម្ងាត់ 007 ក្នុងរឿង James Bond ជំនាន់ថ្មី
* តើមានអ្វីនៅពីក្រោយ? Megaspeed បញ្ជាក់ការចាកចេញរបស់ Alice Huang ចំពេល Jensen Huang ព្យាយាមទម្លុះរបាំងក្រុមប្រឹក្សាភិបាល Nvidia!
* ចិនបោះជំហានធំក្នុងការបញ្ចូល AI ទៅក្នុងសាលារៀន សង្ឃឹមបណ្តុះក្មេងជំនាន់ថ្មីឱ្យក្លាយជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា

សហគ្រិនខ្មែរ, Canadia Impact Fund, La French Tech Phnom Penh, Krya Global និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា

17-11-2026 07:43

(ភ្នំពេញ)៖ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការពង្រឹងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កំពុងបង្កើនកិច្ចសហការយុទ្ធសាស្ត្រជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកឱកាសសម្រាប់សហគ្រិន និងធុរកិច្ចថ្មី។

ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែល មានទំនាក់ទំនងកាន់តែទូលំទូលាយ សម្បូរដោយនវានុវត្តន៍ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិនិយោគ។ តាមរយៈ កិច្ចសហការជាមួយ Canadia Impact Fund Co. (CIFC), La French Tech Phnom Penh (FTPP), Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (ATC) សហគ្រិនខ្មែរ មានគោលបំណងពង្រឹងលទ្ធភាពទទួលបានការវិនិយោគ និងហិរញ្ញប្បទាន, ឱកាសពង្រីកទីផ្សារ និងបណ្តាញជាតិនិងអន្តរជាតិ, សកម្មភាពនវានុវត្តន៍, កម្មវិធីបណ្តុះបណ្តាល និងពន្លឿនការរីកលូតលាស់របស់ធុរកិច្ចថ្មី, ព្រមទាំងការអភិវឌ្ឍសមត្ថភាពគ្រូណែនាំក្នុងវិស័យសហគ្រិនភាព។

កិច្ចសហប្រតិបត្តិការ ផ្ដោតលើ ការសម្របសម្រួលការបញ្ជូនធុរកិច្ចថ្មីទៅកាន់វិនិយោគិន និងស្ថាប័នផ្ដល់ទុនវិនិយោគ, ការជំរុញការផ្លាស់ប្តូរបទពិសោធន៍រវាងធុរកិច្ចថ្មីកម្ពុជា និងបារាំង, ការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងការផ្គូផ្គង ធុរកិច្ច, ការគាំទ្រគំនិតផ្តួចផ្តើមនវានុវត្តន៍ ដូចជា កម្មវិធី Startup Innovation Weekends និងពានរង្វាន់នវានុវត្តន៍, ការស្វែងរកឱកាសសម្រាប់ការអនុវត្តកម្មវិធីបណ្តុះបណ្តាល និងពន្លឿនធុរកិច្ចថ្មីកម្ពុជាលក្ខណៈអន្តរជាតិ, ព្រមទាំង ការជំរុញការអភិវឌ្ឍគ្រូណែនាំដែលមានគុណវឌ្ឍិខ្ពស់ តាមរយៈការបណ្តុះបណ្តាល ការអនុវត្តក្រោមការត្រួតពិនិត្យ និងការធានាគុណភាពកម្មវិធី។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណង តភ្ជាប់សហគ្រិនកម្ពុជាទៅកាន់អ្នកជំនាញ អន្តរជាតិ ឱកាសទីផ្សារ បណ្តាញវិនិយោគ និងការគាំទ្រពីគ្រូណែនាំឱ្យកាន់តែរឹងមាំ។

យើងអបអរសាទរចំពោះធុរកិច្ចថ្មីទាំង បី ដែលទទួលបានការវិនិយោគក្នុងអំឡុងពេលកម្មវិធីនេះ។ ការវិនិយោគទាំងនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ធុរកិច្ចថ្មីដែលត្រូវបានជ្រើសរើស និងឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរបស់ វិនិយោគិនចំពោះសក្តានុពលសហគ្រិនភាពនៅកម្ពុជា។ ការវិនិយោគនេះ ក៏បង្ហាញពីសារៈសំខាន់នៃការតភ្ជាប់ធុរកិច្ច ដែលមានសក្តានុពលទៅកាន់ឱកាសវិនិយោគ ដើម្បីគាំទ្រដល់ការរីកចម្រើន នវានុវត្តន៍ និងការពង្រីកអាជីវកម្មរបស់ ពួកគេផងដែរ៕

សូមជម្រាបថា សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងជាបរធនបាលកិច្ចរាជរដ្ឋាភិបាល ដើម្បីអនុវត្តកម្មវិធី គាំទ្រសហគ្រិនភាព និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ សហគ្រិនខ្មែរ មានគោលដៅក្លាយជាថ្នាលជាតិសម្រាប់ ការលើកកម្ពស់គ្រប់សកម្មភាពសហគ្រិនភាព តាមរយៈការ កសាងប្រព័ន្ធអេកូឡូស៊ី ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ និងការជំរុញ ការវិនិយោគក្នុងវិស័យអាទិភាព៕