ថ្ងៃស្អែក យាន Voyager 1 បង្កើតប្រវត្តិសាស្ត្រធ្វើដំណើរដល់ចម្ងាយ «១ ថ្ងៃពន្លឺ» ពីផែនដី ខណៈយប់នេះ NASA រៀបចំយុទ្ធនាការបញ្ចាំងពន្លឺទូទាំងពិភពលោក!
17-11-2026 09:44
(វ៉ាស៊ីនតោន)៖ នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្ងៃស្អែកនេះ យានអវកាស Voyager 1 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងក្លាយជាវត្ថុបង្កើតឡើងដោយមនុស្សដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលធ្វើដំណើរទៅដល់ចម្ងាយ «១ ថ្ងៃពន្លឺ (One Light-Day)» ពីភពផែនដី បន្ទាប់ពីចំណាយពេលហោះហើរក្នុងលំហអាកាសអស់រយៈពេលជាង ៤៩ ឆ្នាំ។
តាមការគណនារបស់ NASA យាន Voyager 1 នឹងឆ្លងកាត់ចំណុច «១ ថ្ងៃពន្លឺ» នៅថ្ងៃស្អែក វេលាម៉ោង ១០:១៦:០៧ នាទីព្រឹក ម៉ោងសកល ដែលត្រូវនឹងម៉ោង ៥:១៦:០៧ នាទីល្ងាច នៅប្រទេសកម្ពុជា។ គិតចាប់តាំងពីថ្ងៃបាញ់បង្ហោះកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧៧ មក យាន Voyager 1 បានចំណាយពេលធ្វើដំណើរសរុប ៤៩ ឆ្នាំ ២ ខែ និង ១១ ថ្ងៃ ទើបអាចសម្រេចបានសមិទ្ធផលមិនធ្លាប់មាននេះ នៅក្នុងតំបន់លំហអន្តរតារា (Interstellar Space) ខាងក្រៅប្រព័ន្ធព្រះអាទិត្យ។
មុននឹងយានទៅដល់គោលដៅនៅថ្ងៃស្អែក នៅយប់ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ (បន្ទាប់ពីថ្ងៃលិច) NASA បានរៀបចំយុទ្ធនាការសកលមួយឈ្មោះថា «Shine Bright for Voyager's Light-Day» ដើម្បីអបអរសាទរទុកជាមុន។ NASA អញ្ជើញប្រជាជនជុំវិញពិភពលោកឱ្យប្រើពិល ឬភ្លើងស្មាតហ្វូន បញ្ចាំងតម្រង់ទៅលើមេឃពេលយប់ ដើម្បីបង្កើតជា «រលកពន្លឺពណ៌មាស» ជុំវិញភពផែនដី។ អ្នកចូលរួមអាចបញ្ចេញពន្លឺភ្លឹបភ្លែតជាកូដ Morse នៃអក្សរ «V - G - R» (ដែលជាសញ្ញាសម្គាល់របស់យាន Voyager) ដោយចុច៖ V (• • • —), G (— — •) និង R (• — •) ឬប្រើប្រាស់កម្មវិធីបញ្ចេញពន្លឺស្វ័យប្រវត្តិនៅលើគេហទំព័រផ្លូវការរបស់ NASA។
«១ ថ្ងៃពន្លឺ» (One Light-Day) គឺជា ខ្នាតរង្វាស់ចម្ងាយ (មិនមែនជាខ្នាតពេលវេលាទេ) ដែលតារាវិទូប្រើសម្រាប់វាស់រយៈចម្ងាយដ៏សែនឆ្ងាយនៅក្នុងលំហអាកាស ដោយគិតពី ចម្ងាយសរុបដែលពន្លឺធ្វើដំណើរបានក្នុងរយៈពេល ២៤ ម៉ោង (១ ថ្ងៃពេញ)។ ពន្លឺគឺជាអ្វីដែលធ្វើដំណើរលឿនបំផុតក្នុងចក្រវាល ដោយមានល្បឿនជិត ៣០០,០០០ គីឡូម៉ែត្រក្នុងមួយវិនាទី (ឬប្រហែល ១.០៨ ពាន់លានគីឡូម៉ែត្រក្នុងមួយម៉ោង)។ នៅពេលគុណល្បឿនពន្លឺជាមួយនឹងរយៈពេល ២៤ ម៉ោង (៨៦,៤០០ វិនាទី) នោះ ១ ថ្ងៃពន្លឺ ស្មើនឹងចម្ងាយប្រហែល ២៥.៩ ពាន់លានគីឡូម៉ែត្រ (តួលេខជាក់លាក់គឺ ២៥,៩០២,០៦៨,៣៧១ គីឡូម៉ែត្រ ឬប្រហែល ១៦.១ ពាន់លានម៉ាយ)៕






