ក្រុមហ៊ុន Papa John’s ឈានដល់ប្រើប្រាស់ AI ដើម្បីត្រួតពិនិត្យគុណភាពភីហ្សា តាមរយៈរូបថតអតិថិជន
17-11-2026 10:08
(បរទេស)៖ ក្រុមហ៊ុនភីហ្សាដ៏ល្បីល្បាញរបស់អាមេរិក Papa John’s កំពុងបោះជំហានទៅមុខ ក្នុងការធានាគុណភាពផលិតផលរបស់ខ្លួន ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពី Google Cloud ដើម្បីត្រួតពិនិត្យភីហ្សា មុនពេលអតិថិជនទទួលទាន។ យុទ្ធនាការនេះអនុញ្ញាតឱ្យអតិថិជនផ្ញើរូបថតភីហ្សា ដែលពួកគេបានទទួល រួមជាមួយមតិកែលម្អ ដើម្បីទទួលបានភីហ្សាឥតគិតថ្លៃជាថ្នូរ។
កម្មវិធីនេះ ត្រូវបានរចនាឡើងដើម្បីពង្រឹងការត្រួតពិនិត្យគុណភាព ដោយធានាថាភីហ្សានីមួយៗត្រូវបានដុតឆ្អិនល្អ កាត់បានត្រឹមត្រូវ និងមានរូបរាងតាមស្តង់ដាររបស់ក្រុមហ៊ុន។ លោក Todd Penegor នាយកប្រតិបត្តិក្រុមហ៊ុន Papa John’s បានបញ្ជាក់ថា គោលបំណងសំខាន់ គឺដើម្បីដោះស្រាយបញ្ហាគុណភាពមិនស្មើគ្នា ដែលលោកចាត់ទុកថាជា «ចំណុចខ្សោយដ៏ធំបំផុត» របស់ម៉ាកយីហោនេះនៅតាមបណ្តាហាងសិទ្ធិផ្តាច់មុខទូទាំងពិភពលោក។ បច្ចេកវិទ្យា AI នេះនឹងពិនិត្យមើលលក្ខណៈសំខាន់ៗដូចជា ឈីសមិនខ្លោច សាច់ក្រកត្រូវបានហាន់ស្អាត និងគែមនំមានរូបរាងស្រស់ស្អាត។ ដោយសារតែកាមេរ៉ាត្រួតពិនិត្យគុណភាព AI ក្នុងហាងមានបំពាក់ត្រឹមតែប៉ុន្មានរយកន្លែងប៉ុណ្ណោះ ក្នុងចំណោមសាខាសរុបប្រមាណ ៦,០០០ កន្លែង រូបភាពដែលផ្ញើដោយអតិថិជននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តការត្រួតពិនិត្យគុណភាពបានកាន់តែទូលំទូលាយ និងចំណាយតិច។
គួរជម្រាបថា យុទ្ធនាការនេះបានចាប់ផ្តើមកាលពីថ្ងៃទី៩ ខែវិច្ឆិកា និងនឹងបន្តរហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានរូបថតរាប់ពាន់សន្លឹកក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូង។ ការវិនិយោគលើបច្ចេកវិទ្យា AI នេះ ត្រូវបានរំពឹងថា នឹងជួយក្រុមហ៊ុនធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព ដើម្បីកែលម្អគុណភាព និងជំរុញការលក់ឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះកាលពីពេលថ្មីៗនេះ៕











