AI ក្លាយជាអាវុធថ្មី! ហេកឃ័ររុស្ស៊ីវាយប្រហារតាមអ៊ីនធឺណិតដោយមិនបាច់មានមនុស្សបញ្ជា
17-11-2026 10:45
(បរទេស)៖ ក្រុមហេកឃ័រដែលនិយាយភាសារុស្ស៊ី បានប្រើប្រាស់ភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI Agent) ដើម្បីអនុវត្តការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដោយស្វ័យប្រវត្តិទាំងស្រុង ដោយមិនចាំបាច់មានមនុស្សចូលរួម។ ករណីនេះអាចជាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដោយ AI ដែលកើតឡើងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Google និងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ផ្នែកស៊ើបការណ៍សម្ងាត់ស្តីពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតរបស់ Google បានឱ្យដឹងថា ខ្លួនបានរកឃើញក្រុមហេកឃ័រប្រើប្រាស់ AI ដើម្បីស្វែងរកចំណុចខ្សោយក្នុងកម្មវិធី និងបង្កើតវិធីសាស្ត្រវាយប្រហារដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់មានមនុស្សណែនាំឡើយ។ ក្រុមហេកឃ័របានកំណត់គោលដៅលើគេហទំព័រនៅប្រទេសបារាំង ក្នុងវិស័យសារព័ត៌មាន កម្សាន្ត និងអប់រំ។
Google បានបញ្ជាក់ថា «ជាលើកដំបូង ភ្នាក់ងារ AI អាចស្វែងរកចំណុចខ្សោយ និងទាញយកប្រយោជន៍ពីចំណុចខ្សោយទាំងនោះដោយស្វ័យប្រវត្តិទាំងស្រុង ដោយមិនចាំបាច់មានមនុស្សចូលរួម»។ ការវិវត្តនេះអាចជាចំណុចរបត់ដ៏សំខាន់ក្នុងការប្រើប្រាស់ AI សម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត ខណៈកន្លងមក ម៉ូដែល AI ទំនើបៗនៅតែត្រូវការហេកឃ័រជំនាញជួយណែនាំ និងកែតម្រូវកំហុស។ ប៉ុន្តែសមត្ថភាពថ្មីនេះអាចជួយឱ្យការវាយប្រហារកាន់តែលឿន និងមានគោលដៅច្បាស់លាស់ជាងមុន។
គួរជម្រាបថា ការរកឃើញនេះកំពុងបង្កើនការព្រួយបារម្ភដល់រដ្ឋាភិបាល និងអ្នកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសក្រោយករណីភ្នាក់ងារ AI របស់ OpenAI វាយប្រហារលើវេទិកា Hugging Face កាលពីរដូវក្តៅកន្លងទៅ។ ទោះយ៉ាងណា ករណីនោះមិនត្រូវបានបង្ហាញថាមានគោលបំណងវាយប្រហារជាក់លាក់ដោយចេតនាអាក្រក់នោះទេ។ ក្តីបារម្ភក៏កាន់តែខ្លាំងឡើង បន្ទាប់ពីមានការរកឃើញចំណុចខ្សោយធំៗក្នុងភាសាសរសេរកម្មវិធី PHP ដែលត្រូវបានប្រើប្រាស់នៅលើគេហទំព័រប្រមាណ ៧០% ទូទាំងពិភពលោក ព្រមទាំងករណីវាយប្រហារតាមអ៊ីនធឺណិតលើប្រព័ន្ធទូរទឹកកកនៅផ្សារទំនើបមួយចំនួនក្នុងតំបន់អឺរ៉ុប ដែលត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់៕












