* Robert Pattinson ត្រូវបានជ្រើសរើសឱ្យគ្រងតំណែងជាភ្នាក់ងារសម្ងាត់ 007 ក្នុងរឿង James Bond ជំនាន់ថ្មី
* តើមានអ្វីនៅពីក្រោយ? Megaspeed បញ្ជាក់ការចាកចេញរបស់ Alice Huang ចំពេល Jensen Huang ព្យាយាមទម្លុះរបាំងក្រុមប្រឹក្សាភិបាល Nvidia!
* ចិនបោះជំហានធំក្នុងការបញ្ចូល AI ទៅក្នុងសាលារៀន សង្ឃឹមបណ្តុះក្មេងជំនាន់ថ្មីឱ្យក្លាយជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា

ធនាគារ «KB Kookmin Bank» ផ្តល់អាហារូបករណ៍ដល់កុមារកម្ពុជា ដែលបានទទួលការវះកាត់បេះដូង

17-11-2026 10:50

(ភ្នំពេញ)៖ ធនាគារ KB Kookmin Bank ដែលជាក្រុមហ៊ុនមេ និងជាភាគទុនិកតែមួយគត់របស់ធនាគារ ខេប៊ីប្រាសាក់ ម.ក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រកុមារកម្ពុជា តាមរយៈការរៀបចំ ពិធីប្រគល់អាហារូបករណ៍ KB Kookmin Bank ឆ្នាំ២០២៦ សម្រាប់កុមារដែលមានជំងឺបេះដូង នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន ក្នុងរាជធានីភ្នំពេញ។

* ជួយកុមារចំនួន ២៥នាក់ ដែលបានជាសះស្បើយក្រោយការវះកាត់បេះដូង៖

តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ KB Kookmin Bank បានផ្តល់អាហារូបករណ៍ដល់កុមារកម្ពុជាចំនួន ២៥នាក់ ដែលបានទទួលការវះកាត់បេះដូង ដើម្បីផ្តល់កម្លាំងចិត្ត និងគាំទ្រដល់ការសិក្សារបស់ពួកគេ ខណៈដែលពួកគេកំពុងបន្តការស្តារសុខភាព បន្តការសិក្សា និងខិតខំកសាងអនាគតដ៏ភ្លឺស្វាង។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក KIM Hyun-rae អនុប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ជាតំណាងធនាគារ KB Kookmin Bank និងក្រុមហ៊ុន KB Financial Group ក្នុងការប្រគល់អាហារូបករណ៍ជូនដល់កុមារ ព្រមទាំងលោក Park Cheol-soon ប្រធាននាយកប្រតិបត្តិការនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន។ កម្មវិធីនេះក៏មានការចូលរួម ពីតំណាងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន ក្រុមគ្រូពេទ្យ ក្រុមគ្រួសាររបស់កុមារ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដើម្បីអបអរសាទរចំពោះភាពក្លាហាន ការជាសះស្បើយ និងជំរុញក្តីប្រាថ្នានាពេលអនាគតរបស់កុមារ។

* ជាងមួយទសវត្សរ៍នៃការគាំទ្រផ្នែកវេជ្ជសាស្ត្រ ដើម្បីសង្គ្រោះជីវិត៖

ចាប់តាំងពីឆ្នាំ២០១២ មក ធនាគារ KB Kookmin Bank បានបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រកុមារកម្ពុជា ដែលមានជំងឺបេះដូង តាមរយៈកម្មវិធីគាំទ្រការវះកាត់បេះដូងកុមារកម្ពុជា ដែលអនុវត្តឡើងដោយសហការ ជាមួយសេវាត្រួតពិនិត្យហិរញ្ញវត្ថុនៃប្រទេសកូរ៉េ (Financial Supervisory Service -FSS) និងកងទ័ពសង្គ្រោះកូរ៉េ (The Salvation Army)។ កម្មវិធីនេះបានផ្តល់ការគាំទ្រដល់ការវះកាត់បេះដូង សង្គ្រោះជីវិតដល់កុមារកម្ពុជារាប់រយនាក់ ដែលអនុញ្ញាតឱ្យពួកគេទទួលបានការព្យាបាលវេជ្ជសាស្ត្រចាំបាច់ និងមានឱកាសរស់នៅប្រកបដោយសុខភាពល្អប្រសើរជាងមុន។

នៅឆ្នាំ២០១៤ ធនាគារ KB Kookmin Bank បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀត តាមរយៈការបង្កើត មជ្ឈមណ្ឌលវេជ្ជសាស្ត្របេះដូង KB Kookmin Bank Hebron នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកលទ្ធភាពទទួលបាន សេវាព្យាបាលឯកទេសសម្រាប់កុមារដែលមានជំងឺបេះដូង។ បន្ថែមពីលើការគាំទ្រការព្យាបាលតាមរយៈការវះកាត់ គំនិតផ្តួចផ្តើមផ្តល់អាហារូបករណ៍នេះ ក៏ឆ្លុះបញ្ចាំងពីជំនឿរបស់ធនាគារថា កុមារគ្រប់រូបសុទ្ធតែសមនឹងទទួលបានឱកាសបន្តការសិក្សា អភិវឌ្ឍសក្តានុពល និងសម្រេចក្តីស្រមៃរបស់ខ្លួន ទោះបីជាពួកគេធ្លាប់ប្រឈមនឹងបញ្ហាសុខភាពបែបណាក៏ដោយ។

តំណាងធនាគារ KB Kookmin Bank បានគូសបញ្ជាក់ថា ធនាគារនៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើតផលវិជ្ជមានដល់សង្គម តាមរយៈគំនិតផ្តួចផ្តើមដែលមានអត្ថន័យ និងចីរភាព ជាពិសេសគំនិតផ្តួចផ្តើម ដែលជួយលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការអប់រំសម្រាប់កុមារ។ ធនាគារជឿជាក់ថា ការវិនិយោគលើសុខភាព និងការអប់រំរបស់កុមារ គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការកសាងអនាគតដែលមានសុខភាពល្អ និងកាន់តែមានក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ។ ការប្តេជ្ញាចិត្តកាន់តែទូលំទូលាយក្នុងការគាំទ្រសហគមន៍កម្ពុជា ក្រៅពីគំនិតផ្តួចផ្តើមផ្តល់អាហារូបករណ៍នេះ ធនាគារ KB Kookmin Bank និងធនាគារ ខេប៊ីប្រាសាក់ បានបង្ហាញជាបន្តបន្ទាប់នូវការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍កម្ពុជា តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើន ដោយផ្តោតជាពិសេសលើការថែទាំសុខភាពកុមារ ការអប់រំ និងការអភិវឌ្ឍសហគមន៍។

ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមគាំទ្រកុមារកម្ពុជាយ៉ាងសកម្ម តាមរយៈគំនិតផ្តួចផ្តើមជាច្រើនក្នុងវិស័យអប់រំ និងសុខាភិបាល រួមមានការសាងសង់បណ្ណាល័យ និងអគារសាលារៀន ដើម្បីលើកកម្ពស់ការអាន និងការសិក្សា ការឧបត្ថម្ភគាំទ្រការវះកាត់មាត់ឆែបសម្រាប់កុមារ តាមរយៈអង្គការ Smile Cambodia ព្រមទាំងការរួមចំណែកជួយដល់មូលនិធិគន្ធបុប្ផា ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាព ប្រកបដោយគុណភាពសម្រាប់កុមារ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទាំងនេះ ធនាគារ KB Kookmin Bank និងធនាគារ ខេប៊ីប្រាសាក់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរួមចំណែកដល់សង្គមកម្ពុជា លើសពីការផ្តល់សេវាធនាគារ។ ដោយមានស្មារតីទទួលខុសត្រូវចំពោះសង្គមយ៉ាងមុតមាំ ធនាគារទាំងពីរនឹងបន្តគាំទ្រគំនិតផ្តួចផ្តើមនានា ដែលលើកកម្ពស់សុខភាព ការអប់រំ និងសុខុមាលភាពរបស់កុមារ ដើម្បីជួយពួកគេឱ្យជម្នះរាល់ឧបសគ្គ សម្រេចបាននូវសក្តានុពលរបស់ខ្លួន និងកសាងអនាគតដ៏ភ្លឺស្វាង៕