គ្រូបង្វឹកអាល្លឺម៉ង់ រិះគន់លោក Infantino ដឹកនាំ FIFA អាក្រក់ជាងលោក Blatter ទៅទៀត
17-11-2026 11:18
(បរទេស)៖ លោក Jurgen Klopp ដែលទើបចូលដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់កាលពីខែកក្កដា ឆ្នាំ២០២៦ បានធ្វើការប្រៀបធៀបលោក Gianni Infantino ដែលបានកំពុងដឹកនាំសហព័ន្ធ FIFA បច្ចុប្បន្ននេះ មានភាពអាក្រក់ជាងប្រធានចាស់ លោក Sepp Blatter ទៅទៀត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។
អតីតគ្រូបង្វឹបក្លិបហង្សក្រហម Liverpool រូបនេះបានគូសបញ្ជាក់ថា «ខ្ញុំមិនគិតថា គ្រប់យ៉ាងវាអាក្រក់ជាង ក្រោយពីការដឹកនាំរបស់លោក Blatter ឡើយ ក៏ប៉ុន្តែរឿងនេះវាបានកើតឡើងទៅហើយ»។
នៅចាំបានថា បុរសសញ្ជាតិស្វីសដូចគ្នា Blatter បានលាលែងពីតំណែងប្រធាន FIFA កាលឆ្នាំ២០១៥ នៅចំពោះមុខរឿងអាស្រូវពុករលួយ មុនពេលលោក Infantino បានឡើងកាន់តំណែងជំនួសពីការបោះឆ្នោតជាប់កាលខែកុម្ភៈ ឆ្នាំ២០១៦ ដល់បច្ចុប្បន្ននេះ។
ថ្មីៗនេះដែរបុរសវ័យ ៥៦ឆ្នាំ Infantino ក៏មានគម្រោងបន្តឈរឈ្មោះបោះឆ្នោតដែលនឹងធ្វើឡើងនាខែមីនា ឆ្នាំ២០២៧ ទោះស្ថិតក្រោមសម្ពាធខ្លាំងគិតចាប់តាំងពីគម្រោងការលក់ភាគហ៊ុន World Cup ត្រូវបានបរាជ័យក៏ដោយ។
ទាក់ទិននឹងបញ្ហានេះ លោក Klopp បានថ្លែងថា «ខ្ញុំបានតាមដានបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានមើលឃើញថា មានមនុស្សជាច្រើនណាស់ដែលអាចដឹកនាំ FIFA បានល្អជាងខ្ញុំ ដ្បិតបច្ចុប្បន្នគ្រប់គ្នាចង់ឱ្យមានការផ្លាស់ប្តូរ។ ដំបូងឡើយ ខ្ញុំបានគិតថា វានឹងមានភាពប្រសើរឡើង បន្ទាប់ពីលោក Blatter។ មានឯណា អាក្រក់ជាងទៅទៀត»។
ទោះជាយ៉ាងណា គិតមកទល់ពេលនេះមានប្រធានសហព័ន្ធបាល់ទាត់ជប៉ុន លោក Kozo Tashima និងលោក Ramon Vega អតីតខ្សែការពារក្លិប Tottenham Hotspurs បានប្រកាសពីការឈរឈ្មោះបោះឆ្នោត ដើម្បីប្រជែងតំណែងប្រធាន FIFA នឹងលោក Infantino គ្រាដែលលោក Arsene Wenger ប្រធានអភិវឌ្ឍន៍បាល់ទាត់ទូទាំងសកលលោករបស់ FIFA ក៏ក៏ពុងពិចារណាឈរឈ្មោះដែរ ក្នុងនាមគ្រូបង្វឹកជោគជ័យមួយរូបរបស់ក្លិបកាំភ្លើងធំ Arsenal៕



