* ចំណេះដឹងទូទៅ៖ នំប្ល៊ីនី ក្នុងពិធីបុណ្យម៉ាស្លេនីតសា ជាជំនឿបុរាណ ដែលរុស្ស៊ីនៅតែរក្សា
* ក្រុមហ៊ុន Nvidia បដិសេធការវិលត្រឡប់របស់លោក Jensen Huang ចំពេលមានការស៊ើបអង្កេតពីនិយ័តករ

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក ត្រាំ ប្រឈមសងបំណុល ១ពាន់លានដុល្លារ ខណៈភាគហ៊ុនធ្លាក់ជិតកម្រិតទាបបំផុត

17-11-2026 13:02

(បរទេស)៖ ក្រុមហ៊ុន Trump Media & Technology Group ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Truth Social កំពុងប្រឈមនឹងការទាមទារសងបំណុលរហូតដល់ ១ពាន់លានដុល្លារពីម្ចាស់បំណុល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ស្ថានភាពនេះកំពុងដាក់សម្ពាធបន្ថែមលើក្រុមហ៊ុន ខណៈតម្លៃភាគហ៊ុនរបស់ខ្លួនកំពុងធ្លាក់ចុះជិតកម្រិតទាបបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

បំណុលដែលអាចប្តូរទៅជាភាគហ៊ុននេះ ត្រូវបានក្រុមហ៊ុនចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០២៥ និងមានកាលកំណត់សងនៅឆ្នាំ២០២៨ ប៉ុន្តែម្ចាស់បំណុលមានសិទ្ធិទាមទារសងជាសាច់ប្រាក់មុនកាលកំណត់នៅចុងខែនេះ។ ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៩.៥% មកនៅត្រឹម ៤.២០ ដុល្លារក្នុងមួយហ៊ុន ដែលជិតដល់កម្រិតទាបបំផុត ៣.៨០ ដុល្លារ ខណៈតម្លៃភាគហ៊ុនបានបាត់បង់ជាងពីរភាគបីនៃតម្លៃរបស់ខ្លួនចាប់តាំងពីដើមឆ្នាំនេះ។

បញ្ហាប្រឈមមួយទៀត គឺទ្រព្យសកម្មប្រមាណ ៥៥% របស់ក្រុមហ៊ុន ឬស្មើនឹង ១.៣៦ ពាន់លានដុល្លារ ក្នុងចំណោមទ្រព្យសកម្មសរុប ២.៤៧ ពាន់លានដុល្លារ គឺជារូបិយប័ណ្ណឌីជីថល Bitcoin និង Cronos។ ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណទាំងនេះអាចធ្វើឱ្យក្រុមហ៊ុនជួបការលំបាកក្នុងការប្រមូលសាច់ប្រាក់សម្រាប់សងបំណុល។ តម្លៃ Bitcoin បានធ្លាក់ចុះជិត ៥០% ពីកម្រិតកំពូលកាលពីខែតុលា ខណៈ Cronos បានធ្លាក់ចុះ ៥២.៤% ក្នុងឆ្នាំនេះ។

គួរជម្រាបថា ក្នុងរបាយការណ៍ប្រចាំត្រីមាសចុងក្រោយ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនអាចប្រើប្រាស់សាច់ប្រាក់ ការលក់ទ្រព្យសកម្ម ប្រាក់ចំណូល ឬការបោះផ្សាយភាគហ៊ុននិងបំណុលថ្មី ដើម្បីសងម្ចាស់បំណុល។ ក្រុមហ៊ុនក៏បានលើកឡើងថា ការសងបំណុលជាភាគហ៊ុនមិនមែនជាជម្រើសសមស្របនោះទេ ដោយសារតម្លៃភាគហ៊ុនបច្ចុប្បន្នទាបជាងតម្លៃដែលបានកំណត់សម្រាប់ការប្តូរបំណុលទៅជាភាគហ៊ុនយ៉ាងខ្លាំង៕