ត្រឹម ៩ខែ ក្នុងឆ្នាំ២០២៦, ធនាគារ «ខេប៊ីប្រាសាក់» សម្រេចបានប្រាក់ចំណេញសុទ្ធ ១១៤.៩៤ លានដុល្លារ លើសប្រាក់ចំណេញសុទ្ធពេញមួយឆ្នាំ២០២៥
17-11-2026 15:00
(ភ្នំពេញ)៖ ប្រាក់ចំណេញសុទ្ធរយៈពេល ៩ខែ សម្រេចបានចំនួន ១១៤.៩៤ លានដុល្លារអាមេរិក ដែលគាំទ្រដោយការគ្រប់គ្រងហានិភ័យប្រកបដោយវិន័យ និងក្រុមហ៊ុនមេនៅប្រទេសកូរ៉េ ដែលមានចំណាត់ថ្នាក់ខ្ពស់ ខណៈដែលធនាគារកំពុងពង្រីកភាពជាដៃគូ និងសេវាកម្មអាជីវកម្ម។ ធនាគារ ខេប៊ីប្រាសាក់ ម.ក. សម្រេចបានប្រាក់ចំណេញសុទ្ធក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ លើសពីប្រាក់ចំណេញសុទ្ធសរុបពេញមួយឆ្នាំ ២០២៥ ដោយទទួលបានប្រាក់ចំណេញចំនួន ១១៤.៩៤ លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែកញ្ញា។ លទ្ធផលនេះមានកំណើនប្រមាណ ៧.៤% ធៀបនឹងប្រាក់ចំណេញចំនួន ១០៧ លានដុល្លារអាមេរិក ដែលសម្រេចបានពេញមួយឆ្នាំកន្លងទៅ ដែលបង្ហាញពីភាពរឹងមាំនៃសមត្ថភាពរកប្រាក់ចំណេញរបស់ធនាគារ ខណៈដែលនៅសល់រយៈពេល ៣ខែទៀតមុនបញ្ចប់ឆ្នាំហិរញ្ញវត្ថុ។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ទ្រព្យសកម្មសរុបរបស់ធនាគារមានចំនួន ៥.៧៧ ប៊ីលានដុល្លារអាមេរិក និងមូលធនសរុបមានចំនួន ១.៣៧ ប៊ីលានដុល្លារអាមេរិក ដោយមូលធនមានកំណើនលើសពី ៩%។ ធនាគារមានសម្ពៀតឥណទានសរុបចំនួន ៥.៣២ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនដែលកំពុងខ្ចីប្រាក់ជាង ៥៧០,០០០នាក់។ ផលលើមូលធន (RoE) សម្រេចបាន ១១.៦៧% និងផលលើទ្រព្យសកម្ម (ROA) សម្រេចបាន ២.៦៧% ។
* ការគាំទ្រដ៏រឹងមាំពីភាគទុនិកពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុ!
ធនាគារខេប៊ីប្រាសាក់ មានភាគទុនិកគឺ KB Kookmin Bank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសកូរ៉េ។ ដោយគិតតួលេខរួមបញ្ចូលគ្នា KB Kookmin Bank មានទ្រព្យសកម្មសរុបប្រមាណ ៤០៦.៥ ប៊ីលានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ២០២៥ និងសម្រេចបានប្រាក់ចំណេញសុទ្ធប្រមាណ ២.៦៦ ប៊ីលានដុល្លារអាមេរិកសម្រាប់ឆ្នាំដដែល។ សមត្ថភាពប្រតិបត្តិការដ៏រឹងមាំរបស់ធនាគារមេនេះបានបន្តក្នុងឆ្នាំ២០២៦ ដោយសម្រេចបានប្រាក់ចំណេញសុទ្ធប្រមាណ ២.៦០ ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល ៩ខែដំបូងដែលបង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់របស់ធនាគារខេប៊ីគូកមីន។ KB Kookmin Bank មានចំណាត់ថ្នាក់ឥណទាន រយៈពេលវែងអន្តរជាតិ Aa3 ពី Moody’s, A+ ពី S&P និង A ពី Fitch ដែលចំណាត់ថ្នាក់ទាំងអស់នេះសុទ្ធតែមានទស្សនវិស័យ ប្រកបដោយស្ថិរភាព (Stable Outlook)។
ទាំងនេះសរបញ្ជាក់ពីភាពរឹងមាំ ផ្នែកហិរញ្ញវត្ថុរបស់ភាគទុនិកដែលគាំទ្រដល់ធនាគារខេប៊ីប្រាសាក់។ សមត្ថភាពហិរញ្ញវត្ថុ និងបណ្តាញអន្តរជាតិរបស់ធនាគារមេ ផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងសន្ទនីយភាពប្រកបដោយ ការប្រុងប្រយ័ត្ននៅធនាគារខេប៊ីប្រាសាក់។ រួមផ្សំជាមួយនឹងដើមទុនចុះបញ្ជីរបស់ធនាគារខេប៊ីប្រាសាក់ចំនួន ៦០០លានដុល្លារអាមេរិក ការគាំទ្រទាំងនេះជួយជំរុញដល់ប្រតិបត្តិការ ប្រកបដោយស្ថិរភាព និងការបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា។
* ពង្រីកភាពជាដៃគូ និងបង្កើនភាពងាយស្រួលជូនអតិថិជន!
ធនាគារខេប៊ីប្រាសាក់ កំពុងពង្រីកភាពជាដៃគូ ដើម្បីនាំយកសេវាធនាគារឱ្យខិតជិតដល់អាជីវករ និងអ្នកប្រើប្រាស់។ ភាពជាដៃគូយុទ្ធសាស្ត្រដែលទើបចុះហត្ថលេខា ជាមួយក្រុមហ៊ុន Smart Axiata មានគោលបំណងជំរុញការទូទាត់ឌីជីថល សេវាកម្មហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងការតភ្ជាប់ឌីជីថល។ ជាមួយគ្នានេះ កិច្ចសហការជាមួយក្រុមហ៊ុន AIA Cambodia បានរួមបញ្ចូលសេវាធនាគារ ជាមួយដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាព ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទទួលបានការការពារផ្នែកហិរញ្ញវត្ថុ និងការទូទាត់បុព្វលាភធានារ៉ាប់រង។
ធនាគារខេប៊ីប្រាសាក់ កំពុងសហការយ៉ាងសកម្មជាមួយម៉ាកយីហោកូរ៉េល្បីៗ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា រួមមាន emart24, PURADAK និង MEGA COFFEE។
តាមរយៈកម្មវិធីប្រូម៉ូសិនរួមគ្នា និងភាពជាដៃគូជាមួយអាជីវករ អតិថិជនអាចទទួលបានអត្ថប្រយោជន៍បន្ថែម ក្នុងការចំណាយប្រចាំថ្ងៃ ជំរុញការទូទាត់ឌីជីថល និងជួយឱ្យអាជីវកម្មដៃគូពង្រីកលទ្ធភាព ក្នុងការឈានទៅដល់អតិថិជនកាន់តែទូលំទូលាយ។ ការគាំទ្រដល់ការវិនិយោគរបស់កូរ៉េនៅកម្ពុជា ក៏ត្រូវបានពង្រីកបន្ថែម តាមរយៈការបើកដំណើរការមជ្ឈមណ្ឌលគាំទ្រ ការវិនិយោគកូរ៉េ (Korea Investment Support Center) នៅសាខាយុទ្ធសាស្ត្រមុនីវង្ស ក្នុងខែតុលា។ មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង ស្របជាមួយនឹងកិច្ចសហប្រតិបត្តិការ ជាមួយសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដែលរៀបចំឡើងតាមតម្រូវការជាក់ស្តែង សេវាប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងការតភ្ជាប់ទំនាក់ទំនងអាជីវកម្មសម្រាប់ក្រុមហ៊ុន និងវិនិយោគិនកូរ៉េ។
សាខាយុទ្ធសាស្ត្រមុនីវង្ស ក៏ផ្តល់នូវបរិយាកាសកាន់តែប្រសើរ សម្រាប់ការប្រាស្រ័យទាក់ទងជាមួយអតិថិជន តាមរយៈកន្លែងទទួលភ្ញៀវ និងបន្ទប់ពិគ្រោះយោបល់ឯកជន។ គំនិតផ្តួចផ្តើមនានា ដូចជាកម្មវិធី Prestige Talk Series ជាមួយ AIA Cambodia បានបង្កើតឱកាសឱ្យអតិថិជនជួបជុំគ្នា ដើម្បីពិភាក្សាអំពីសុខភាព ការការពារផ្នែកហិរញ្ញវត្ថុ និងការរៀបចំផែនការសម្រាប់អនាគតរយៈពេលវែង។
ចាប់តាំងពីបានក្លាយជាធនាគារពាណិជ្ជមក ធនាគារខេប៊ីប្រាសាក់បានពង្រីកសេវាកម្ម និងបង្កើនសមត្ថភាពរបស់កម្មវិធី KB PRASAC Mobile ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារប្រចាំថ្ងៃ កាន់តែមានភាពងាយស្រួល និងទាក់ទាញអតិថិជនកាន់តែច្រើន។ នៅក្នុងខែតុលា ឆ្នាំ២០២៦ ធនាគារបានប្រកាសថា កម្មវិធីនេះមានអ្នកប្រើប្រាស់សកម្មលើសពី ១លាននាក់។ តាមរយៈកម្មវិធីតែមួយនេះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ ការទូទាត់តាម KHQR និងការទូទាត់ឆ្លងប្រទេស ព្រមទាំងការពន្ធ សេវាសាធារណៈ និងបុព្វលាភធានារ៉ាប់រងបានយ៉ាងងាយស្រួល។
លើសពីនេះ ធនាគារក៏ទទួលបានវិញ្ញាបនបត្រមាស ស្តីពីអនុលោមភាពពន្ធសម្រាប់ឆ្នាំ ២០២៦-២០២៧ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលជាការទទួលស្គាល់ចំពោះការអនុវត្តកាតព្វកិច្ចពន្ធបានត្រឹមត្រូវ និងការបង់ពន្ធទាន់ពេលវេលារបស់ធនាគារ។ ជាមួយនឹងប្រាក់ចំណេញ ដែលសម្រេចបានរួចជាស្រេចលើសពីលទ្ធផលពេញមួយឆ្នាំកន្លងទៅ ការគ្រប់គ្រងហានិភ័យប្រកបដោយវិន័យ និងការគាំទ្រពីធនាគារមេនៅប្រទេសកូរ៉េ ដែលមានចំណាត់ថ្នាក់ឥណទានខ្ពស់ ធនាគារខេប៊ីប្រាសាក់ កំពុងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ និងអាជីវកម្មនៅកម្ពុជា ព្រមទាំងបន្តអភិវឌ្ឍឱកាសថ្មីៗ សម្រាប់កំណើនប្រកបដោយចីរភាព៕






