ក្រុមហ៊ុន Meta កែសម្រួលប្រព័ន្ធណែនាំមាតិកា Instagram នៅឥណ្ឌា ដើម្បីកាត់បន្ថយមាតិកាអាសអាភាស និងអំពើហិង្សា
17-11-2026 15:19
(បរទេស)៖ ក្រុមហ៊ុន Meta Platforms នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការកែសម្រួលប្រព័ន្ធណែនាំមាតិកា (Recommendation Systems) របស់បណ្តាញសង្គម Instagram សម្រាប់ប្រទេសឥណ្ឌា។ ការកែសម្រួលនេះមានគោលបំណងកាត់បន្ថយការបង្ហាញមាតិកាដែលមានលក្ខណៈអាសអាភាស ស្រើបស្រាល ឬអំពើហិង្សា ខណៈដែលរដ្ឋាភិបាលឥណ្ឌាកំពុងបង្កើនការត្រួតពិនិត្យលើមាតិកាតាមប្រព័ន្ធអនឡាញ។
សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានស្នើឱ្យក្រុមហ៊ុនពិនិត្យឡើងវិញ នូវរបៀបដែលខ្លួនណែនាំការបង្ហោះ និងពង្រឹងការត្រួតពិនិត្យលើមាតិកាដែលអាចញុះញង់ឱ្យមានអំពើហិង្សា ឬបង្កភាពវឹកវរដល់សណ្តាប់ធ្នាប់សាធារណៈ។ ក្រសួងបច្ចេកវិទ្យារបស់ឥណ្ឌា ក៏បានណែនាំឱ្យ Meta ធានាថា មាតិកាបំភាន់ការពិត ឬខុសពីបរិបទដើម មិនត្រូវបានផ្សព្វផ្សាយទូលំទូលាយនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Meta បានបញ្ជាក់ថា ការផ្លាស់ប្តូរទាំងនេះ គឺជាការពង្រឹងប្រព័ន្ធការពារលំនាំដើម ដោយផ្អែកលើមតិកែលម្អរបស់អ្នកប្រើប្រាស់ក្នុងរយៈពេលមួយឆ្នាំកន្លងមក ហើយមិនបានភ្ជាប់ដោយផ្ទាល់ទៅនឹងសេចក្តីណែនាំរបស់រដ្ឋាភិបាលនោះទេ។ ការផ្លាស់ប្តូរនេះនឹងប៉ះពាល់តែលើការណែនាំមាតិកាពីគណនីដែលអ្នកប្រើប្រាស់មិនបានចុចតាមដានប៉ុណ្ណោះ ហើយមិនមែនជាការហាមឃាត់មាតិកាទាំងស្រុងនោះទេ។ បច្ចុប្បន្ន អ្នកប្រើប្រាស់នៅឥណ្ឌាបានរាយការណ៍អំពីមាតិកាដែលប្រព័ន្ធបានណែនាំក្នុងអត្រាថយចុះប្រមាណពាក់កណ្តាល បើធៀបនឹងឆ្នាំមុន។ ការកែសម្រួលស្រដៀងគ្នានេះ ក៏ធ្លាប់ត្រូវបានអនុវត្តលើ Facebook នៅប្រទេសមួយចំនួន ដើម្បីកាត់បន្ថយមាតិកាពាក់ព័ន្ធនឹងនយោបាយផងដែរ៕














