ហេតុអ្វីបានជាបន្ទះឈីប AI របស់ Nvidia មានតម្លៃថ្លៃកប់ពពក តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅតែដណ្តើមគ្នាទិញ?
17-11-2026 16:37
(ភ្នំពេញ)៖ នៅក្នុងយុគសម័យនៃការប្រកួតប្រជែងបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Microsoft, Google, Meta និង OpenAI កំពុងចំណាយថវិការាប់ប៊ីលានដុល្លារ ដើម្បីប្រមូលទិញបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនទូទៅមានការភ្ញាក់ផ្អើលនោះ គឺតម្លៃដ៏មហាសាលរបស់បន្ទះឈីបនីមួយៗ ដែលអាចទិញរថយន្តទំនើប ឬផ្ទះមួយខ្នងបានយ៉ាងស្រួល។
មិនដូចកាតក្រាហ្វិក (GPU) សម្រាប់លេងហ្គេមធម្មតាដែលមានតម្លៃខ្ទង់រយ ឬជាងមួយពាន់ដុល្លារនោះទេ បន្ទះឈីប AI សម្រាប់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) របស់ Nvidia មានតម្លៃខ្ពស់ហួសស្មាន។ សម្រាប់បន្ទះឈីបម៉ូដែល Nvidia A100 មានតម្លៃប៉ាន់ស្មានក្នុងមួយបន្ទះចន្លោះពី ១០,០០០ ទៅ ១៥,០០០ដុល្លារ អាស្រ័យលើការកំណត់ផ្សេងៗ ហើយវាត្រូវបានគេប្រើសម្រាប់ ហ្វឹកហាត់គំរូ AI ជំនាន់មុន។ ដោយឡែកសម្រាប់បន្ទះឈីបម៉ូដែល Nvidia H100 វិញ មានតម្លៃប៉ាន់ស្មានក្នុងមួយបន្ទះចន្លោះពី ២៥,០០០ ទៅ ៤០,០០០ដុល្លារ ប្រើសម្រាប់ជាខួរក្បាលស្នូលនៃ ChatGPT និងគំរូ AI ធំៗបច្ចុប្បន្ន។ សម្រាប់បន្ទះឈីបម៉ូដែល Nvidia H200 វិញ មានតម្លៃប៉ាន់ស្មានក្នុងមួយបន្ទះចន្លោះពី ៣០,០០០ ទៅជាង ៤០,០០០ដុល្លារ ប្រើសម្រាប់បង្កើនល្បឿន និងទំហំអង្គចងចាំ (HBM3e) ទ្វេដង។
ចំណែក Nvidia Blackwell (B200) មានតម្លៃប៉ាន់ស្មានក្នុងមួយបន្ទះចន្លោះពី ៣០,០០០ ទៅជាង ៤០,០០០ដុល្លារ និងខ្លះទៀតមានតម្លៃរហូតដល់ ៧០,០០០ សម្រាប់ឈុត GB200 ហើយវាគឺជាបន្ទះឈីបជំនាន់ថ្មីដែលមានកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ។
ក្រៅពី ៤ ម៉ូដែលខាងលើនេះ Nvidia នៅមានបន្ទះឈីប AI ផ្សេងៗទៀតជាច្រើនម៉ូដែលទៀត ដែលត្រូវបានបែងចែកទៅតាមតម្រូវការជាក់ស្តែង ថវិកា និងទំហំនៃការប្រើប្រាស់ (ចាប់ពីកម្រិតមធ្យម ដល់កម្រិតទំនើបបំផុត) ដែលមានដូចជា Nvidia L40S និង L4 (ស្ថាបត្យកម្ម Ada Lovelace) តម្លៃប៉ាន់ស្មានប្រហែល ៧,០០០ ទៅ ១០,០០០ដុល្លារ ប៉ុន្តែមិនមែនជាឈីបសម្រាប់ហ្វឹកហាត់គំរូ AI ខ្នាតយក្សពីដំបូងទេ ប៉ុន្តែវាសាកសមបំផុតសម្រាប់ការបង្កើតរូបភាព (Generative AI/Diffusion) ការធ្វើ Fine-tuning និងការដំណើរការ AI Inference ក្នុងតម្លៃសមរម្យជាង។
ក្រុមហ៊ុន Nvidia ក៏បានបង្ហាញក្រុមឈីបជំនាន់ថ្មី និងកំណែអាប់ដេត (Next-Gen & Ultra) គឺ Nvidia B300 (Blackwell Ultra) ដែលជាកំណែអាប់ដេតទើបចេញបន្តបន្ទាប់ពី B200 ដោយបំពាក់អង្គចងចាំទំហំធំជាងមុន (រហូតដល់ 288 GB HBM3e) ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់គំរូ AI ជំនាន់ថ្មីប្រភេទ Reasoning Models និង Agentic AI។
តម្លៃរបស់បន្ទះឈីប Nvidia B300 (Blackwell Ultra) មិនត្រូវបានក្រុមហ៊ុន Nvidia ប្រកាសលក់រាយជាសាធារណៈនោះទេ ប៉ុន្តែផ្អែកតាមការប៉ាន់ស្មានពីអ្នកវិភាគឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain) តម្លៃរបស់វាមានការកើនឡើងខ្ពស់ជាងម៉ូដែល B200 ធម្មតាបន្តិច ដោយសារតែការបំពាក់អង្គចងចាំ HBM3e ទំហំធំជាងមុន (ដល់ 288GB)។ សម្រាប់បន្ទះឈីប B300 ទោល (Standalone GPU) តម្លៃប៉ាន់ស្មានស្ថិតនៅចន្លោះពី ៣៥,០០០ ទៅ ៤៥,០០០ដុល្លារ ក្នុងមួយដើម (ឬអាចលើសនេះ អាស្រ័យលើបរិមាណបញ្ជាទិញ និងកិច្ចសន្យារបស់អតិថិជនធំៗ)។ សម្រាប់ឈុតប្រព័ន្ធ GB300 (Superchip ដែលរួមបញ្ចូល GPU B300 ចំនួន ២ និង CPU Grace ចំនួន ១) តម្លៃប៉ាន់ស្មានគឺប្រហែល ៧០,០០០ ទៅ ៨៥,០០០ដុល្លារ ក្នុងមួយឈុត។
សម្រាប់ទូម៉ាស៊ីនមេពេញមួយឈុត (GB300 NVL72 Rack) ដែលផ្ទុកឈីប B300 ចំនួន ៧២ ដើម តភ្ជាប់គ្នាជាប្រព័ន្ធតែមួយ តម្លៃសរុបគឺខ្ទង់ ៣.៥ លាន ទៅ ៤ លានដុល្លារ ក្នុងមួយទូ។
មូលហេតុដែលតម្លៃរបស់ B300 ថ្លៃជាង B200 ប្រមាណ ១០% ទៅ ១៥% គឺដោយសារតែវាប្រើប្រាស់បន្ទះអង្គចងចាំ 12-Hi HBM3e ដែលមានថ្លៃដើមផលិតខ្ពស់ និងត្រូវការបច្ចេកវិទ្យាត្រជាក់ដោយប្រើទឹក (Liquid Cooling) ជាចាំបាច់ដើម្បីទប់ទល់នឹងកម្លាំងស៊ីភ្លើងរហូតដល់ 1,400W ក្នុងមួយឈីប។
សម្រាប់ក្រុមបន្ទះឈីប H20, H800 និង A800 គឺជាប្រភេទឈីបដែលក្រុមហ៊ុន Nvidia បានកែច្នៃជាពិសេសសម្រាប់ទីផ្សារប្រទេសចិន ដើម្បីឱ្យស្របតាមច្បាប់ទណ្ឌកម្ម និងការរឹតបន្តឹងការនាំចេញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយ Nvidia A800 និង H800 មានតម្លៃប៉ាន់ស្មានពេលដាក់លក់ A800 ប្រហែល ១០,០០០ ទៅ ១២,០០០ដុល្លារ និង H800 ប្រហែល ១៥,០០០ ទៅ ២៥,០០០ដុល្លារ។
ហេតុអ្វីបានជាបន្ទះឈីប AI របស់ Nvidia មានតម្លៃថ្លៃកប់ពពក?
បច្ចុប្បន្ន Nvidia គ្រប់គ្រងចំណែកទីផ្សារឈីប AI ប្រមាណ ៨០% ទៅ ៩០% នៃពិភពលោក។ ការគ្មានគូប្រជែងដែលអាចផ្តួលបានក្នុងរយៈពេលខ្លី ធ្វើឱ្យក្រុមហ៊ុននេះមានអំណាចពេញទីក្នុងការកំណត់តម្លៃ។ ការផលិតឈីបកម្រិតណាណូ (ដូចជាទំហំ 4nm ឬ 3nm នៅរោងចក្រ TSMC តៃវ៉ាន់) ព្រមទាំងការបំពាក់អង្គចងចាំល្បឿនលឿនពិសេស (High Bandwidth Memory - HBM) និងបច្ចេកវិទ្យាវេចខ្ចប់ CoWoS ទាមទារចំណាយទុនស្រាវជ្រាវ និងផលិតកម្មខ្ពស់បំផុត។ តម្លៃរបស់ Nvidia មិនមែនស្ថិតនៅលើតែបន្ទះស៊ីលីកូននោះទេ ប៉ុន្តែវាស្ថិតនៅលើប្រព័ន្ធសូហ្វវែរ CUDA ដែលជាភាសា និងឧបករណ៍សម្រាប់ឱ្យអ្នកសរសេរកូដ AI ទូទាំងពិភពលោកប្រើប្រាស់អស់រយៈពេលជិត ២០ ឆ្នាំមកហើយ។ ការប្តូរទៅប្រើឈីបក្រុមហ៊ុនផ្សេង តម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាសរសេរកូដឡើងវិញទាំងអស់ ដែលជាការខាតបង់ពេលវេលាដ៏ធំ។ នៅពេលដែលគ្រប់ប្រទេស និងគ្រប់ក្រុមហ៊ុនសុទ្ធតែខ្លាចដើរក្រោយគេក្នុងវិស័យ AI តម្រូវការបញ្ជាទិញបានកើនឡើងហួសពីសមត្ថភាពផលិតរបស់រោងចក្រ ដែលរុញច្រានឱ្យតម្លៃទីផ្សារងងឹត និងតម្លៃលក់បន្តហក់ឡើងកាន់តែខ្ពស់។
ហេតុអ្វីបានជាក្រុមហ៊ុនធំៗនៅតែសុខចិត្តចំណាយលុយរាប់ប៊ីលានដុល្លារ?
សម្រាប់ក្រុមហ៊ុនយក្សដូចជា Meta ឬ Microsoft ហានិភ័យនៃការ «ចំណាយលុយច្រើនជ្រុល» លើបន្ទះឈីប Nvidia គឺតូចជាងហានិភ័យនៃការ «ចាញ់ក្នុងសង្គ្រាម AI»។ ប្រសិនបើពួកគេមិនហ៊ានទិញឈីបខ្លាំងបំផុតនៅថ្ងៃនេះទេ ពួកគេនឹងបាត់បង់ទីផ្សារ និងអនាគតទាំងស្រុងនៅក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។ ម្យ៉ាងវិញទៀត ឈីបជំនាន់ថ្មីជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងចំណេញពេលវេលាក្នុងការហ្វឹកហាត់ AI ដែលជួយឱ្យពួកគេអាចរកប្រាក់ចំណូលត្រឡប់មកវិញបានលឿនជាងមុន។
តើបន្ទះឈីប Nvidia មួយដើម អាចផ្ដល់ផងចំណេញឱ្យក្រុមហ៊ុន Nvidia ប៉ុន្មានភាគរយ?
តាមរបាយការណ៍ហិរញ្ញវត្ថុ អត្រាប្រាក់ចំណេញដុលរបស់ Nvidia លើបន្ទះឈីប AI មានកម្រិតខ្ពស់រហូតដល់ប្រមាណ ៧៥% ទៅ ៧៨% ដែលជាអត្រាខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិក៕






