មោទនភាពជាតិ! ក្រុមនិស្សិត RULE ឆ្ពោះទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងរ៉ូម ក្រោយឈ្នះចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតមជ្ឈត្តការពាណិជ្ជកម្មអន្តរជាតិ UPICC ២០២៦ នៅហុងកុង
17-11-2026 21:45
(ភ្នំពេញ)៖ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងសម្រាប់កម្ពុជា ក្រុមនិស្សិតមកពីកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានបង្កើតស្នាដៃដ៏ត្រចះត្រចង់ ដោយបានឈ្នះចំណាត់ថ្នាក់លេខ៣ និងទទួលបានសិទ្ធិឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិ នៅទីស្នាក់ការកណ្តាលវិទ្យាស្ថាន UNIDROIT ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៧ ខាងមុខនេះ។
សមិទ្ធផលដ៏អស្ចារ្យនេះ កើតចេញពីការចូលរួមប្រកួតក្នុងកម្មវិធី «មជ្ឈត្តការពាណិជ្ជកម្មប្រឌិតអន្តរជាតិ UPICC លើកទី២ ឆ្នាំ២០២៦» (The Second Edition of UPICC International Arbitration Moot 2026) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីប្រកួតដ៏មានកិត្យានុភាពនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលច្បាប់អន្តរជាតិអាស៊ី (ATLC) នៃវិទ្យាស្ថាន UNIDROIT សហការជាមួយគណៈកម្មាធិការមជ្ឈត្តការប៉េកាំង/មជ្ឈមណ្ឌលមជ្ឈត្តការពាណិជ្ជកម្មអន្តរប៉េកាំង (BAC/BIAC) ដោយមានក្រុមចំនួន៤៨ មកពីទ្វីបអាស៊ី និងចក្រភពអង់គ្លេស ដាក់ពាក្យចូលរួម។
ក្រុមតំណាងឱ្យសាកលវិទ្យាល័យ RULE ដែលមានគ្រូបង្វឹក និងសមាជិកនិស្សិតចំនួន ៤រូប រួមមាន៖
១. កញ្ញាបណ្ឌិត សៅ សុជាតា គ្រូបង្វឹក
២. លោក សុខ សាន និស្សិត(ELBML)
៣. លោក អៀ គីមហុង និស្សិត(ELBBL)
៤. កញ្ញា ស្រេង វង្សវឌ្ឍិនី (ELBBL)
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ក្រុមនិស្សិត RULE បានយកឈ្នះលើការវាយតម្លៃលើសារណាសំណេរ (Written Memorial) ជាប់ជាក្រុម១ ក្នុងចំណោមក្រុម២៤ ដែលបានឡើងទៅប្រកួតថ្លែងការណ៍ផ្ទាល់មាត់នៅទីក្រុងហុងកុង។ ក្នុងវគ្គទូទៅចំនួន៤ជុំ ក្រុម RULE បានជួបប្រកួតជាមួយសាកលវិទ្យាល័យអន្តរជាតិធំៗ រួមមាន សាកលវិទ្យាល័យ Shanghai Jiao Tong (ចិន), សាកលវិទ្យាល័យ De La Salle (ហ្វីលីពីន), សាកលវិទ្យាល័យ Shanghai University of Finance and Economics (ចិន) និងសាកលវិទ្យាល័យ Nirma (ឥណ្ឌា) រហូតទទួលបានជោគជ័យជាប់ចូលក្នុងក្រុមខ្លាំងទាំង៨ និងបន្តយកឈ្នះលើសាកលវិទ្យាល័យ Gujarat National Law University (ឥណ្ឌា) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតគ្រងចំណាត់ថ្នាក់លេខ៣ យ៉ាងគួរឱ្យមោទនភាព។
ក្រៅពីជ័យលាភីជាក្រុម សមាជិកចំនួនពីររូបរបស់ក្រុម RULE ក៏ទទួលបានពានរង្វាន់បុគ្គលឆ្នើម «អ្នកថ្លែងការណ៍ឆ្នើម» (Best Oralists) ផងដែរ ដោយ លោក អៀ គីមហុង ទទួលបានចំណាត់ថ្នាក់លេខ៦ និង កញ្ញា ស្រេង វង្សវឌ្ឍិនី ទទួលបានចំណាត់ថ្នាក់លេខ៨។/p>
សម្រាប់វគ្គផ្តាច់ព្រ័ត្រអន្តរជាតិនៅទីក្រុងរ៉ូមនាខែមករា ឆ្នាំ២០២៧ ខាងមុខនេះ ក្រុមនិស្សិត RULE នឹងត្រូវបន្តប្រកួតប្រជែងជាមួយសាកលវិទ្យាល័យ De La Salle (ហ្វីលីពីន) សាកលវិទ្យាល័យហុងកុង (ចិន) និងសាកលវិទ្យាល័យ Beijing Foreign Studies។
ជោគជ័យដ៏ត្រចះត្រចង់នេះ មិនត្រឹមតែជាកិត្តិយសរបស់សាកលវិទ្យាល័យ RULE ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពជាតិដ៏ធំធេង ដែលបានបង្ហាញពីសមត្ថភាព ទេពកោសល្យ ជំនាញវិភាគ និងការតស៊ូព្យាយាមរបស់យុវជនកម្ពុជាលើឆាកអន្តរជាតិ។ សមិទ្ធផលនេះក៏ទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងផងដែរពី សាកលវិទ្យាល័យ RULE, ក្រសួងពាណិជ្ជកម្មនៃកម្ពុជា, ការិយាល័យមេធាវី Skywon Law និងការិយាល័យមេធាវី MAR & Associates៕









