* ចំណេះដឹងទូទៅ៖ នំប្ល៊ីនី ក្នុងពិធីបុណ្យម៉ាស្លេនីតសា ជាជំនឿបុរាណ ដែលរុស្ស៊ីនៅតែរក្សា
* ក្រុមហ៊ុន Nvidia បដិសេធការវិលត្រឡប់របស់លោក Jensen Huang ចំពេលមានការស៊ើបអង្កេតពីនិយ័តករ

Hacker ប្រើគេហទំព័រល្បីៗជាង ១៧០ ដើម្បីលួចគ្រីបតូ និងព័ត៌មានកាតធនាគារ

18-11-2026 08:36

(បរទេស)៖ គេហទំព័ររបស់ក្រុមហ៊ុន និងស្ថាប័នល្បីៗលើពិភពលោក រួមមាន Zoom, HSBC, Equifax, CNN, Salesforce និង IKEA ត្រូវបានជ្រៀតចូលតាមរយៈកូដព្យាបាទ ក្នុងគោលដៅលួចរូបិយប័ណ្ណគ្រីបតូ និងវាយប្រហារលើអ្នកប្រើប្រាស់ iPhone។ នេះបើយោងតាមការរកឃើញរបស់អ្នកស្រាវជ្រាវផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Scott Helme អ្នកស្រាវជ្រាវផ្នែកសន្តិសុខ បានឱ្យដឹងថា ការវាយប្រហារនេះបានប្រើប្រាស់កូដ JavaScript ព្យាបាទ (Malicious JavaScript) តាមរយៈវេទិកា Optimizely ដើម្បីកំណត់គោលដៅលើគេហទំព័ររបស់អង្គការចំនួន ១៧៨ ក្នុងវិស័យផ្សេងៗ។ កូដទាំងនេះមានគោលដៅប្តូរអាសយដ្ឋានទទួលប្រាក់គ្រីបតូទៅជាកាបូបរបស់ជនវាយប្រហារ លួចលេខកាតធនាគារ ទិន្នន័យអ្នកប្រើប្រាស់ និងរូបថតអេក្រង់ ព្រមទាំងព្យាយាមដាក់កូដវាយប្រហារលើឧបករណ៍ iPhone។

ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត HudsonRock ក៏បានរកឃើញភស្តុតាងថា គេហទំព័រទាំងនេះបានបញ្ជូនកូដព្យាបាទទៅកាន់អ្នកចូលមើលផងដែរ។ យ៉ាងណាមិញ Reuters មិនទាន់អាចបញ្ជាក់បានថា ការវាយប្រហារទាំងនេះទទួលបានជោគជ័យកម្រិតណានោះទេ។ ចំណែក Salesforce បានចាប់ផ្តើមស៊ើបអង្កេត និងបិទ scripts ដែលត្រូវបានកែប្រែដោយគ្មានការអនុញ្ញាតជាបណ្តោះអាសន្ន ខណៈ Equifax បានឈប់ប្រើប្រាស់ Optimizely និងអះអាងថា មិនមានភស្តុតាងបង្ហាញថាប្រព័ន្ធរបស់ខ្លួនត្រូវបានជ្រៀតចូលឡើយ។

ដោយឡែក IKEA កំពុងពិនិត្យមើលផលប៉ះពាល់ដែលអាចកើតមានចំពោះសេវាកម្មឌីជីថល និងអតិថិជនរបស់ខ្លួន។ ចំណែក Optimizely, Apple, Zoom, HSBC និង CNN មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters នោះទេ៕