ក្រុមថៃ Port FC មកដល់កម្ពុជារសៀលនេះ ត្រៀមជួបព្រះខ័នរាជស្វាយរៀង ក្នុងពាន Shopee Cup 2026/27 ស្អែក
18-11-2026 09:52
(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមភ្ញៀវ Port FC របស់ថៃនាវេលាម៉ោង ៧យប់ថ្ងៃទី១៩ ខែវិច្ឆិកាស្អែក ក្នុងជំនួបពូល B នៃពានរង្វាន់ក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup 2026/27។
តាមគម្រោងក្រុម Port FC នឹងធ្វើដំណើរមកដល់ភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះ មុនចូលរួមសន្និសីទសារព័ត៌មានមុនការប្រកួត ក៏ដូចជាការហ្វឹកហាត់ផ្លូវការនៅល្ងាចថ្ងៃដដែល។
ជំនួបតំណាងក្លិបកំពូលរវាងកម្ពុជា និងថៃនេះបានទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រនៃប្រទេសទាំងពីរ និងរំពឹងមានអ្នកគាំទ្រច្រើនចូលរួមទស្សនាលើកទឹកចិត្តក្នុងការប្រកួត ពិសេសអ្នកគាំទ្ររបស់ក្លិបព្រះខ័នរាជស្វាយរៀងតែម្ដង។
នេះគឺជាការប្រកួតទី២ ក្នុងពូលបន្ទាប់ពីបើកឆាកក្រុមទាំងពីរ បានរបូត ៣ពិន្ទុរៀងៗខ្លួន។ ដូច្នេះការប្រកួតស្អែកនេះ ពិតជាសំខាន់សម្រាប់ក្រុមទាំងពីរ ពិសេសព្រះខ័នរាជស្វាយរៀង ក្នុងការស្វែងរកជ័យជម្នះលើកដំបូង ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ។
គួរដឹងថា សម្រាប់យុទ្ធនាការប្រកួតពានរង្វាន់ក្លិបបាល់ទាត់ប្រចាំតំបន់នេះ ព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល B ជាមួយក្លិប Johor Darul Ta’zim របស់ម៉ាឡេស៊ី, ក្លិប Persib របស់ឥណ្ឌូនេស៊ី, ក្លិប Cong An Ha Noi របស់វៀតណាម, ក្លិប Shan United របស់មីយ៉ាន់ម៉ា, ក្លិប Lion City Sailors របស់សិង្ហបុរី និងក្លិប Port FC របស់ថៃ។
សម្រាប់រូបមន្ដការប្រកួត ក្លិបនីមួយៗនឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុ ១ជុំ ស្មើនឹង ៦ប្រកួត ហើយក្រុមមានពិន្ទុខ្ពស់ជាងគេពីលេខ១ ដល់លេខ៤ នឹងត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយ៕







