Haaland ស៊ុតបាន ២គ្រាប់វាយបកឈ្នះដាណឺម៉ាក ជួយន័រវែសឡើងវគ្គ ៨ក្រុមពាន Nations League
18-11-2026 10:12
(បរទេស)៖ ខ្សែប្រយុទ្ធ Erling Haaland ធ្វើបាន ២គ្រាប់ម្នាក់ឯង ក្នុងការរួមចំណែកជួយន័រវែសវាយបកឈ្នះម្ចាស់ផ្ទះដាណឺម៉ាក ៣-២ ឈានទៅវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2026-27។
ការប្រកួតទី៦ ជើងទី២ ដើម្បីបិទបញ្ចប់ League A ក្រុម៤ ក្នុងកីឡដ្ឋាន Parken ក្រុមម្ចាស់ផ្ទះដាណឺម៉ាកបានបើកការនាំមុខ ២គ្រាប់មុននៅត្រឹមតែ ១៤នាទីប៉ុណ្ណោះ ពីការធ្វើបានរបស់កីឡាករ Hojlund និង Hojbjerg នៅមុនពេលខ្សែប្រយុទ្ធមកពីក្លិប Manchester City គឺ Haaland ធ្វើបានគ្រាប់ទី១ សម្រាប់ន័រវែសនៅមុនពេលបញ្ចប់វគ្គទី១ និងគ្រាប់ទី២ របស់គេដែលជាគ្រាប់ជ័យជម្នះនោះដោយបាល់ ១១ម៉ែត្រនៅនាទី៩០+៦ ដ្បិតប្រធានក្រុម Martin Odegaard ជាអ្នកធ្វើបានគ្រាប់តាមស្មើ ២-២។
នេះមានន័យថា Haaland ធ្វើរកបាន ២០គ្រាប់ហើយ ពីការបង្ហាញខ្លួនបាន ២០លើកផងដែរនារដូវកាលនេះ សម្រាប់ជម្រើសជាតិ និងក្លិបអាជីព។
ដាណឺម៉ាក ដែលបានខកខាន World Cup 2026 បានបាត់បង់ឱកាសឡើងវគ្គបន្ត ដ្បិតនាំមុខ ២គ្រាប់មុនទៅហើយ ជាមួយឱកាសត្រឹមស្មើក៏ឡើងដែរ ក្នុងនាមក្រុមលេខ២ ប្រចាំក្រុម៤ ក៏ប៉ុន្តែត្រូវបានអាជ្ញាកណ្តាល Hali Umut Meler ផ្តល់បាល់ពិន័យប៉េណាល់ទី ក្រោយឆែក VAR ខ្សែការពារ Joachim Anderson យកដៃប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់។
តាមរយៈលទ្ធផល ៣ពិន្ទុដ៏អស្ចារ្យចុងម៉ោងក្រៅដីនេះ បានញាំងឱ្យន័រវែសបញ្ចប់ក្នុងតំណែងលេខ២ តាមពីក្រោយព័រទុយហ្គាល់ឈរលេខ១ ដែលបានយកឈ្នះម្ចាស់ផ្ទះវ៉េល ៣-២ យប់មិញនេះដែរ៕



