អាវសថ្មី ក្តីសង្ឃឹមថ្មី៖ វីសូពិសេស នាំយកអាវសសិស្ស ៥,០០០ អាវ ជូនកុមារ ២,៥០០ នាក់នៅតំបន់រងផលប៉ះពាល់ពីជម្លោះព្រំដែន
18-11-2026 10:16
(ភ្នំពេញ)៖ សម្រាប់កុមារម្នាក់ដែលគ្រួសារបានឆ្លងកាត់ការផ្លាស់ទីលំនៅ ដោយសារផលប៉ះពាល់ពីជម្លោះតាមព្រំដែន អាវសសិស្សថ្មីមួយអាចមានអត្ថន័យ លើសពីសម្លៀកបំពាក់។ វាអាចជាទំនុកចិត្តក្នុងការត្រឡប់ទៅថ្នាក់រៀន និងជាកម្លាំងចិត្តក្នុងការបន្តក្តីស្រមៃរបស់ខ្លួន។
ជាមួយគោលបំណងនេះ វីសូពិសេស (Viso Pises) ម៉ាកផលិតផលបោកគក់សម្លៀកបំពាក់របស់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស បានសហការជាមួយ អង្គការទស្សនៈពិភពលោកអន្ដរជាតិនៅកម្ពុជា នាំយក អាវសសិស្សចំនួន ៥,០០០ អាវ ជូនសិស្សានុសិស្ស ២,៥០០ នាក់ នៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ដើម្បីជួយកុមារត្រៀមខ្លួនសម្រាប់ការសិក្សាឆ្នាំថ្មី និងបន្តដំណើររបស់ពួកគេដោយទំនុកចិត្ត។
នៅថ្ងៃទី១២ ខែវិច្ឆិកា កម្មវិធីបានរៀបចំឡើងនៅ ភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ មុនបន្តសកម្មភាពទៅកាន់ទីតាំងផ្សេងៗនៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ដោយទទួលបានកិត្តិយសចូលរួមពី ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ រួមជាមួយតំណាង ក្រុមហ៊ុន យូនីលឹវើ កម្ពុជា អង្គការទស្សនៈពិភពលោកអន្ដរជាតិនៅកម្ពុជា អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ការប្រគល់អាវសនេះ ផ្តោតជាពិសេសលើកុមារ និងគ្រួសារដែលត្រូវការការគាំទ្រ រួមទាំងសហគមន៍ដែលរងផលប៉ះពាល់ពីជម្លោះតាមព្រំដែន និងការផ្លាស់ទីលំនៅ។ ភាពជាដៃគូនេះមានគោលដៅជួយពង្រឹងភាពត្រៀមខ្លួនចូលរៀន ភាពថ្លៃថ្នូរ និងការបន្តចូលរួមក្នុងការអប់រំរបស់កុមារ និងយុវជនដែលងាយរងគ្រោះ។ សម្រាប់វីសូពិសេស អាវសសិស្សមួយមានអត្ថន័យលើសពីភាពស្អាត និងរូបរាងខាងក្រៅ។ វាជាសារមួយទៅកាន់កុមារថា៖ ប្អូនមានកន្លែងនៅក្នុងថ្នាក់រៀន។ ប្អូនសមនឹងទទួលបានឱកាសក្នុងការសិក្សា។ ហើយក្តីស្រមៃ និងអនាគតរបស់ប្អូនមានតម្លៃ។
នេះក៏ជាគំនិតសំខាន់នៅពីក្រោយកម្មវិធី“សម្លៀកបំពាក់ស្អាតភ្លឺចែងចាំង អនាគតភ្លឺត្រចះត្រចង់” ដែល វីសូពិសេសចង់ភ្ជាប់អ្វីដែលម៉ាកធ្វើក្នុងជីវិតប្រចាំថ្ងៃរបស់គ្រួសារខ្មែរ ទៅនឹងគោលបំណងធំជាងនេះ គឺការបង្កើតឱកាស និងក្តីសង្ឃឹមសម្រាប់យុវជនជំនាន់ក្រោយ។
សកម្មភាពនៅថ្ងៃទី១២ និង ១៣ ខែវិច្ឆិកានេះ គឺជាការអនុវត្តជាក់ស្តែងរបស់ភាពជាដៃគូរយៈពេលពីរឆ្នាំរវាង Unilever Cambodia និង World Vision International in Cambodia ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសាប៊ូវីសូពិសេសនឹងវិនិយោគទឹកប្រាក់ប្រមាណ៧០០លានរៀលក្នុងការរៀបចំកម្មវិធីនេះឡើង។
ក្នុងរយៈពេលពីរឆ្នាំ កម្មវិធីគ្រោងផ្តល់ អាវសសិស្សសរុប ១០,០០០ អាវ ដល់សិស្សានុសិស្ស ៥,០០០ នាក់ ដោយក្នុងឆ្នាំ២០២៦ សិស្សចំនួន ២,៥០០ នាក់ ទទួលបានអាវសចំនួនពីរនាក់ម្នាក់ សរុប ៥,០០០ អាវ ហើយសិស្ស ២,៥០០ នាក់បន្ថែមទៀតគ្រោងនឹងទទួលបានការគាំទ្រនៅឆ្នាំ២០២៧។
ផ្នែកមួយទៀត គឺកម្មវិធីអាហារូបករណ៍អនាគតភ្លឺត្រចះត្រចង់ពីវីសូពិសេស ដែលនឹងគាំទ្រយុវជនចំនួន ៤០ នាក់ក្នុងពីរជំនាន់ ឱ្យបន្តការសិក្សានៅសាកលវិទ្យាល័យរយៈពេល ៤ ឆ្នាំ រួមជាមួយការណែនាំ ការបណ្តុះបណ្តាលជំនាញ និងឱកាសអភិវឌ្ឍខ្លួន។
ការងារនេះបន្តពីដំណើររយៈពេលយូររបស់ វីសូពិសេស ក្នុងការគាំទ្រការអប់រំ និងយុវជនកម្ពុជា។ កន្លងមក វីសូពិសេស ធ្លាប់គាំទ្រដល់សិស្សទើបបញ្ចប់បាក់ឌុបជាមួយកញ្ចប់ថវិកា ផ្តល់អាវសដល់សិស្សានុសិស្សនៅតាមតំបន់ជនបទ និងគាំទ្រកម្មវិធីសិក្សាអនឡាញត្រៀមប្រឡងថ្នាក់ទី១២។
សម្រាប់វីសូពិសេស ស្នាមញញឹមរបស់កុមារនៅភូមិរង់ចាំ និងសហគមន៍ផ្សេងៗនៅខេត្តបន្ទាយមានជ័យ និងព្រះវិហារ គឺជាការរំលឹកថា ផលវិជ្ជមានធំមួយ អាចចាប់ផ្តើមពីការគាំទ្រដ៏សាមញ្ញមួយ។
អាវសថ្មីមួយមិនអាចដោះស្រាយរាល់បញ្ហាដែលកុមារ និងក្រុមគ្រួសារកំពុងប្រឈមបានទេ។ ប៉ុន្តែវាអាចជួយផ្តល់ទំនុកចិត្តដល់កុមារម្នាក់ ឱ្យត្រៀមខ្លួនចូលថ្នាក់រៀន បន្តការសិក្សា និងជឿជាក់ថា មានមនុស្សនៅជុំវិញពួកគេដែលគាំទ្រក្តីស្រមៃរបស់ពួកគេ។
ពីអាវសស្អាតមួយ ទៅកាន់ទំនុកចិត្តក្នុងថ្នាក់រៀន។
ពីការគាំទ្រនៅថ្ងៃនេះ ទៅកាន់ក្តីសង្ឃឹមសម្រាប់ថ្ងៃស្អែក។
នេះហើយជាអត្ថន័យនៃ “សម្លៀកបំពាក់ស្អាតភ្លឺចែងចាំង អនាគតភ្លឺត្រចះត្រចង់ពីវីសូពិសេស”៕












