* ចំណេះដឹងទូទៅ៖ នំប្ល៊ីនី ក្នុងពិធីបុណ្យម៉ាស្លេនីតសា ជាជំនឿបុរាណ ដែលរុស្ស៊ីនៅតែរក្សា
* ក្រុមហ៊ុន Nvidia បដិសេធការវិលត្រឡប់របស់លោក Jensen Huang ចំពេលមានការស៊ើបអង្កេតពីនិយ័តករ

ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម និងកម្មវិធីទំនាក់ទំនងទូទាំងពិភពលោកសរុបមានប្រមាណ ៩,៨១ ពាន់លាន

18-11-2026 10:43

(ភ្នំពេញ)៖ បណ្ដាញសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅទូទាំងពិភពលោក ដោយដើរតួនាទីក្នុងការផ្សព្វផ្សាយព័ត៌មាន ការទំនាក់ទំនង ការកម្សាន្ត ការអប់រំ និងសកម្មភាពអាជីវកម្ម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមបានបន្តកើនឡើងយ៉ាងខ្លាំង ជាពិសេសតាមរយៈការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់ស្មាតហ្វូន។

យោងតាមទិន្នន័យរបស់ Data Reportal សម្រាប់ខែតុលា ឆ្នាំ២០២៦ ចំនួនអត្តសញ្ញាណអ្នកប្រើប្រាស់បណ្ដាញសង្គមនៅទូទាំងពិភពលោកមានប្រមាណ ៥,៨១ ពាន់លាននាក់ ដោយមិនរាប់បញ្ចូលអ្នកប្រើប្រាស់កម្មវិធីទំនាក់ទំនង និងផ្ញើសារដូចជា WhatsApp និង Telegram ដែលស្មើនឹងប្រមាណ ៦៩,៩ ភាគរយនៃចំនួនប្រជាជនពិភពលោក។។

ក្នុងចំណោមវេទិកាបណ្ដាញសង្គមធំៗ YouTube មានចំនួនអ្នកប្រើប្រាស់ ប្រមាណ ២,៧៧ ពាន់លាននាក់ បន្ទាប់មកគឺ TikTok មានប្រមាណ ២,៣៣ ពាន់លាននាក់ , Facebook មានប្រមាណ ២,៣២ ពាន់លាននាក់, Instagram មានប្រមាណ ១,៩៦ ពាន់លាននាក់ និង LinkedIn មានប្រមាណ ១,៥៥ ពាន់លាននាក់។ ចំណែក Snapchat មានប្រមាណ ៧៤៩ លាននាក់ Pinterest មានប្រមាណ ៦២១ លាននាក់ និង X (អតីត Twitter) មានប្រមាណ ៤៣៣ លាននាក់។

តាមទិន្នន័យដែល Data Reportal ក៏បានបង្ហាញឱ្យដឹងផងដែរថា កម្មវិធីទំនាក់ទំនង និងផ្ញើសារ WhatsApp មាន​ចំនួន​អ្នកប្រើប្រមាណ ៣ពាន់លាននាក់ និង Telegram មានប្រមាណ ១ពាន់លាននាក់។

សម្គាល់៖ ប្រសិនបើបូកបញ្ចូលទាំងចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម ៥,៨១ ពាន់លាននាក់ ជាមួយអ្នកប្រើប្រាស់កម្មវិធី WhatsApp ប្រមាណ ៣ ពាន់លាននាក់ និង Telegram ប្រមាណ ១ ពាន់លាននាក់ នោះចំនួនសរុបតាមវេទិកាទាំងនេះមានប្រមាណ ៩,៨១ ពាន់លានគណនីអ្នកប្រើប្រាស់៕