Mata តារា World Cup 2010 និង Euro 2012 របស់អេស្ប៉ាញ ប្រកាសចូលនិវត្តន៍ក្នុងវ័យ ៣៨ឆ្នាំ
19-11-2026 10:04
(បរទេស)៖ ខ្សែបម្រើ Juan Mata ដែលធ្លាប់រួមចំណែកជួយក្រុមជម្រើសជាតិគោជល់អេស្ប៉ាញឈ្នះជើងឯក World Cup 2010 និងជើងឯកអឺរ៉ុប Euro 2012 បានសម្រេចព្យួរស្បែកជើងបាល់ទាត់នៅលើជញ្ជាំងហើយគិតត្រឹមវ័យ ៣៨ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។
អតីតកីឡាករនៃក្លិបអង់គ្លេស Chelsea និង Manchester United រូបនេះបានបង្ហាញខ្លួនសរុបតែ ៤១លើកប៉ុណ្ណោះជាមួយអេស្ប៉ាញ និងជាសមាជិកឈ្នះជើងឯក World Cup 2010 នៅអាហ្រ្វិកខាងត្បូង និងទាត់បញ្ចូលទីផងដែរ ពេលអេស្ប៉ាញបំបាក់អ៉ីតាលី ៤-០ វគ្គផ្តាច់ព្រ័ត្រ Euro 2012 នៅអ៊ុយក្រែន និងប៉ូឡូញធ្វើម្ចាស់ផ្ទះរួមគ្នា។
Mata ជាយុវជនថ្នាលចេញពីក្លិប Real Madrid និងបានចូលរួមជាមួយក្រុមអេស្ប៉ាញ Valencia ក្នុងឆ្នាំ២០០៧ មុនផ្លាស់ទៅចូលរួមនៅតោខៀវ Chelsea នាខែសីហា ឆ្នាំ២០១១ ជាទីដែលរូបលោកបានឈ្នះពាន UEFA Champions League, Europa League និងពាន FA Cup ទៀតផង។
ក្រោយមកទៀត Mata បានចាកចេញពីកីឡដ្ឋាន Stamford Bridge ឆ្ពោះទៅ Old Trafford នាខែមករា ឆ្នាំ២០១៤ ដោយបានឈ្នះពាន Europa League, FA Cup និង League Cup មុនបន្តចាកចេញនៅឆ្នាំ២០២២។
រូបលោកបានបន្តទៅប្រកបអាជីពបាល់ទាត់ក្នុងក្លិប Galatasaray និង Vissel Kobe រួមទាំង Western Sydney Wanderers និងចុងក្រោយក្លិប Melbourne Victory របស់ប្រទេសអូស្រ្តាលី មុនប្រកាសព្យួរស្បែកជើងតែម្តង៕



