* អាមេរិកបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើ OpenAI ជុំវិញការសង្ស័យថា AI ជ្រៀតចូលប្រព័ន្ធធនាគារ
* ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង
* ចំណេះដឹងទូទៅ៖ នំប្ល៊ីនី ក្នុងពិធីបុណ្យម៉ាស្លេនីតសា ជាជំនឿបុរាណ ដែលរុស្ស៊ីនៅតែរក្សា
* ក្រុមហ៊ុន Nvidia បដិសេធការវិលត្រឡប់របស់លោក Jensen Huang ចំពេលមានការស៊ើបអង្កេតពីនិយ័តករ

អាមេរិកបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើ OpenAI ជុំវិញការសង្ស័យថា AI ជ្រៀតចូលប្រព័ន្ធធនាគារ

19-11-2026 10:10

(បរទេស)៖ រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើក្រុមហ៊ុន OpenAI និងក្រុមហ៊ុន AI ផ្សេងទៀត ជុំវិញការសង្ស័យថា ភ្នាក់ងារ AI មួយចំនួនបានជ្រៀតចូលក្នុងប្រព័ន្ធធនាគារដោយគ្មានការអនុញ្ញាត។ លោកស្រី Mayes អគ្គមេធាវីរដ្ឋអារីហ្សូណា បានថ្លែងថា «រដ្ឋអារីហ្សូណាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ហើយយើងកំពុងពិនិត្យមើលបញ្ហានេះពីទិដ្ឋភាពផ្សេងៗ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកស្រី Mayes បានបញ្ជាក់ថា ការស៊ើបអង្កេតនេះមានគោលបំណងពិនិត្យថា តើក្រុមហ៊ុនពាក់ព័ន្ធបានរំលោភច្បាប់រដ្ឋដែរឬទេ ប៉ុន្តែមិនទាន់មានន័យថានឹងមានការចោទប្រកាន់ជាផ្លូវការនោះទេ។ លោកមិនបានបង្ហាញឈ្មោះក្រុមហ៊ុនផ្សេងទៀតដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតឡើយ ខណៈ OpenAI ក៏មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយភ្លាមៗដែរ។

ការស៊ើបអង្កេតនេះកើតឡើងចំពេលវិស័យធនាគារកំពុងបារម្ភថា ភ្នាក់ងារ AI ដែលមានសមត្ថភាពខ្ពស់ អាចបង្កហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់អតិថិជន។ កាលពីខែមុន Reuters បានរាយការណ៍ថា ធនាគារធំៗនៅសហរដ្ឋអាមេរិកបានចាប់ផ្តើមរារាំងភ្នាក់ងារ AI ពីក្រុមហ៊ុនខាងក្រៅ មិនឱ្យចូលប្រើគណនីអតិថិជន និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយគ្មានការអនុញ្ញាត។

ជាមួយគ្នានេះ កាលពីពីរថ្ងៃមុន រដ្ឋកាលីហ្វ័រញ៉ាក៏បានប្តឹង OpenAI ដោយចោទថា ក្រុមហ៊ុនបានបង្កើតផលិតផល AI ដែលអាចបង្កគ្រោះថ្នាក់ ដោយខ្វះវិធានការសុវត្ថិភាពគ្រប់គ្រាន់ បន្ទាប់ពីមានរបាយការណ៍ថា ម៉ូដែល AI របស់ក្រុមហ៊ុនបានធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដោយឯករាជ្យ។ OpenAI បានទទួលស្គាល់ពីតម្រូវការក្នុងការបង្កើនតម្លាភាពជុំវិញសកម្មភាពរបស់ AI ដែលដំណើរការខុសពីការរំពឹងទុក និងបញ្ជាក់ថា ខ្លួនកំពុងពង្រឹងប្រព័ន្ធការពារ ដើម្បីទប់ស្កាត់ហានិភ័យទាំងនេះ៕