ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង
19-11-2026 10:45
(ហាណូយ / ភ្នំពេញ)៖ អ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញា Miss Universe Vietnam 2026 បានសម្រេចដកតំណែង និងមកុដរបស់កញ្ញា Nguyen Quynh Anh ប្រមាណជា ៦ សប្តាហ៍បន្ទាប់ពីនាងបានគ្រងមកុដ ដោយលើកហេតុផលថានាងបានរំលោភបំពានលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន។
សេចក្តីសម្រេចដកតំណែងនេះបានចូលជាធរមានកាលពីថ្ងៃពុធ តាមការបញ្ជាក់របស់លោក Pham Duy Khanh អគ្គនាយកក្រុមហ៊ុន Five6 Entertainment Jsc ដែលជាក្រុមហ៊ុនរៀបចំការប្រកួតមួយនេះ។
តំណាងអ្នករៀបចំកម្មវិធីបានលើកឡើងថា កញ្ញា Quynh Anh បានរំលោភបំពានបទបញ្ជាក្រុមហ៊ុនជាបន្តបន្ទាប់ ដោយកាលពីពេលកន្លងមក ក្រុមហ៊ុនបានហាមឃាត់មិនឱ្យនាងឡើងសម្តែងលើឆាករយៈពេល ៦ ខែ បន្ទាប់ពីមានការចោទប្រកាន់ថានាងបាននិយាយពាក្យពេចន៍មិនគប្បី ឬវាយប្រហារអ្នករួមអាជីព។ បន្ទាប់មក នាងបានចូលរួមកម្មវិធីសហគមន៍មួយ ដោយមិនបានជូនដំណឹងដល់ក្រុមហ៊ុន Five6 Entertainment ឡើយ។
ប៉ុន្មានថ្ងៃមុនសេចក្តីសម្រេចនេះ Quynh Anh បានប្រាប់អ្នករៀបចំ និងក្រុមហ៊ុនថានាងត្រូវការពេលសម្រាក និងព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត ហើយមិនទាន់អាចចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងដូចការព្រមព្រៀងដើមបាននៅឡើយទេ។ លោក Khanh បានលើកឡើងថា៖ «ទោះបីជាយ៉ាងណា នាងនៅតែបន្តទទួលយកការអញ្ជើញឱ្យសម្តែង និងចូលរួមកម្មវិធីនានា ដោយមិនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជាមុនសោះ»។
រហូតមកដល់ពេលនេះ តំណាងរបស់កញ្ញា Quynh Anh មិនទាន់មានប្រតិកម្ម ឬផ្តល់ការអត្ថាធិប្បាយណាមួយជុំវិញការដកតំណែងនេះនៅឡើយទេ។
ដំណើររឿងចម្រូងចម្រាស ចាប់ពីថ្ងៃគ្រងមកុដដល់ការបាត់ឱកាសប្រកួតអន្តរជាតិ
ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Universe Vietnam 2026 បានប្រព្រឹត្តទៅនៅទីក្រុង Hai Phong។ ចំណែកតំណែងរងទី១ ដល់រងទី៤ បានទៅលើ My Anh, Emma Maria Fernandez Le, Hong Dang និង Dieu Huyen រៀងគ្នា ខណៈអ្នករៀបចំមិនទាន់ប្រកាសពីបេក្ខភាពជំនួស Quynh Anh នៅឡើយទេ។
ដប់ថ្ងៃបន្ទាប់ពីគ្រងមកុដ មានការបែកធ្លាយសារសន្ទនាដែលអះអាងថាចេញពីក្រុមជជែកផ្ទាល់ខ្លួន (Private Group Chat) ដែលមានវត្តមានរបស់ Quynh Anh នៅលើបណ្តាញសង្គម ដោយមានពាក្យពេចន៍និយាយដើម និងវាយតម្លៃអវិជ្ជមានលើអ្នកពាក់ព័ន្ធក្នុងកម្មវិធីប្រកួត។ នៅថ្ងៃទី១៣ ខែតុលា នាងបានទទួលស្គាល់កំហុស និងសុំទោសដល់អ្នកពាក់ព័ន្ធព្រមទាំងសាធារណជន ដោយចាត់ទុកថាជាមេរៀនសម្រាប់ភាពចាស់ទុំ។
Quynh Anh ដើមឡើយត្រូវបានជ្រើសរើសឱ្យតំណាងវៀតណាមចូលរួមប្រកួត Miss Universe លើកទី៧៥ នៅប្រទេស Puerto Rico ក្នុងខែវិច្ឆិកា។ ប៉ុន្តែនៅថ្ងៃទី២១ ខែតុលា អ្នករៀបចំបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថានាងនឹងមិនចូលរួមប្រកួតនោះទេ ដោយសារវិវាទរវាងអង្គភាពកាន់សិទ្ធិបញ្ជូនបេក្ខភាពវៀតណាម និងអង្គការ Miss Universe Organization។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យវៀតណាមអវត្តមានពីឆាក Miss Universe ជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៤ មក៕






