NOCC គាំទ្រគម្រោងបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់ទូកកានូ នៅកោះរ៉ុង របស់វិនិយោគិនប៉ូឡូញ ដោយរំពឹងផ្ដល់ផលចំណេញលើសពីកីឡា
19-11-2026 10:53
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសគាំទ្រគម្រោងបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់កីឡាទូកកានូ នៅកោះរ៉ុង ខេត្តព្រះសីហនុ របស់វិនិយោគិនប៉ូឡូញ ដោយរំពឹងគម្រោងនេះ នឹងផ្ដល់ផលចំណេញលើសពីកីឡា។
ការគាំទ្រនេះធ្វើឡើងក្នុងឱកាសបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន បានអនុញ្ញាតឲ្យប្រតិភូប៉ូឡូញ ដឹកនាំដោយលោក Wojciech Zaluski សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាជាតិអូឡាំពិកប៉ូឡូញ និងវិនិយោគិនប៉ូឡូញ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក៏ដូចជាស្វែងរកការគាំទ្រគម្រោងខាងលើ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC។
លោកទេសរដ្ឋមន្ដ្រីបានបង្ហាញការឯកភាព និងគាំទ្រលើគម្រោងដ៏ពិសេសនេះ ព្រោះការបង្កើតឲ្យមានមជ្ឈមណ្ឌលហ្វឹកហាត់កីឡាទូកានូ នៅទីតាំងដ៏មានសក្ដានុពលនៃកោះរ៉ុង មិនត្រឹមផ្ដល់ផលចំណេញក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានោះទេ តែថែមទាំងបានជំរុញកំណើនភ្ញៀវទេសចរ តាមរយៈផលិតទេសចរណ៍កីឡាថ្មីមួយទៀត និងជាផ្នែកមួយក្នុងការទាក់ទាញដល់វិនិយោគិនបរទេសផងដែរ។
ដើម្បីជំរុញឲ្យគម្រោងនេះឈានទៅលេចចេញជារូបរាង លោកបណ្ឌិត ថោង ខុន ក៏បានប្រាប់ប្រតិភូ និងក្រុមវិនិយោគិនប៉ូឡូញខាងលើ ធ្វើការសិក្សាផ្ទាល់ជាមួយសហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា ដែលមានលោកអភិសន្ដិបណ្ឌិត ស សុខា ជាប្រធានសហព័ន្ធ ដើម្បីសិក្សាពីការងារបច្ចេកទេស ក្នុងគោលបំណងរៀបចំផែនការមេ និងឈានទៅអនុវត្តគម្រោងនេះឲ្យបានរលូន ស្របពេលលោក សរ សិទ្ធិ អនុប្រធានសហព័ន្ធ ក៏រីករាយនឹងកិច្ចសហការនេះដែរ។
គួរដឹងថា មូលហេតុជំរុញឲ្យមានគម្រោងបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់កីឡាទូកកានូនៅកោះរ៉ុងនេះ គឺផ្ដើមចេញពីក្ដីស្រឡាញ់ និងបទពិសោធន៍ផ្ទាល់របស់លោក Wojciech Zaluski ដែលជាអតីតកីឡាករទូកកានូមួយរូប ហើយបច្ចុប្បន្នលោកក៏កំពុងមានមុខជំនួញនៅលើកោះរ៉ុងស្រាប់។ តាមរយៈសក្ដានុពលភូមិសាស្ត្រ និងសុខសន្តិភាពរបស់កម្ពុជា លោក និងដៃគូវិនិយោគិន មានបំណងផ្សារភ្ជាប់ការអភិវឌ្ឍអាជីវកម្ម ជាមួយនឹងការរួមចំណែកលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជាឲ្យរីកចម្រើនផងដែរ៕










