* អាមេរិកបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើ OpenAI ជុំវិញការសង្ស័យថា AI ជ្រៀតចូលប្រព័ន្ធធនាគារ
* ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង
* ចំណេះដឹងទូទៅ៖ នំប្ល៊ីនី ក្នុងពិធីបុណ្យម៉ាស្លេនីតសា ជាជំនឿបុរាណ ដែលរុស្ស៊ីនៅតែរក្សា
* ក្រុមហ៊ុន Nvidia បដិសេធការវិលត្រឡប់របស់លោក Jensen Huang ចំពេលមានការស៊ើបអង្កេតពីនិយ័តករ

ធនាគារ វីង បង្ហាញដំណោះស្រាយហិរញ្ញវត្ថុសម្រាប់វិនិយោគិន ក្នុងវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ២០២៦

19-11-2026 12:08

(ភ្នំពេញ)៖ តាមរយៈវេទិកាធុរកិច្ចដ៏ធំនេះ ធនាគារ វីង បានបង្ហាញពីជម្រើសហិរញ្ញប្បទាន និងសេវាធនាគារឆ្លងដែន ដើម្បីជួយសម្រួលដល់រាល់ប្រតិបត្តិការអាជីវកម្ម និងការវិនិយោគរវាងកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង។

ធនាគារ វីង បានបង្ហាញនូវដំណោះស្រាយហិរញ្ញប្បទាន និងសេវាធនាគារឆ្លងដែនដ៏ទំនើប នៅក្នុងវេទិកាជំនួបសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ (REF 2026) ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុនអន្តរជាតិក្នុងការវិនិយោគ និងដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

នៅក្នុងវេទិកានេះ លោក ហេង ភិរុណ នាយករងប្រតិបត្តិធនាគារសាជីវកម្ម នៃធនាគារ វីង​ បានចូលរួមចែករំលែកអំពីលក្ខខណ្ឌសំខាន់ៗដែលអ្នកវិនិយោគបរទេសគួរត្រៀមលក្ខណៈ ដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ។

គួររំលឹកផងដែរថា វេទិកា REF ២០២៦ រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសម្ព័ន្ធនិយោជកនិយាយភាសាបារាំង នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការចូលរួមពីសហគ្រិនកម្ពុជា និងសហគ្រិនមកពីបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីស្វែងរកឱកាសថ្មីៗក្នុងងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ ធនាគារ វីង ក៏បានចូលរួមជាអ្នកឧបត្ថម្ភធំមួយនៃកម្មវិធីនេះផងដែរ។

ជាមួយគ្នានេះ ធនាគារ វីង ក៏បានចែករំលែកនូវគន្លឹះសំខាន់ៗជូនដល់សហគមន៍អាជីវកម្មហ្វ្រង់កូហ្វូន អំពីរបៀបដែលក្រុមហ៊ុនអាចរៀបចំ និងទទួលបានហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា។

ប្រព្រឹត្តិទៅក្រោមមូលបទ «នវានុវត្តន៍៖ កម្លាំងចលករឆ្ពោះទៅរកសហគមន៍ហ្វ្រង់កូហ្វូនប្រកបដោយបរិយាបន្ន និងចីរភាព» វេទិកាលើកទី៦ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងបំផុតដែលត្រូវបានរៀបចំឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានទាក់ទាញថ្នាក់ដឹកនាំអាជីវកម្ម អ្នកវិនិយោគ និងអ្នករៀបចំគោលនយោបាយជាង ១,០០០ នាក់ មកពីជាង ៣០ ប្រទេស មកកាន់រាជធានីភ្នំពេញ អមជាមួយនឹងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ផងដែរ។

ដោយឡែក នៅឯស្តង់របស់ធនាគារ វីង ផ្ទាល់ បានទទួលស្វាគមន៍ធុរជន និងអ្នកចូលរួមជាច្រើនដើម្បីស្វែងយល់បន្ថែមអំពីសេវាបើកប្រាក់បៀវត្ស ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាផ្ទេរប្រាក់ឆ្លងដែន ដំឡើងអេប Wing Bank ព្រមទាំងសកម្មភាពបើកគណនីធនាគារភ្លាមៗនៅនឹងកន្លែងបានយ៉ាងងាយស្រួល។

ធនាគារ វីង តែងតែដើរតួនាទីជាអ្នកផ្សាភ្ជាប់អាជីវកម្មអន្តរជាតិមកកាន់ទីផ្សារកម្ពុជា តាមរយៈមូលដ្ឋានប្រតិបត្តិការក្នុងស្រុកដ៏រឹងមាំរបស់ខ្លួន។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ធនាគារ វីង បានសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុជាង ៦០០ លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៥ ពាន់លានដុល្លារអាមេរិក សម្រាប់គណនីអតិថិជនជាង ១៥ លាន ហើយបណ្តាញផ្ទេរប្រាក់អន្តរជាតិរបស់ធនាគារ វីង ក៏បានពង្រីកវិសាលភាពគ្របដណ្តប់រហូតដល់ ១៩៥ ប្រទេស និងតំបន់ជុំវិញពិភពលោក។

ចែករំលែកក្នុងនាមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាជុំវិញឱកាសវិនិយោគក្នុងសហគមន៍និយាយភាសាបារាំង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោក ហេង ភិរុណ បានលើកឡើងពីចំណុចសំខាន់ចំនួន៣ ដែលអាជីវកម្មអន្តរជាតិត្រូវមាន ប្រសិនបើចង់ទទួលបានហិរញ្ញប្បទាននៅកម្ពុជា រួមមាន៖ ការចុះបញ្ជីអាជីវកម្មស្របច្បាប់ ការគាំទ្រច្បាស់លាស់ពីក្រុមហ៊ុនមេ និងភាពដែលអាចទទួលបានផលចំណេញពីការវិនិយោគ។

ដើម្បីអាចទទួលបានកម្ចីក្នុងស្រុក ជាដំបូង ត្រូវចុះបញ្ជីបង្កើតក្រុមហ៊ុនសម្រាប់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជាឱ្យស្របតាមច្បាប់ ទាំងក្នុងទម្រង់ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជា ឬជាសាខាក្រុមហ៊ុនដែលបានចុះបញ្ជីស្របច្បាប់។

យោងតាមច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ បានអនុញ្ញាតឱ្យមានកម្មសិទ្ធិបរទេសទាំងស្រុង​ នៅក្នុងវិស័យជាច្រើន ហើយអនុញ្ញាតឱ្យវិនិយោគិន អាចផ្ទេរប្រាក់ចំណេញបាន១០០%ទៅក្រៅប្រទេសបានទៀតផង។ ប៉ុន្តែសម្រាប់ការទទួលបានហិរញ្ញប្បទាន គ្រឹះស្ថានធនាគារក៏ត្រូវពិនិត្យមើល ពីកម្រិតការរួមចំណែកទុនរបស់ក្រុមហ៊ុនមេផងដែរ ហើយអ្វីដែលសំខាន់បំផុត គឺសមត្ថភាពក្នុងការបង្កើតលំហូរសាច់ប្រាក់ប្រកបដោយស្ថិរភាព។

លោក ហេង ភិរុណ បានលើកឡើងថា «ក្នុងនាមជាអ្នកធ្វើការផ្នែកធនាគារ យើងចូលចិត្តលេខ និងទិន្នន័យច្បាស់លាស់។ សូមនាំយកមកជាមួយនូវការសិក្សាលទ្ធភាព ដែលអាចទុកចិត្តបាន ការបែងចែកថ្លៃដើមគម្រោងឱ្យបានលម្អិត និងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាចមិនដំណើរការតាមផែនការ។ ការវិនិយោគ និងហិរញ្ញប្បទាន ត្រូវតែដើរទន្ទឹមគ្នា ដូច្នេះកុំរង់ចាំរហូតដល់អ្វីៗត្រូវបានសម្រេចរួចរាល់ ទើបចាប់ផ្តើមពិភាក្សាជាមួយធនាគារ។ សូមចាប់ផ្តើមពិភាក្សាជាមួយយើងតាំងពីដំណាក់កាលដំបូង ហើយយើងនឹងធ្វើការជិតស្និទ្ធជាមួយអ្នក ដើម្បីស្វែងរកដំណោះស្រាយហិរញ្ញប្បទានដែលសមស្របបំផុត»។

សារខ្លីនោះគឺ៖ ការចុះបញ្ជីអាជីវកម្មក្នុងស្រុកស្របតាមច្បាប់ ជួយឱ្យអ្នកមានសិទ្ធិទទួលបានហិរញ្ញប្បទាន ខណៈការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំ និងលំហូរសាច់ប្រាក់ពីការវិនិយោគប្រកបដោយស្ថិរភាព ជួយបង្កើនលទ្ធភាពទទួលបានកម្ចីពីធនាគារ។

ធនាគារ វីង ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រអាជីវកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទានជាក់ស្តែងផងដែរ។​ តួយ៉ាង កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ធនាគារ វីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានបោះដុំ ទំហំ៥០លានដុល្លារ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ថែមទាំងបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមដំបូងគេបង្អស់ដែលទទួលបានកញ្ចប់នេះ។

បន្ថែមពីនេះ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ធនាគារ វីង ក៏បានប្រកាសផ្តល់កញ្ចប់ឥណទានសរុបរហូតដល់ ៥០០ លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម អាជីវកម្មទើបបង្កើតថ្មី និងអាជីវកម្មដែលដឹកនាំដោយស្រ្តី ដោយក្នុងនោះមានឥណទានទំហំ ២០០ លានដុល្លារ ជាប្រភេទឥណទានគ្មានការប្រាក់រហូតដល់ ៧ថ្ងៃ សម្រាប់ជួយសម្រួលក្រុមហ៊ុននានាដែលបង់ពន្ធ​ និងអាករតាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិករបស់ធនាគារ វីង ដោយសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ក្នុងនាមជាធនាគារពាណិជ្ជដែលមានភាគទុនិកជាជនជាតិខ្មែរ ១០០% ធនាគារ វីង បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០០៨ ជាសេវាផ្ទេរប្រាក់ដើម្បីសម្រួលដល់ជីវភាព ប្រចាំថ្ងៃនៅក្នុងសហគមន៍។ សព្វថ្ងៃ វីង បានវិវឌ្ឍខ្លួនស្ថិតក្នុងចំណោមធនាគារកំពូលទាំង៥ នៅកម្ពុជា ដែលបាននិងកំពុងជួយសម្រួលដល់អាជីវកម្មនានា ក្នុងការទូទាត់ប្រាក់ជូនអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ការទទួលប្រាក់ពីអតិថិជន និងការទូទាត់ពន្ធអាករផ្សេងៗ នៅកន្លែងតែមួយយ៉ាងងាយស្រួល។

គោលដៅបន្ទាប់របស់យើង គឺបង្កើតច្រករបៀងពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់អាជីវកម្មកម្ពុជាទៅកាន់ទីផ្សារ និងឱកាសថ្មីៗក្នុងតំបន់។
តើលោកអ្នកកំពុងមានគម្រោងបង្កើត ឬពង្រីកអាជីវកម្មនៅកម្ពុជាមែនទេ? ធនាគារ វីង ត្រៀមខ្លួនជួយណែនាំលោកអ្នកគ្រប់ជំហាន ចាប់ពីការបើកគណនីដំបូង រហូតដល់ការទទួលបានសេវាហិរញ្ញប្បទានពាណិជ្ជកម្ម។ សូមអញ្ជើញមកកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកលេខ ០២៣ ៩៩៩ ៩៨៩ ឬលោកអ្នកក៏អាចផ្តល់ព័ត៌មានទំនាក់ទំនងនៅលើគេហទំព័រ wingbank.com.kh៕