* Elon Musk ប្តេជ្ញាបង្កើនផលិតកម្មរថយន្ត Tesla នៅចិន ខណៈរោងចក្រសៀងហៃប្រគល់រថយន្តជាង ៨១០,០០០ គ្រឿងក្នុងរយៈពេល ១០ខែ
* ប្រទេសកំពូលទាំង១០ ដែលបង្កការបំពុលមហាសមុទ្រដោយសំណល់ប្លាស្ទិក
* អាមេរិកបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើ OpenAI ជុំវិញការសង្ស័យថា AI ជ្រៀតចូលប្រព័ន្ធធនាគារ
* ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង

ការវាយប្រហារតាមអ៊ីនធឺណិតលើវិស័យហិរញ្ញវត្ថុអង់គ្លេស កើនដល់កម្រិតខ្ពស់បំផុតទី២ ក្នុងរយៈពេល ៥ឆ្នាំ

19-11-2026 13:17

(បរទេស)៖ ចំនួនករណីវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើវិស័យហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស បានកើនដល់ ៣៨ករណីក្នុងខែតុលា ដែលជាកម្រិតខ្ពស់បំផុតទី២ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ អាជ្ញាធរត្រួតពិនិត្យហិរញ្ញវត្ថុអង់គ្លេស (FCA) បានឱ្យដឹងថា ចំនួននេះកើនឡើងជាង ៥០% បើធៀបនឹងកំណត់ត្រាខ្ពស់មុនកាលពី ១៨ខែមុន ដែលបង្ហាញពីការគំរាមកំហែងកាន់តែខ្លាំងដល់ប្រព័ន្ធធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកស្រី Katharine Braddick នាយកប្រតិបត្តិនៃ PRA ដែលជាអាជ្ញាធរត្រួតពិនិត្យស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជាទេសាភិបាលរងធនាគារកណ្តាលអង់គ្លេស បានព្រមានថា ការវាយប្រហារតាមអ៊ីនធឺណិតកំពុងកើតឡើងកាន់តែញឹកញាប់ មានភាពស្មុគស្មាញ និងបង្កការខូចខាតកាន់តែធ្ងន់ធ្ងរ។ លោកស្រីបានថ្លែងថា «និយតករត្រូវមានទំនុកចិត្តថា ស្ថាប័នហិរញ្ញវត្ថុមានប្រព័ន្ធការពារសុវត្ថិភាពតាមអ៊ីនធឺណិតរឹងមាំ ហើយអាចរកឃើញ ទប់ស្កាត់ និងស្តារប្រព័ន្ធឡើងវិញបានយ៉ាងឆាប់រហ័ស នៅពេលមានឧប្បត្តិហេតុកើតឡើង»។

ដើម្បីឆ្លើយតបនឹងហានិភ័យនេះ FCA និងធនាគារកណ្តាលអង់គ្លេស បានស្នើគោលការណ៍ណែនាំថ្មីសម្រាប់ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ដោយផ្តោតលើការត្រៀមខ្លួន ការរកឃើញការវាយប្រហារ ការឆ្លើយតប និងការស្តារប្រព័ន្ធឡើងវិញ ព្រមទាំងការគ្រប់គ្រងហានិភ័យពីអ្នកផ្គត់ផ្គង់សេវាខាងក្រៅ។ សំណើនេះមានគោលបំណងពង្រឹងលក្ខខណ្ឌដែលមានស្រាប់ ដោយមិនបង្កើតកាតព្វកិច្ចគ្រប់គ្រងថ្មីឡើយ ខណៈការពិគ្រោះយោបល់នឹងបិទនៅថ្ងៃទី២៦ ខែកុម្ភៈ។

គួរជម្រាបថា ការព្រួយបារម្ភនេះកើតឡើងចំពេលការវាយប្រហារតាមអ៊ីនធឺណិតលើស្ថាប័នហិរញ្ញវត្ថុកំពុងកើតមានជាបន្តបន្ទាប់។ កាលពីដើមខែវិច្ឆិកា ធនាគារបារាំង Credit Mutuel Arkéa បានរាយការណ៍ថា ខ្លួនបាត់បង់ប្រាក់ប្រមាណ ១០០លានអឺរ៉ូ ដោយសារការវាយប្រហារតាមអ៊ីនធឺណិត ខណៈវេទិកាជួញដូររូបិយប័ណ្ណឌីជីថល Binance បានបញ្ជាក់ថា ក្រុមហេកឃ័របានលួចទ្រព្យសកម្មឌីជីថលមានតម្លៃ ៦,៣ពាន់លានដុល្លារ។ ជាមួយគ្នានេះ និយតករអង់គ្លេសក៏បានចេញការណែនាំបន្ថែមស្តីពីការគ្រប់គ្រងហានិភ័យសន្តិសុខតាមអ៊ីនធឺណិត ដែលពាក់ព័ន្ធនឹង AI ជំនាន់ថ្មី និងបច្ចេកវិទ្យាកុំព្យូទ័រ Quantum ផងដែរ៕