មេគង្គណិត និង VNPT របស់វៀតណាម ពង្រីកសេវាសន្តិសុខសាយប័រ បរិវត្តកម្មឌីជីថល និង AI នៅកម្ពុជា
19-11-2026 14:17
(ភ្នំពេញ)៖ ក្រុមហ៊ុន មេគង្គណិត ដែលជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតរបស់កម្ពុជា និងក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើសេវាសន្តិសុខសាយប័រ បញ្ញាសិប្បនិម្មិត (AI) និងបរិវត្តកម្មឌីជីថល សម្រាប់អាជីវកម្ម និងស្ថាប័នសាធារណៈនៅកម្ពុជា។
កិច្ចព្រមព្រៀងនេះ ពង្រីកភាពជាដៃគូដែលមានតាំងពីឆ្នាំ២០០៨ ដែលកាលពីដំបូងផ្ដោតលើសេវាទូរគមនាគមន៍អន្តរជាតិ ខ្សែជួលឯកជន និងការតភ្ជាប់ឆ្លងព្រំដែន។
ក្រោមកិច្ចព្រមព្រៀងថ្មីនេះ VNPT នឹងផ្ដល់វេទិកាបច្ចេកវិទ្យា និងជំនាញរបស់ខ្លួនក្នុងវិស័យសន្តិសុខសាយប័រ AI អ៊ីនធឺណិតនៃវត្ថុ (IoT) និងដំណោះស្រាយរដ្ឋាភិបាលឌីជីថល។ ចំណែក មេគង្គណិត នឹងរួមចំណែកដោយបណ្ដាញរបស់ខ្លួនដែលគ្របដណ្ដប់ទូទាំង ២៥ រាជធានី-ខេត្ត មជ្ឈមណ្ឌលទិន្នន័យនៅរាជធានីភ្នំពេញ និងក្រុមវិស្វករក្នុងស្រុក។
ក្រុមហ៊ុនទាំងពីរបានឱ្យដឹងថា ភាពជាដៃគូនេះនឹងជួយឱ្យស្ថាប័ននានានៅកម្ពុជា អាចប្រើប្រាស់សេវាឌីជីថលទំនើបៗ ដោយមានការគាំទ្របច្ចេកទេសផ្ដល់ជូននៅក្នុងស្រុក។
«អស់រយៈពេល ២០ឆ្នាំមកនេះ មេគង្គណិត បានតភ្ជាប់គេហដ្ឋាន អាជីវកម្ម និងស្ថាប័ននានានៅកម្ពុជា។ សព្វថ្ងៃ ពួកគេត្រូវការច្រើនជាងការតភ្ជាប់ គឺត្រូវការការពារប្រព័ន្ធ និងទិន្នន័យរបស់ខ្លួន ព្រមទាំងប្រើប្រាស់ AI ប្រកបដោយទំនុកចិត្ត» នេះជាប្រសាសន៍របស់លោកស្រី សុខ ចាន់ដា នាយិកាប្រតិបត្តិ (CEO) នៃក្រុមហ៊ុន មេគង្គណិត។
លោកស្រីបានបន្តថា កិច្ចព្រមព្រៀងនេះនឹងផ្សារភ្ជាប់វេទិកាបច្ចេកវិទ្យា និងអ្នកជំនាញជាន់ខ្ពស់របស់ VNPT ជាមួយហេដ្ឋារចនាសម្ព័ន្ធ និងជំនាញក្នុងស្រុករបស់ មេគង្គណិត ដើម្បីផ្ដល់ជូនអាជីវកម្ម និងស្ថាប័ននានា នូវសេវាសន្តិសុខសាយប័រដែលមានការគាំទ្រនៅក្នុងប្រទេសកម្ពុជា។
នៅស្តង់ពិព័រណ៍រួមលេខ E1–E4 ក្រុមហ៊ុនទាំងពីរដាក់បង្ហាញសេវាក្នុងវិស័យចំនួនបួន គឺសន្តិសុខសាយប័រ បញ្ញាសិប្បនិម្មិត IoT និងរដ្ឋាភិបាលឌីជីថល។
សេវាចម្បងមួយក្នុងចំណោមនោះ គឺ MekongDefense SOC ដែលជាសេវាមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (SOC) គ្រប់គ្រងរួមគ្នាដោយ មេគង្គណិត និង VNPT។ សេវានេះត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ការតាមដាន ២៤ម៉ោងលើ២៤ម៉ោង ការរកឃើញការគំរាមកំហែង និងការឆ្លើយតបនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ ដែលប៉ះពាល់ដល់ធនាគារ អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងស្ថាប័នសាធារណៈ។
ក្រុមហ៊ុនទាំងពីរបានឱ្យដឹងថា ទិន្នន័យអតិថិជននឹងត្រូវបានដំណើរការ និងរក្សាទុកនៅមជ្ឈមណ្ឌលទិន្នន័យរបស់ មេគង្គណិត នៅរាជធានីភ្នំពេញ ដោយមានវិស្វករក្នុងស្រុកផ្ដល់ការគាំទ្រនៅនឹងកន្លែង។
ការបង្ហាញបច្ចេកវិទ្យា AI រួមមាន បច្ចេកវិទ្យាស្គាល់អតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (eKYC) សម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណ ប្រព័ន្ធគ្រប់គ្រងការចេញចូលដោយស្គាល់ផ្ទៃមុខ និង SmartVision ដែលប្រើការវិភាគវីដេអូ សម្រាប់ការធានាសន្តិសុខអគារ គេហដ្ឋាន ហាងលក់ទំនិញ និងរោងចក្រ ព្រមទាំងការតាមដានចរាចរណ៍។
សេវា IoT រួមមាន វេទិកាសម្រាប់គ្រប់គ្រងឧបករណ៍ឆ្លាតវៃក្នុងផ្ទះ និងបច្ចេកវិទ្យា AI Camera ដែលអាចវិភាគរូបភាពវីដេអូពីកាមេរ៉ាដែលមានស្រាប់ ដើម្បីរកឃើញ និងជូនដំណឹងដល់អ្នកប្រើប្រាស់អំពីសកម្មភាពមិនប្រក្រតី។
ក្រុមហ៊ុនទាំងពីរក៏ដាក់បង្ហាញដំណោះស្រាយរដ្ឋាភិបាលឌីជីថលផងដែរ រួមមាន វិបផតថលសេវាសាធារណៈតាមអនឡាញ កម្មវិធីទូរស័ព្ទសម្រាប់ប្រជាពលរដ្ឋ ខ្សែទូរស័ព្ទគាំទ្រតាមពហុបណ្ដាញ និងម៉ាស៊ីនបម្រើសេវាដោយខ្លួនឯងដំណើរការដោយ AI (AI Kiosk) សម្រាប់ការិយាល័យច្រកចេញចូលតែមួយ។
តំណាងក្រុមហ៊ុន VNPT បានឱ្យដឹងថា វត្តមានដ៏យូរអង្វែងរបស់ មេគង្គណិត នៅកម្ពុជា និងការយល់ដឹងច្បាស់អំពីទីផ្សារក្នុងស្រុក ធ្វើឱ្យ មេគង្គណិត ក្លាយជាដៃគូគួរឱ្យទុកចិត្ត ក្នុងការនាំយកបច្ចេកវិទ្យារបស់ក្រុមហ៊ុនវៀតណាមនេះ មកជូនស្ថាប័ននានានៅកម្ពុជា។
ពិព័រណ៍ FrancoTech 2026 ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។
មេគង្គណិត បានឱ្យដឹងថា ស្ថាប័នដែលចាប់អារម្មណ៍លើសេវាសន្តិសុខសាយប័ររបស់ខ្លួន អាចស្នើសុំការវាយតម្លៃដោយឥតគិតថ្លៃ តាមរយៈគេហទំព័រ https://www.mekongnet.com.kh/https://www.mekongnet.com.kh/ ឬតាមលេខទូរស័ព្ទ ០២៣ ២២ ៦៦ ២២។
មេគង្គណិត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ និងផ្ដល់សេវាតភ្ជាប់អ៊ីនធឺណិត មជ្ឈមណ្ឌលទិន្នន័យ Cloud សន្តិសុខសាយប័រ និងបច្ចេកវិទ្យាព័ត៌មាន នៅទូទាំងប្រទេសកម្ពុជា។ VNPT គឺជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាដ៏ធំមួយរបស់វៀតណាម ដែលអង្គភាពអន្តរជាតិរបស់ខ្លួនបានបើកការិយាល័យតំណាងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៤៕








