* Elon Musk ប្តេជ្ញាបង្កើនផលិតកម្មរថយន្ត Tesla នៅចិន ខណៈរោងចក្រសៀងហៃប្រគល់រថយន្តជាង ៨១០,០០០ គ្រឿងក្នុងរយៈពេល ១០ខែ
* ប្រទេសកំពូលទាំង១០ ដែលបង្កការបំពុលមហាសមុទ្រដោយសំណល់ប្លាស្ទិក
* អាមេរិកបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើ OpenAI ជុំវិញការសង្ស័យថា AI ជ្រៀតចូលប្រព័ន្ធធនាគារ
* ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង

Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ

19-11-2026 15:00

(ញូវយ៉ក)៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត Anthropic (អ្នកបង្កើត Chatbot ដ៏ល្បី Claude) បានបង្កើតប្រវត្តិសាស្ត្រថ្មីនៅក្នុងទីផ្សារភាគហ៊ុនពិភពលោក ដោយរៃអង្គាសទុនបានរហូតដល់ ៨១.៣ ប៊ីលានដុល្លារ ក្នុងការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយជំរុញឱ្យតម្លៃក្រុមហ៊ុនសរុបហក់ឡើងដល់ ១.៥ ទ្រីលានដុល្លារ។

ជោគជ័យដ៏មហាសាលនេះបានកើតឡើងចំពេលដែលទីផ្សារភាគហ៊ុនបច្ចេកវិទ្យា និង AI កំពុងជួបភាពរង្គោះរង្គើ ក្រោយការចាកចេញភ្លាមៗរបស់លោក Jensen Huang ពីក្រុមហ៊ុន Nvidia និងក្តីបារម្ភជុំវិញថ្លៃដើមហេដ្ឋារចនាសម្ព័ន្ធ AI ដ៏ខ្ពស់កប់ពពក។

Anthropic ដែលជាអ្នកអភិវឌ្ឍគំរូ AI ឈានមុខគេ និងដំបូងគេបង្អស់ដែលចូលទីផ្សារភាគហ៊ុន បានកំណត់តម្លៃភាគហ៊ុននៅត្រឹម ៨៣ ដុល្លារក្នុងមួយហ៊ុន ខ្ពស់ជាងការរំពឹងទុកដំបូង (៧០ ទៅ ៧៨ ដុល្លារ)។ ដោយសារតម្រូវការពីវិនិយោគិនខ្ពស់ខ្លាំង ក្រុមហ៊ុនបានបង្កើនចំនួនភាគហ៊ុនលក់ប្រមាណ ១៩% រហូតដល់ ៩៨០ លានហ៊ុន។

ទំហំ IPO នេះបានបំបែកកំណត់ត្រាចាស់របស់ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋី Elon Musk ដែលទើបតែបង្កើតកំណត់ត្រាកាលពីខែមិថុនា ឆ្នាំ២០២៦។

បូករួមទាំងការលក់ភាគហ៊ុនឯកជន ចំនួន ២៦ ប៊ីលានដុល្លារ បន្ថែមទៀតក្នុងតម្លៃ IPO ដូចគ្នា ធ្វើឱ្យទំហំប្រតិបត្តិការសរុបរបស់ Anthropic ឈានដល់ ១០៧.៣ ប៊ីលានដុល្លារ។ ភាគហ៊ុនរបស់ Anthropic នឹងចាប់ផ្តើមជួញដូរនៅលើផ្សារហ៊ុន Nasdaq ក្រោមនិមិត្តសញ្ញា «ANT» ដោយមានធនាគារយក្ស Goldman Sachs និង Morgan Stanley ជាអ្នកដឹកនាំការធានាទិញលក់។

ឯកសារ IPO បានបង្ហាញពីតួលេខហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើលទាំងផ្នែកចំណូល និងចំណាយ។ គិតត្រឹមថ្ងៃទី៣១ ខែតុលា អត្រាប្រាក់ចំណូលប្រចាំឆ្នាំរបស់ Anthropic បានឈានដល់ ៨១ ប៊ីលានដុល្លារ (កើនឡើង ១០ ប៊ីលានដុល្លារក្នុងរយៈពេលត្រឹមតែមួយខែ) ដែលជំរុញដោយការពេញនិយមខ្លាំងនៃគំរូ Claude ជាពិសេសឧបករណ៍សរសេរកូដ Claude Code។ ក្រុមហ៊ុនមានអតិថិជនដែលបង្កើតចំណូលយ៉ាងតិច ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ រហូតដល់ ១១,៩០០ ក្រុមហ៊ុន ធៀបនឹងជាង ១,៥០០ ក្រុមហ៊ុនកាលពីចុងឆ្នាំមុន។

ទោះបីជាប្រាក់ចំណូលត្រីមាសទី៣ កើនឡើង ៤៧% ដល់ ១៦.៩៦ ប៊ីលានដុល្លារ ក៏ដោយ ក៏ក្រុមហ៊ុននៅតែមានការខាតបង់សុទ្ធ ចំនួន ២៣.៣ ប៊ីលានដុល្លារ។ លើសពីនេះ Anthropic បានចុះកិច្ចសន្យាចំណាយរហូតដល់ជិត ៩០០ ប៊ីលានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងគណនាជាមួយដៃគូដូចជា Amazon និង Google។

ទិន្នន័យពី Ramp បង្ហាញថា គំរូ GPT-6 Astra របស់ OpenAI កាន់កាប់ចំណែកចំណាយ AI របស់សហគ្រាសប្រមាណ ១៣% ខណៈ Claude Fable របស់ Anthropic មានប្រមាណ ៨%។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនធំៗចំនួន ៥៩% កំពុងងាកទៅរកគំរូ AI ប្រភេទ Open-Weight ដើម្បីកាត់បន្ថយការចំណាយ ហើយសូម្បីតែអតិថិជនធំបំផុតមួយរបស់ Anthropic គឺ Meta Platforms ក៏កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើ Anthropic ដោយអភិវឌ្ឍបច្ចេកវិទ្យាផ្ទាល់ខ្លួនដែរ។

Anthropic បានព្រមាននៅក្នុងឯកសារ IPO ថា ដៃគូផ្គត់ផ្គង់កម្លាំងគណនារបស់ខ្លួនពឹងផ្អែកលើឥណទាន និងហិរញ្ញប្បទានពីភាគីទីបីដើម្បីទិញបន្ទះឈីប។ ប្រសិនបើហិរញ្ញប្បទានទាំងនោះរអាក់រអួល ការផ្គត់ផ្គង់កម្លាំងគណនាអាចនឹងត្រូវពន្យារពេល ឬកាត់បន្ថយ។ ជាមួយគ្នានេះ នាយកប្រតិបត្តិលោក Dario Amodei ក៏កំពុងប្រឈមនឹងបញ្ហាក្នុងការថ្លឹងថ្លែងរវាងមហិច្ឆតាពាណិជ្ជកម្ម និងគោលការណ៍សុវត្ថិភាព AI ដែលលោកធ្លាប់អំពាវនាវឱ្យឧស្សាហកម្មទាំងមូលបន្ថយល្បឿននៃការអភិវឌ្ឍ៕