ធនាគារខេប៊ីប្រាសាក់ គាំទ្រវិស័យអប់រំ និងរួមចំណែកជួយឱ្យអនាគតកុមារនៅកម្ពុជា កាន់តែភ្លឺស្វាង
19-11-2026 18:08
(ភ្នំពេញ)៖ ដើម្បីពង្រឹងតួនាទីរបស់ខ្លួនក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា KB Kookmin Bank ដែលជាក្រុមហ៊ុនមេនៅប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ភាគទុនិកតែមួយគត់របស់ធនាគារ ខេប៊ីប្រាសាក់ ម.ក បានរៀបចំពិធីប្រគល់អាហារូបករណ៍ KB Kookmin Bank ឆ្នាំ 2026 សម្រាប់កុមារជំងឺបេះដូង នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន (Hebron Medical Center) ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមជាមួយនឹងការពិនិត្យឡើងវិញ កាន់តែទូលំទូលាយអំពីគំនិតផ្តួចផ្តើម លើការងារសង្គមរបស់ធនាគារ (CSR) ដែលកំពុងដំណើរការ។
នៅក្នុងពិធីនោះ អាហារូបករណ៍ត្រូវបានប្រគល់ជូនកុមារកម្ពុជាចំនួន២៥នាក់ ដែលបានកំពុងជាសះស្បើយពីការវះកាត់ជំងឺបេះដូង និងលើកទឹកចិត្តដល់ពួកគេ ក្នុងការខិតខំបន្តថែរក្សាសុខភាព និងបន្តការសិក្សា។ កម្មវិធីនេះមានការចូលរួមពីលោក Kim Hyun Rae អនុប្រធាននាយកប្រតិបត្តិនៃធនាគារខេប៊ីប្រាសាក់ (និងជាតំណាង KB Kookmin Bank និង KB Financial Group) និងលោក Park Cheol-soon ប្រធានប្រតិបត្តិមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន រួមជាមួយថ្នាក់ដឹកនាំ បុគ្គលិកពេទ្យ ក្រុមគ្រួសារ និងភ្ញៀវកិត្តិយស។
កិច្ចខិតខំប្រឹងប្រែងនេះ បន្តកសាងលើការថែទាំបេះដូងកុមារ និងការគាំទ្រយុវជនរយៈពេលវែង៖
* ការវះកាត់ និងថែទាំជំងឺបេះដូង៖ ចាប់តាំងពីឆ្នាំ២០១២មក KB Kookmin Bank បានសហការជាមួយស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុកូរ៉េ (FSS) និងកងទ័ពសង្គ្រោះ (The Salvation Army) ដើម្បីនាំកុមារកម្ពុជាដែលមានជំងឺបេះដូង ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលការវះកាត់ដោយឥតគិតថ្លៃ និងការថែទាំក្រោយវះកាត់—ជាអាទិ៍កុមារចំនួន៦ នាក់ ដែលត្រូវបានអញ្ជើញឱ្យទៅវះកាត់ និងព្យាបាលនៅឆ្នាំនេះ ដែលធ្វើឱ្យចំនួនអ្នកជំងឺសរុប ដែលបានទទួលជំនួយកើនដល់១១៣នាក់ គិតត្រឹមខែសីហា ឆ្នាំ២០២៦។ KB Kookmin Bank ក៏បានបង្កើតមជ្ឈមណ្ឌលបេះដូង KB Kookmin Bank ហេប្រុន នៅកម្ពុជា ក្នុងឆ្នាំ២០១៤ផងដែរ។
* អាហារូបករណ៍ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ ក្រៅពីការជួយដល់និស្សិតសាកលវិទ្យាល័យដែលមានជីវភាពខ្វះខាត តាមរយៈមូលនិធិសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ត.ម) ធនាគារខេប៊ីប្រាសាក់ បានលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជន និងប្រជាជនទូទៅ—ដោយមានប្រធានបទលើការគ្រប់គ្រងទម្លាប់ប្រចាំថ្ងៃដូចជា ការសន្សំ និងការគ្រប់គ្រងការចំណាយ—ខណៈដែលធនាគារបានចូលរួមគាំទ្រក្នុងការទទួលបានការអប់រំទូទៅ។
* បច្ចេកវិទ្យា និងអាជីពការងារ៖ ចាប់តាំងពីឆ្នាំ២០២៣ មក Cambodia KB IT Academy បានបណ្តុះបណ្តាលក្រុមនិស្សិតជារៀងរាល់ឆ្នាំលើផ្នែកឌីជីថលនិងព័ត៌មានវិទ្យា សម្រាប់វិស័យហិរញ្ញវត្ថុ ដោយភ្ជាប់ជំនាញជាក់ស្តែងផ្នែកវិភាគទិន្នន័យ (Data Analytics) និងបញ្ញាសិប្បនិម្មិត (AI) ជាមួយនឹងអាហារូបករណ៍សម្រាប់និស្សិតបញ្ចប់ការសិក្សាឆ្នើម និងការគាំទ្រការស្វែងរកការងារអាជីព។
ដោយទទួលស្គាល់ថា អក្ខរកម្ម និងការអប់រំ គឺជាកម្លាំងជំរុញនៃការរីកចម្រើនរយៈពេលវែង ធនាគារខេប៊ីប្រាសាក់ បានវិនិយោគជិត 2 លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០១១ ដើម្បីសាងសង់អគារបណ្ណាល័យ និងអគារសិក្សាចំនួន៥០ខ្នង នៅទូទាំង១៦រាជធានី-ខេត្ត។ អគារនីមួយៗត្រូវបានបំពាក់ដោយសៀវភៅអានដែលបានជ្រើសរើស ធ្នើរដាក់សៀវភៅ តុ កៅអី ទូ ហិបរក្សាទុក សម្ភារៈការិយាល័យ កុំព្យូទ័រ និងក្តារខៀន។
អ្នកទទួលផលនៃគម្រោងនេះ៖ បានគាំទ្រដល់សិស្សានុសិស្សសកម្មចំនួន៣៦,៧២៨នាក់ គ្រូបង្រៀនសកម្ម១,២៤៤នាក់ និងគ្រួសារចំនួន១១២,៩៥៥គ្រួសារ (ស្មើនឹងប្រជាជនសរុប ៤៦៧,២០៩នាក់) នៅទូទាំង៥១០ភូមិ រួមជាមួយនឹងការបន្ថែមដោយការបរិច្ចាគសៀវភៅជាបន្តបន្ទាប់ និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសាលារៀន។
ធនាគារខេប៊ីប្រាសាក់ ភ្ជាប់ការអភិវឌ្ឍរយៈពេលវែងជាមួយនឹងជំនួយសង្គ្រោះបន្ទាន់នៅពេលមានគ្រាអាសន្ន៖
* ជំនួយសង្គ្រោះពេលគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ធនាគារបានបញ្ចេញថវិកាជំនួយសង្គ្រោះបន្ទាន់អតិថិជនគោលដៅ ចំនួន៦៥ពាន់ដុល្លារអាមេរិក—ដោយរួមបញ្ចូលជំនួយជាសាច់ប្រាក់ភ្លាមៗជាមួយនឹងជំនួយជាសម្ភារៈចាំបាច់—ដើម្បីជួយអតិថិជនស្តារឡើងវិញពីខ្យល់កន្ត្រាក់ ទឹកជំនន់ អគ្គីភ័យ និងគ្រោះថ្នាក់ផ្សេងៗ។
* ការឧបត្ថម្ភសហគមន៍ និងមនុស្សធម៌កាន់តែទូលំទូលាយ៖ ចាប់តាំងពីឆ្នាំ២០១៤ ធនាគារខេប៊ីប្រាសាក់ បានរួមចំណែកថវិកា៣.៣លានដុល្លារអាមេរិក លើការឧបត្ថម្ភជាយុទ្ធសាស្ត្រនានា យុទ្ធនាការមនុស្សធម៌ និងការបរិច្ចាគដល់សហគមន៍ តាមរយៈភាពជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នរដ្ឋាភិបាល សហព័ន្ធធុរកិច្ច គ្រឹះស្ថានអប់រំ និងអាជ្ញាធរមូលដ្ឋាន។
ការរួមចំណែកគួរឱ្យកត់សម្គាល់រួមមាន ការបរិច្ចាគថវិកា៤០០លានរៀល ជូនកាកបាទក្រហមកម្ពុជា នៅឆ្នាំ២០២៦ និង៥០០,០០០ដុល្លារអាមេរិក នៅឆ្នាំ២០២៥ សម្រាប់ការស្តារឡើងវិញ និងអភិវឌ្ឍតំបន់ព្រំដែន និងប្រជាពលរដ្ឋភៀសសឹក រួមជាមួយនឹងអង្ករ និងសម្ភារៈចាំបាច់ដែលរួមចំណែក ដោយមូលនិធិសប្បុរសធម៌របស់បុគ្គលិកធនាគារខេប៊ីប្រាសាក់ផងដែរ៕





