ក្រុមហ៊ុនវៀតណាម ហ័ងអញហ្សាសឡាយ ផ្តល់ជំនួយឥតសំណងជាង២លានដុល្លារ សម្រាប់ការសាងសង់កីឡដ្ឋានជូនខេត្តស្ទឹងត្រែង គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល១០ខែ
19-11-2026 19:28
(ស្ទឹងត្រែង)៖ ក្រុមហ៊ុន ហ័ងអញហ្សាសឡាយ - Hoàng Anh Gia Lai (HAGL) របស់ប្រទេសវៀតណាម បានផ្តល់ជំនួយឥតសំណងជាង២លានដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីសាងសង់កីឡដ្ឋាន «ស្ទឹងត្រែង ហ័ងអញហ្សាសឡាយ» ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល១០ខែ។
ពិធីបើកការដ្ឋានសាងសង់កីឡដ្ឋាននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានលោក សរ សូពុត្រា អភិបាលខេត្តស្ទឹងត្រែង និងលោក ដួង ង្វៀន ឌឹក (Đoàn Nguyên Đức) ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HAGL ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
គម្រោងនេះជាជំនួយឥតសំណងរបស់ក្រុមហ៊ុនវៀតណាម ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡានៅខេត្តស្ទឹងត្រែង ដោយមិនមែនជាការវិនិយោគដើម្បីស្វែងរកប្រាក់ចំណេញនោះឡើយ។
កីឡដ្ឋានថ្មីនេះត្រូវបានរំពឹងថា នឹងផ្តល់ទីតាំងសម្រាប់យុវជន និងប្រជាពលរដ្ឋក្នុងការហ្វឹកហាត់ ប្រកួត និងរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗ ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យកីឡាក្នុងខេត្ត។
គួរបញ្ជាក់ថា លោក ដួង ង្វៀន ឌឹក ក៏មានសកម្មភាពអាជីវកម្មនៅខេត្តស្ទឹងត្រែង តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធផងដែរ។ ការផ្តល់ជំនួយសាងសង់កីឡដ្ឋាននេះ គឺជាការបង្ហាញពីការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍសហគមន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងវៀតណាម៕


















