* ស្វែងយល់ពីសំណុំរឿងក្តៅគគុករបស់ Nvidia ទាំងករណីរត់ពន្ធឈីប AI ទៅចិន និងការស៊ើបអង្កេតរឿងប្រឆាំងភាពផ្តាច់មុខ
* Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ
* Elon Musk ប្តេជ្ញាបង្កើនផលិតកម្មរថយន្ត Tesla នៅចិន ខណៈរោងចក្រសៀងហៃប្រគល់រថយន្តជាង ៨១០,០០០ គ្រឿងក្នុងរយៈពេល ១០ខែ
* ប្រទេសកំពូលទាំង១០ ដែលបង្កការបំពុលមហាសមុទ្រដោយសំណល់ប្លាស្ទិក
* ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង

កូរ៉េខាងត្បូងក្លាយជាប្រទេសទី៤ លើពិភពលោកដែលការនាំចេញហក់លើស ១ទ្រីលានដុល្លារ ដោយសារតម្រូវការបន្ទះឈីប AI

20-11-2026 09:15

(បរទេស)៖ ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០២៦ បានកើនលើស ១ទ្រីលានដុល្លារជាលើកដំបូង ដោយសារកំណើនតម្រូវការបន្ទះឈីបសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅទូទាំងពិភពលោក។ សមិទ្ធផលនេះធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសទី៤ លើពិភពលោកដែលសម្រេចបានកម្រិតនាំចេញនេះ បន្ទាប់ពីអាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចិន។ ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានឱ្យដឹងថា តួលេខនេះត្រូវបានសម្រេចនៅថ្ងៃព្រហស្បតិ៍ ខណៈការនាំចេញសរុបកាលពីឆ្នាំមុនមានចំនួន ៧០៩ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

កំណើននេះបានមកពីការរីកចម្រើននៃការវិនិយោគលើ AI ដែលជំរុញតម្រូវការបន្ទះឈីប និងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់កូរ៉េខាងត្បូង ដូចជា Samsung Electronics និង SK Hynix។ ទោះជាយ៉ាងណា តម្រូវការក្នុងស្រុកនៅតែខ្សោយ ដោយប្រជាជនជាច្រើនមិនទាន់ទទួលបានផលប្រយោជន៍ពីកំណើនការនាំចេញនៅឡើយ ខណៈអត្រាការប្រាក់ និងតម្លៃទំនិញខ្ពស់កំពុងប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានថ្លែងតាមបណ្ដាញសង្គម X ថា៖ «ឥឡូវនេះ យើងត្រូវប្រែក្លាយសមិទ្ធផលនេះទៅជាកំណើនប្រកបដោយចីរភាព។ យើងនឹងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មសំខាន់ៗ និងជំរុញវិស័យដែលជាកម្លាំងចលករកំណើននាពេលអនាគត ដូចជា AI និងជីវសាស្រ្ត»។ លោកបានបន្ថែមថា៖ «សំខាន់បំផុត សមិទ្ធផលនៃការនាំចេញត្រូវតែជួយលើកកម្ពស់ជីវភាពប្រជាជន ដោយចែករំលែកឱកាស និងផលប្រយោជន៍ពីកំណើនជាមួយក្រុមហ៊ុនធំៗ និងតូចៗ ព្រមទាំងតំបន់រាជធានី និងតំបន់ផ្សេងៗទៀត»។

ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងបង្កើតមូលនិធិ Future Response Fund ទំហំ ១៦២.៣ទ្រីលានវ៉ុន (ប្រមាណ ១២១.៩៤ពាន់លានដុល្លារ) ដោយប្រើប្រាស់ចំណូលពន្ធបន្ថែមពីការរីកចម្រើននៃវិស័យបន្ទះឈីប ដើម្បីគាំទ្រឧស្សាហកម្មអនាគត យុវជន ការអភិវឌ្ឍតំបន់ និងវិស័យអប់រំ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុបានព្យាករថា សេដ្ឋកិច្ចប្រទេសនេះអាចកើនឡើងដល់កម្រិតមធ្យម ៣% នៅឆ្នាំនេះ បន្ទាប់ពីកើនឡើងត្រឹម ១% កាលពីឆ្នាំមុន៕