* ស្វែងយល់ពីសំណុំរឿងក្តៅគគុករបស់ Nvidia ទាំងករណីរត់ពន្ធឈីប AI ទៅចិន និងការស៊ើបអង្កេតរឿងប្រឆាំងភាពផ្តាច់មុខ
* Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ
* Elon Musk ប្តេជ្ញាបង្កើនផលិតកម្មរថយន្ត Tesla នៅចិន ខណៈរោងចក្រសៀងហៃប្រគល់រថយន្តជាង ៨១០,០០០ គ្រឿងក្នុងរយៈពេល ១០ខែ
* ប្រទេសកំពូលទាំង១០ ដែលបង្កការបំពុលមហាសមុទ្រដោយសំណល់ប្លាស្ទិក
* ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង

iPhone 20 Pro អាចវិលមកប្រើស៊ុមទីតានីញ៉ូមវិញ ជាមួយការរចនាតួខ្លួនកោងប្លែកពីមុន

20-11-2026 10:35

(បរទេស)៖ ក្រុមហ៊ុន Apple អាចនឹងនាំយកស៊ុមទីតានីញ៉ូមមកប្រើប្រាស់វិញលើ iPhone 20 Pro ដែលគ្រោងបង្ហាញខ្លួននៅឆ្នាំ២០២៧ បន្ទាប់ពីបានប្តូរមកប្រើស៊ុមអាលុយមីញ៉ូមលើ iPhone 17 Pro និង iPhone 18 Pro។ ក្រៅពីការប្រើស៊ុមទីតានីញ៉ូមវិញ iPhone ជំនាន់ថ្មីនេះក៏អាចមានការរចនាតួខ្លួនកោង ដែលខុសពីម៉ូដែលមុនៗផងដែរ នេះបើយោងតាមការចេញផ្សាយរបស់ GSMArena។

ប្រភពព័ត៌មានលេចធ្លាយ Fixed Focus Digital បានបង្ហោះលើបណ្តាញសង្គម Weibo ថា Apple កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍស៊ុមទីតានីញ៉ូមសម្រាប់ iPhone 20 Pro ដោយមានរូបរាងស្រដៀងនឹង iPhone Air ប៉ុន្តែមានគែមកោងមូលជាងមុន។ កាលពីខែសីហា ប្រភពដដែលនេះក៏ធ្លាប់បានអះអាងថា iPhone ស៊េរីពិសេសសម្រាប់អបអរខួប ២០ ឆ្នាំរបស់ Apple នឹងមានការរចនាស៊ុមស្រដៀងនឹង iPhone Air ដែលជាម៉ូដែលមានតួខ្លួនស្ដើង និងប្រើប្រាស់ស៊ុមទីតានីញ៉ូម។ ការលេចធ្លាយថ្មីនេះកាន់តែបង្កើនការរំពឹងទុកថា Apple អាចនឹងនាំយកសម្ភារៈ និងរចនាបថនេះមកប្រើប្រាស់លើទូរស័ព្ទស៊េរី Pro ជំនាន់ថ្មី។

ជាមួយគ្នានេះ ប្រភពព័ត៌មានលេចធ្លាយមួយទៀតបានអះអាងថា Apple កំពុងអភិវឌ្ឍ iPhone ចំនួន ៤ ម៉ូដែលសម្រាប់ឆ្នាំ២០២៧ ក្នុងនោះ ២ ម៉ូដែលនឹងប្រើប្រាស់កញ្ចក់កោងទាំងបួនជ្រុង។ ប្រសិនបើព័ត៌មាននេះក្លាយជាការពិត iPhone 17 Pro និង iPhone 18 Pro នឹងក្លាយជាទូរស័ព្ទស៊េរី Pro តែពីរជំនាន់ប៉ុណ្ណោះដែលប្រើស៊ុមអាលុយមីញ៉ូម ចាប់តាំងពី Apple បានចាប់ផ្តើមប្រើស៊ុមទីតានីញ៉ូមលើ iPhone 15 Pro។ ទោះបីជាព័ត៌មានលេចធ្លាយថ្មីមិនបានបញ្ជាក់ជាក់លាក់អំពីម៉ូដែល Pro Max ក៏ដោយ ក៏ការរំពឹងទុកកន្លងមកបានបង្ហាញថា ការរចនាថ្មីនេះអាចនឹងអនុវត្តលើម៉ូដែល Pro ទាំងពីរ។

យ៉ាងណាក៏ដោយ Apple មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីព័ត៌មានទាំងនេះនៅឡើយទេ។ iPhone 20 Pro Series ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅខែកញ្ញា ឆ្នាំ២០២៧ ដូច្នេះលក្ខណៈពិសេស និងការរចនារបស់ទូរស័ព្ទស៊េរីថ្មីនេះអាចនឹងមានការផ្លាស់ប្តូរបន្ថែមទៀត មុនពេលការប្រកាសជាផ្លូវការ៕