គ្រូព្រះខ័នរាជថា កូនក្រុមធ្វើបានល្អជាងប្រកួតផ្សេងៗ ក្រោយលត់ក្រុមថៃ ៤-១
20-11-2026 10:59
(ភ្នំពេញ)៖ លោក Matthew McConkey គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានបង្ហាញការពេញចិត្តខ្លាំង ចំពោះទម្រង់លេង និងការខំប្រឹងរបស់កូនក្រុមរហូតចាត់ទុកជ័យជម្នះ ៤-១ លើក្រុម Port FC របស់ថៃយប់មិញនេះ គឺជាការប្រកួតដែលក្រុមធ្វើបានល្អជាងការប្រកួតផ្សេងៗ។
ក្នុងសន្និសីទក្រោយជំនួបខាងលើ គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានគូសបញ្ជាក់ថា «ការប្រកួតនេះ យើងដឹងថា លេងជាមួយក្រុមមួយដែលល្អ ហើយជាក់ស្ដែងក្នុងការប្រកួតនេះ អ្វីដែលសំខាន់ គឺយើងចង់លើកតម្កើងមុខមាត់ក្រុមរបស់យើង។ សម្រាប់គុណភាពក្រុមបង្ហាញថ្ងៃនេះ ពិសេសក្នុង ៤៥នាទីដំបូង គឺជាកម្រិតមួយដែលយើងចង់បាន និងចង់បង្ហាញ ហើយក៏ជាការប្រកួតទី១ ដែរ ដែលយើងធ្វើបានល្អជាងការប្រកួតផ្សេងៗ»។
លោក McConkey បន្ថែមទៀតថា លោកមិនមានការភ្ញាក់ផ្អើលណាស់ណាទេ ចំពោះការប្រកួតនេះ ព្រោះលោកដឹងថា កូនក្រុមរបស់ខ្លួនតែងតែព្យាយាយាម និងធ្វើបានល្អជារៀងរាល់ថ្ងៃ ប៉ុន្ដែអ្វីដែលលោកចាប់អារម្មណ៍ គឺការលេងជាមួយអាំងតង់ស៊ីតេខ្ពស់។ លោកថា «អ្វីដែលខ្ញុំចង់សង្កត់ធ្ងន់ គឺការលេងជាមួយអាំងតង់ស៊ីតេកម្រិតខ្ពស់ ព្រោះកីឡាករពេលបាត់បាល់ ពួកគាត់ធ្វើបានល្អ ជាពិសេសក្នុងតង់ទី១ ពេលបាត់បាល់ ពេលយើងការពារ ពួកគាត់លេងកម្រិតលេងខ្ពស់។ ជារួមគឺកីឡាករប្រឹងប្រែងខ្លាំងក្នុងការប្រកួតនេះ»។
ទន្ទឹមជាមួយគ្នា លោក Bozidar Bandovic គ្រូបង្វឹកក្រុមថៃ Port FC បានទទួលស្គាល់ព្រះខ័នរាជស្វាយរៀង ពិតជាក្រុមខ្លាំង និងធ្វើបានល្អជាងក្រុមខ្លួន ដោយលោកនិយាយត្រង់ៗថា គ្មានលេសត្រូវប្រកែក ចំពោះការបរាជ័យដ៏អាក្រក់នេះឡើយ។
បុរសសញ្ជាតិម៉ុងតេណេហ្គ្រោខាងលើបន្ដថា «ចំពោះការប្រកួតទាំងមូល ពិសេសនៅវគ្គទី១ យើងឃើញព្រះខ័នរាជស្វាយរៀងខ្លាំងជាង គេរឹងមាំជាង ជារួមវគ្គទី១ គេធ្វើបានល្អជាង។ វគ្គទី២ វិញ មានបញ្ហាមួយចំនួនដែលខ្ញុំបានឃើញពីការសម្រេចចិត្ត និងការបញ្ចប់ទីរបស់កូនក្រុមមិនទាន់បានល្អ។ ខ្ញុំគិតថា ការប្រកួតនេះ គឺជាការប្រកួតអាក្រក់មែនទែន ខ្ញុំទទួលស្គាល់វាគឺជាការប្រកួតមិនល្អប្រសើរសម្រាប់ក្រុម តែខ្ញុំមិនប្រកែកទេ នៅតែអបអរសាទរក្រុមម្ចាស់ផ្ទះដែលទទួលបានជ័យជម្នះ ហើយក៏គ្មានហេតុផលប្រកែកនឹងលទ្ធផលនេះនោះទេ»។
គួរដឹងថា ជ័យជម្នះដ៏ត្រចះត្រចង់លើក្រុមថៃខាងលើ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង ឡើងឈរលេខ៤ បណ្ដោះអាសន្នក្នុងពូល B ដោយមាន ៣ពិន្ទុ មុនការប្រកួតបន្ដបន្ទាប់ទៀត ដែលព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅវៀតណាម ដើម្បីជួបក្រុម Cong An Ha Noi នាថ្ងៃទី១០ ខែធ្នូខាងមុខ មុនត្រឡប់មកបើកទ្វារផ្ទះទទួលក្រុម Lion City Sailors របស់សិង្ហបុរីនាថ្ងៃទី១៧ ខែធ្នូ និងបន្ដជួបក្រុមភ្ញៀវ Persib របស់ឥណ្ឌូនេស៊ី នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៧ មុនជំនួបបញ្ចប់ពូលទល់ក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៧ ខាងមុខ៕









