* ស្វែងយល់ពីសំណុំរឿងក្តៅគគុករបស់ Nvidia ទាំងករណីរត់ពន្ធឈីប AI ទៅចិន និងការស៊ើបអង្កេតរឿងប្រឆាំងភាពផ្តាច់មុខ
* Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ
* Elon Musk ប្តេជ្ញាបង្កើនផលិតកម្មរថយន្ត Tesla នៅចិន ខណៈរោងចក្រសៀងហៃប្រគល់រថយន្តជាង ៨១០,០០០ គ្រឿងក្នុងរយៈពេល ១០ខែ
* ប្រទេសកំពូលទាំង១០ ដែលបង្កការបំពុលមហាសមុទ្រដោយសំណល់ប្លាស្ទិក
* ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង

យុទ្ធនាការអប់រំគុណតម្លៃអូឡាំពិក ទទួលការសាទរពីគ្រូ និងសិស្សានុសិស្សខេត្តកែប

20-11-2026 12:44

(ភ្នំពេញ)៖ កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបន្ដយុទ្ធនាការដល់ខេត្តកែបហើយ ដោយទទួលបានការសាទរជាខ្លាំងពីគ្រូ ក៏ដូចជាសិស្សានុសិស្ស ចំពោះការទទួលបានចំណេះដឹងថ្មីៗពីប្រវត្តិចលនាអូឡាំពិក ក៏ដូចជាអត្ថប្រយោជន៍កីឡា ព្រមទាំងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។

នេះបើតាមការលើកឡើងរបស់លោក ឡឹក ហាប់ នាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស និងសិស្សានុសិស្ស បន្ទាប់ពី NOCC បានរៀបចំកម្មវិធីគុណតម្លៃអូឡាំពិក នៅសាលារបស់ខ្លួននាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានសិស្សានុសិស្សប្រមាណ ១៥០នាក់ចូលរួម។ វគ្គនេះដឹកនាំដោយលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង NOCC និងជាវាគ្មិនប្រចាំកម្មវិធីផងដែរ។

នាយកសាលាខាងលើបានថ្លែងអំណរគុណចំពោះក្រុមការងារ NOCC ដែលបានជ្រើសរើសវិទ្យាល័យរបស់ខ្លួន ជាគោលដៅផ្សព្វផ្សាយនូវសារៈសំខាន់នៃចលនាអូឡាំពិក ក៏ដូចជាផ្ដល់ព័ត៌មានអំពីដំណើរឆ្ពោះទៅកីឡាយុវជនអាស៊ី។ តាមរយៈចំណេះដឹង និងព័ត៌មានទាំងអស់នេះ លោកសង្ឃឹមថា សិស្សានុសិស្សរបស់ខ្លួននឹងរួមចំណែកលើកកម្ពស់សកម្មភាពកីឡាដល់សិស្សានុសិស្ស និងជាការដាស់ស្មារតីដល់យុវជនគ្រប់រូបក្នុងការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបនាឆ្នាំ២០៣១ ផងដែរ។

ទន្ទឹមជាមួយគ្នា យុវតី កូយ ឡៃហ៊ាង និង ធី សុលីកា សិស្សវិទ្យាល័យខាងលើបានបង្ហាញអារម្មណ៍រីករាយ ដែលអាចទទួលបានចំណេះដឹងថ្មីៗពីកម្មវិធីគុណតម្លៃអូឡាំពិក ជាពិសេសប្រវត្តិកកើតនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលអ្នកទាំង២ ពុំធ្លាប់បានដឹងពីមុនមក ក៏ដូចជាចំណេះដឹង និងអត្ថប្រយោជន៍មិនអាចកាត់ថ្លៃបានពីការលេងកីឡា។ ពួកគេបានប្ដេជ្ញានឹងពាំនាំយកចំណេះដឹងទាំងអស់នេះ ទៅចែករំលែកដល់មិត្តភ័ក្ដ្រ ដើម្បីបំផុសឲ្យមានការចូលរួមសកម្មភាពកីឡាកាន់តែច្រើនទៀតផង។

គួរដឹងដែរថា កែប គឺជាខេត្តគោលដៅទី២ បន្ទាប់ពីខេត្តកណ្ដាល ក្នុងយុទ្ធនាការផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦។ បន្ទាប់ពីខេត្តកែប យុទ្ធនាការនេះនឹងបន្ដទៅខេត្តកំពត ហើយគ្រោងនឹងរៀបចំនៅខេត្តមួយចំនួនទៀត រួមទាំងខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ និងភូមិរង់ចាំផងដែរ៕