Meta គ្រោងបញ្ចេញឧបករណ៍ AI ដាក់តាមខ្លួន តម្លៃ ៣០០ ដុល្លារ ភ្ជាប់អ៊ីនធឺណិត 5G ឥតគិតថ្លៃ ១ ឆ្នាំ
20-11-2026 13:10
(បរទេស)៖ ក្រុមហ៊ុន Meta Platforms គ្រោងដាក់លក់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ខ្នាតតូចដែលអាចដាក់តាមខ្លួនបាន ឈ្មោះ Muse Charm ក្នុងតម្លៃ ៣០០ ដុល្លារ ព្រមទាំងផ្តល់សេវាអ៊ីនធឺណិត 5G ឥតគិតថ្លៃរយៈពេលរហូតដល់ ១២ ខែ តាមរយៈក្រុមហ៊ុន Verizon។ នេះបើយោងតាមសារព័ត៌មាន The Information និងចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឧបករណ៍នេះត្រូវបាននាយកប្រតិបត្តិ Meta លោក Mark Zuckerberg ប្រកាសបង្ហាញកាលពីខែកញ្ញា ដោយមានអេក្រង់ទំហំប្រហែល ២ អ៊ីញ និងមានតួអង្គ Muse ដែលអ្នកប្រើប្រាស់អាចកែសម្រួលរូបរាងតាមចំណង់ចំណូលចិត្ត។ វាក៏មានបំពាក់ប្រព័ន្ធភ្ជាប់អ៊ីនធឺណិត 5G ក្នុងខ្លួន ដែលអាចប្រើប្រាស់ជំនួយការ AI បានដោយមិនចាំបាច់ភ្ជាប់ Wi-Fi ប៉ុន្តែមិនអាចធ្វើការហៅទូរស័ព្ទបានឡើយ។
តាមរយៈ Muse Charm អ្នកប្រើប្រាស់អាចចុចលើឧបករណ៍ ដើម្បីចូលប្រើជំនួយការ AI Muse ដោយផ្ទាល់ ដោយមិនចាំបាច់បើកកម្មវិធីនៅលើស្មាតហ្វូនទេ។ ប្រព័ន្ធ AI នេះអាចជួយបំពេញកិច្ចការផ្សេងៗ ដូចជាការទិញទំនិញ កក់ការធ្វើដំណើរ និងបំពេញទម្រង់ឯកសារជំនួសអ្នកប្រើប្រាស់។ ការបង្កើតឧបករណ៍នេះក៏បង្ហាញពីមហិច្ឆតារបស់ Meta ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple និង Android របស់ Google ដោយបង្កើតប្រព័ន្ធ AI ផ្ទាល់ខ្លួន។
ទាក់ទងនឹងការឆ្លើយតបរបស់ក្រុមហ៊ុន អ្នកនាំពាក្យ Meta បាននិយាយថា «យើងមានក្តីរីករាយចំពោះការចាប់អារម្មណ៍លើឧបករណ៍ AI របស់យើង ហើយយើងនឹងមានព័ត៌មានបន្ថែមដើម្បីចែករំលែកក្នុងពេលឆាប់ៗនេះ»។ លោក Zuckerberg បានបង្ហើបថា Meta រំពឹងនឹងដាក់លក់ Muse Charm ក្នុងខែធ្នូ ឆ្នាំ២០២៦ នេះ ឱ្យទាន់រដូវកាលទិញទំនិញចុងឆ្នាំ៕













