ព័ត៌មានបែកធ្លាយ! OpenAI បាននិងកំពុងផលិតស្មាតហ្វូនដំបូងរបស់ខ្លួន
20-11-2026 14:44
(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតខ្នាតយក្ស OpenAI កំពុងបោះជំហានកាន់តែជិតក្នុងការផលិតស្មាតហ្វូនដំបូងបង្អស់របស់ខ្លួន ដោយថ្មីៗនេះមានរបាយការណ៍ពីប្រទេសចិនបានទម្លាយថា OpenAI បានជ្រើសរើស FIH Mobile ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Foxconn (ក្រុមហ៊ុនដំឡើងទូរស័ព្ទ iPhone ដ៏ធំបំផុតរបស់ Apple) ឱ្យធ្វើជាអ្នកដំឡើងស្មាតហ្វូនមួយនេះ។
យោងតាមសារព័ត៌មាន Securities Times ដែលដកស្រង់ប្រភពពីខ្សែច្រវាក់ផ្គត់ផ្គង់ បានឱ្យដឹងថា FIH Mobile ទទួលបានការបញ្ជាទិញដើម្បីដំឡើងទូរស័ព្ទរបស់ OpenAI ហើយ។ ស្របពេលជាមួយគ្នានេះ សារព័ត៌មាន Cailian Press ក៏បានបញ្ជាក់បន្ថែមថា ឧបករណ៍នេះអាចនឹងបង្ហាញខ្លួននៅលើទីផ្សារនៅ ចុងឆ្នាំ ២០២៧ ឬក្នុងឆ្នាំ ២០២៨។
ក្រៅពី Foxconn របាយការណ៍ពី Cailian Press បានបង្ហាញថា ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗជាច្រើនទៀតរបស់ Apple ក៏កំពុងចូលរួមក្នុងគម្រោងនេះដែរ រួមមាន Luxshare Precision, Lingyi iTech និង AAC Technologies។ ចំណុចនេះត្រូវបានអ្នកតាមដានចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារកាលពីខែមេសា និងខែឧសភា អ្នកវិភាគល្បីឈ្មោះលោក Ming-Chi Kuo ធ្លាប់បានលើកឡើងថា គម្រោងស្មាតហ្វូនរបស់ OpenAI ត្រូវបានពន្លឿនការផលិត ហើយកាលនោះលោកបានហៅក្រុមហ៊ុន Luxshare ថាជាដៃគូសហការរចនា និងផលិតផ្តាច់មុខ ប៉ុន្តែរបាយការណ៍ថ្មីនេះបង្ហាញថា តួនាទីរបស់ Luxshare អាចត្រូវបានផ្លាស់ប្តូរទៅជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់វិញ។
ទោះបីជារបាយការណ៍ថ្មីមិនទាន់បញ្ជាក់ពីលក្ខណៈសម្បត្តិលម្អិតក៏ដោយ ប៉ុន្តែផ្អែកតាមការព្យាករណ៍របស់លោក Ming-Chi Kuo ស្មាតហ្វូនរបស់ OpenAI នឹងបំពាក់នូវបច្ចេកវិទ្យាកំពូលដូចជា ប្រើប្រាស់បន្ទះឈីបកែច្នៃពិសេស (Custom version) នៃម៉ូដែល MediaTek Dimensity 9600 ដែលផលិតលើដំណើរការ N2P របស់ក្រុមហ៊ុន TSMC និងមានស្ថាបត្យកម្ម Dual-NPU សម្រាប់ដំណើរការ AI ខ្លាំងក្លា។ បំពាក់រ៉េមប្រភេទ LPDDR6 និងអង្គផ្ទុកទិន្នន័យ UFS 5.0។ ផ្តោតសំខាន់លើបច្ចេកវិទ្យារូបភាព និងកាមេរ៉ា ដើម្បីជួយឱ្យទូរស័ព្ទអាចមើលឃើញ និងយល់ដឹងពីបរិយាកាសជុំវិញខ្លួនអ្នកប្រើប្រាស់បានកាន់តែប្រសើរ។
លោក Kuo ប៉ាន់ស្មានថា ការនាំចេញស្មាតហ្វូននេះអាចឈានដល់ ៣០ លានគ្រឿង នៅចន្លោះឆ្នាំ ២០២៧ និង ២០២៨ ប្រសិនបើការអភិវឌ្ឍដំណើរការទៅតាមផែនការ។
រហូតមកដល់ពេលនេះ ទាំង OpenAI និង Foxconn មិនទាន់បានបញ្ជាក់ជាផ្លូវការជុំវិញព័ត៌មាននេះនៅឡើយទេ ហើយសារព័ត៌មាន Securities Times ក៏បានបញ្ជាក់ថា ផែនការផលិតផល ទំហំនៃការបញ្ជាទិញ និងកាលវិភាគផលិតទ្រង់ទ្រាយធំ នៅតែមិនទាន់ច្បាស់លាស់។
គួរកត់សម្គាល់ថា ចលនានៃការផលិតស្មាតហ្វូននេះ កំពុងកើតឡើងចំពេលដែល OpenAI និង Apple កំពុងប្តឹងផ្តល់គ្នាទៅវិញទៅមក ជុំវិញការចោទប្រកាន់ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម (Trade Secrets) ដោយ Apple បានដាក់ពាក្យបណ្តឹងមុនកាលពីខែកក្កដា ហើយ OpenAI បានដាក់ពាក្យបណ្តឹងតបតវិញកាលពីខែមុន៕






