* កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនហ្គោលអាជីពអន្តរជាតិធំៗចំនួន២ ជាមួយប្រាក់រង្វាន់សរុបជិត១.៥លានដុល្លារ
* ចំណេះដឹងទូទៅ៖ ១៣៧ឆ្នាំមុន ថ្ងៃនេះ លោក Edwin Hubble តារាវិទូដែលបានផ្លាស់ប្តូរការយល់ដឹងរបស់មនុស្សជាតិអំពីចក្រវាល បានកើត

ក្រុមហ៊ុន «Smart Axiata» បើកសម្ពោធជាផ្លូវការយុទ្ធនាការ «ទឹកចិត្តតូចមួយ» (An Act of Kindness) ដើម្បីរួមចំណែកបង្កើតការផ្លាស់ប្តូរ ប្រកបដោយអត្ថន័យក្នុងសង្គម

20-11-2026 15:04

(ភ្នំពេញ)៖ តាមរយៈស្មារតីសប្បុរសធម៌ និងការចេះយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមករបស់ប្រជាជនកម្ពុជា Smart ប្រែក្លាយការតភ្ជាប់ទំនាក់ទំនងប្រចាំថ្ងៃ ឱ្យក្លាយជាចលករ នៃការចែករំលែកក្តីសង្ឃឹម ការយកចិត្តទុកដាក់ និងការផ្តល់ឱកាសថ្មីៗ ដល់សហគមន៍ដែលកំពុងត្រូវការជំនួយ។ រាល់ការតភ្ជាប់ទំនាក់ទំនង សុទ្ធតែមានអត្ថន័យ និងគោលបំណង ប៉ុន្តែពេលខ្លះអត្ថន័យនៃការតភ្ជាប់ទំនាក់ទំនង អាចធំធេងជាងការហៅទូរស័ព្ទ ការផ្ញើសារ ឬការរក្សាទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់។ វាអាចក្លាយជាប្រភពនៃក្តីសង្ឃឹមសម្រាប់កុមារ ជួយលើកស្ទួយសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ឬនាំមកនូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់គ្រួសារមួយ ដែលកំពុងឆ្លងកាត់គ្រាលំបាកក្នុងជីវិត។

ហេតុនេះហើយក្រុមហ៊ុន Smart មានមោទនភាពក្នុងការសម្ពោធយុទ្ធនាការដ៏មានអត្ថន័យ «ទឹកចិត្តតូចមួយ» (An Act of Kindness) នេះដើម្បីជួយលើកកម្ពស់សុខុមាលភាពសហគមន៍ ដែលមានតម្រូវការ។ យុទ្ធនាការនេះផ្អែកលើទស្សនៈដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យដ៏ជ្រាលជ្រៅ គឺនៅពេលយើងមានឱកាសជួយផ្លាស់ប្តូរជីវិត របស់នរណាម្នាក់ឱ្យប្រសើរឡើង ទោះបីជាការជួយនេះ វាតិចតួចក៏ដោយយើងគួរតែចាប់ផ្តើមធ្វើវា។
អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ Smart បានចាត់ទុកប្រទេសកម្ពុជាជាផ្ទះ និងជាទីដែលខ្លួនបានរីកចម្រើនជាមួយប្រជាជនកម្ពុជា។ ទំនុកចិត្តពីប្រជាជនកម្ពុជារាប់លាននាក់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យ យើងរីកចម្រើន និងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់គេ។ គំនិតផ្តួចផ្តើមនេះ គឺជាការបង្ហាញពីការដឹងគុណរបស់ Smart ចំពោះទំនុកចិត្តដ៏មានតម្លៃនេះ ព្រមទាំងជាការរួមចំណែកតបស្នងជូនប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួនវិញ តាមរយៈការរួមចំណែកប្រកបដោយអត្ថន័យ។

គំនិតផ្តួចផ្តើមនេះផ្អែកលើជំនឿមួយថា គោលបំណងដែលមានអត្ថន័យពិតប្រាកដ ត្រូវចាប់ផ្តើមចេញពីក្នុងស្ថាប័ន និងបុគ្គលិកយើងជាមុនសិន។ សម្រាប់ Smart គោលបំណងនេះចាប់ផ្តើមពីបុគ្គលិកគ្រប់រូប តាមរយៈការបណ្តុះស្មារតីទទួលខុសត្រូវ ក្តីមេត្តាករុណា និងមោទនភាពរួម ដោយយល់ថា ការងារដែលពួកគេបំពេញរៀងរាល់ថ្ងៃ មិនត្រឹមតែរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចចូលរួមបង្កើតផលវិជ្ជមានដល់សង្គម ដែលមានអត្ថន័យលើសពីលទ្ធផលអាជីវកម្មផងដែរ។ គោលបំណងរួមនេះនឹងបន្តពង្រីក ទៅដល់អតិថិជនរបស់យើង ព្រមទាំងសហគមន៍នានាដែល Smart កំពុងបម្រើសេវាកម្ម។

* រាល់ការតភ្ជាប់ទំនាក់ទំនងរបស់យើងសុទ្ធតែអាចបង្កើតការផ្លាស់ប្ដូរប្រកបដោយអត្ថន័យ
តាមរយៈយុទ្ធនាការ «ទឹកចិត្តតូចមួយ» (An Act of Kindness) Smart នឹងបរិច្ចាគថវិការបស់ខ្លួនជំនួសឱ្យអតិថិជនយើង នៅពេលដែលអតិថិជនធ្វើការភ្ជាប់ប្រចាំខែ និងការជ្រើសរើសប្រើប្រាស់ប្រព័ន្ធ Smart របស់អតិថិជនថ្មី ដែលរាល់ការតភ្ជាប់របស់អតិថិជន នឹងក្លាយជាកម្លាំងចលកររួម ដើម្បីគាំទ្រដល់អង្គការមនុស្សធម៌ចំនួនពីរ អង្គការ Handicap International (HI) និងអង្គការ Japan Heart Cambodia។
អតិថិជនមិនចាំបាច់បរិច្ចាគ បង់ប្រាក់បន្ថែម ឬចំណាយលើថ្លៃសេវាណាមួយឡើយ។ ការរួមចំណែកទាំងអស់នេះ គឺជាការផ្តល់ជូនទាំងស្រុងពីក្រុមហ៊ុន Smart។ នេះគឺជាមធ្យោបាយសាមញ្ញមួយដ៏មានន័យ សម្រាប់ក្រុមហ៊ុនអាចធ្វើកាថ្លែងអំណរគុណ ដល់អតិថិជនដែលបានជ្រើសរើស ប្រើប្រាស់សេវាកម្មរបស់ខ្លួន ព្រមទាំងបំប្លែងទំនុកចិត្តរបស់ពួកគេ ទៅជាការគាំទ្រដ៏មានអត្ថន័យសម្រាប់អ្នក ដែលកំពុងត្រូវការជំនួយបំផុត។

តាមរយៈភាពជាដៃគូជាមួយ អង្គការ Handicap International យុទ្ធនាការនេះនឹងរួមចំណែកលើកកម្ពស់លទ្ធភាព ទទួលបានសេវាស្តារនីតិសម្បទា ឧបករណ៍ជំនួយ និងឱកាសផ្សេងៗសម្រាប់ជនមានពិការភាព។

ចំណែកតាមរយៈភាពជាដៃគូជាមួយ អង្គការ Japan Heart Cambodia យុទ្ធនាការនេះនឹងគាំទ្រដល់ការទទួលបានសេវា ថែទាំសុខភាពសម្រាប់កុមារ ដែលកំពុងប្រឈមនឹងជំងឺធ្ងន់ធ្ងរ រួមទាំងជំងឺមហារីក ព្រមទាំងផ្តល់ក្តីសង្ឃឹមដល់គ្រួសារដែលកំពុងឆ្លងកាត់គ្រាលំបាកក្នុងជីវិត។ ការបញ្ចូលទឹកប្រាក់ប្រចាំខែ របស់អតិថិជនអាចជារឿងដ៏សាមញ្ញមួយសម្រាប់អតិថិជន។ ប៉ុន្តែតាមរយៈគំនិតផ្តួចផ្តើមនេះ សកម្មភាពប្រចាំថ្ងៃដ៏សាមញ្ញនោះ នឹងក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដ៏មានអត្ថន័យ ក្នុងការជួយលើកកម្ពស់គុណភាពជីវិតរបស់មនុស្ស។

* គោលបំណងរួមដែលចាប់ផ្តើមពីបុគ្គលិករបស់យើង
សម្រាប់ Smart «ទឹកចិត្តតូចមួយ» មិនមែនគ្រាន់តែជាការរួមចំណែកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ។ គំនិតផ្តួចផ្តើមនេះក៏មានគោលបំណង កសាងវប្បធម៌ការងារមួយ ដែលបុគ្គលិកគ្រប់រូបមានអារម្មណ៍ថា ខ្លួនជាផ្នែកមួយនៃគោលបំណងដ៏ធំធេង និងយល់ច្បាស់ ការខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេអាចបង្កើតផលវិជ្ជមាន សម្រាប់សហគមន៍យើងបាន។
បុគ្គលិកគ្រប់រូប មិនថាបំពេញការងារនៅតាមហាងលក់រាយ ផ្តល់សេវាគាំទ្រអតិថិជន អភិវឌ្ឍបណ្តាញទូរគមនាគមន៍ ឬគាំទ្រដល់ការផ្តល់សេវាកម្មឌីជីថលនោះទេ សុទ្ធតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការតភ្ជាប់ទំនាក់ទំនង ដែលធ្វើឱ្យគំនិតផ្តួចផ្តើមនេះអាចកើតមានឡើង។ នេះបញ្ជាក់យ៉ាងច្បាស់ថា នៅពីក្រោយសមិទ្ធផលអាជីវកម្មនីមួយៗ គឺមានមនុស្សជាធនធាន និងកម្លាំងចលករ ហើយភាពជោគជ័យដែលមានអត្ថន័យពិតប្រាកដ មិនត្រូវបានវាស់វែងត្រឹមតែលទ្ធផលអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈផលវិជ្ជមានដែលក្រុមហ៊ុន បានបង្កើតឡើងក្នុងការលើកកម្ពស់សង្គមផងដែរ។

* សារពីនាយកប្រតិបត្តិរបស់ Smart
លោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសកម្ពុជាបានផ្តល់ឱ្យ Smart នូវអ្វីៗដែលមានតម្លៃយ៉ាងពិតប្រាកដ នោះគឺទំនុកចិត្ត ឱកាស និងកិត្តិយសក្នុងការក្លាយ ជាផ្នែកមួយនៃជីវិតរបស់ប្រជាជនរាប់លាននាក់។ ខ្ញុំតែងតែជឿជាក់ថា នៅពេលប្រទេសមួយ និងប្រជាជនរបស់ប្រទេសនោះបានផ្តល់ឱ្យយើងយ៉ាងច្រើន យើងក៏មានទំនួលខុសត្រូវក្នុងការផ្តល់អ្វីមួយដែលមានអត្ថន័យតបស្នងវិញផងដែរ។ ជំនឿនេះហើយ គឺជាបេះដូងនៃ យុទ្ធនាការ «ទឹកចិត្តតូចមួយ»។ សម្រាប់ខ្ញុំ នេះមិនមែនគ្រាន់តែជាគម្រោង ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) មួយផ្សេងទៀតនោះទេ។ វាគឺជាការផ្តល់គោលបំណងមួយដល់ស្ថាប័នរបស់យើង ដែលមានអត្ថន័យលើសពីអាជីវកម្ម។ ជាគោលបំណង ដែលបុគ្គលិករបស់យើងអាចមានជំនឿ មានមោទនភាព និងយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ។ ខ្ញុំជឿថា មនុស្សម្នាក់ៗតែងតែបំពេញការងារបានល្អបំផុត នៅពេលពួកគេដឹងថា អ្វីដែលពួកគេកំពុងធ្វើមានអត្ថន័យ មិនមែនត្រឹមតែចំពោះក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះជីវិតរបស់អ្នកដទៃផងដែរ។ ហើយខ្ញុំក៏ចង់ឱ្យគោលបំណងនេះពង្រីក ទៅដល់អតិថិជនរបស់យើងផងដែរ»។

លោក Ritesh Kumar Singh បានបន្តទៀតថា «រាល់ពេលដែលនរណាម្នាក់ជ្រើសរើសប្រើប្រាស់សេវាកម្ម Smart មិនថាតាមរយៈការបញ្ចូលលុយប្រចាំខែ ឬស៊ីមកាតថ្មីនោះទេ យើងចង់បំប្លែងទំនុកចិត្តដ៏សាមញ្ញនេះ ទៅជាឱកាសមួយសម្រាប់យើងក្នុងការផ្តល់អ្វីមួយតបស្នងវិញ។ អតិថិជនរបស់យើងមិនចាំបាច់បង់ប្រាក់បន្ថែមអ្វីទាំងអស់។ យើងក៏មិនស្នើសុំឱ្យពួកគេបរិច្ចាគដែរ។ គឺ Smart ផ្ទាល់ជាអ្នករួមចំណែកថវិកានេះ ដើម្បីជាការថ្លែងអំណរគុណចំពោះអតិថិជន។ សូមអរគុណចំពោះការផ្តល់ទំនុកចិត្តដល់យើងខ្ញុំ។ សូមអរគុណដែលបានអនុញ្ញាតឱ្យយើងរីកចម្រើនជាមួយប្រទេសកម្ពុជា។ ហើយសូមអរគុណដែលបានផ្តល់ឱកាស ឱ្យយើងអាចបង្កើតការផ្លាស់វិជ្ជមានដល់បងប្អូនកម្ពុជាយើង។ សម្រាប់កុមារដែលកំពុងតស៊ូប្រយុទ្ធនឹងជំងឺមហារីក ការខិតខំប្រឹងប្រែងរួមគ្នារបស់យើង អាចផ្តល់នូវឱកាសមួយទៀតសម្រាប់ជីវិតគេ»។

លោកបន្ថែមទៀតថា «សម្រាប់ជនមានពិការភាព វាអាចមានន័យថា ជាការទទួលបានឯករាជ្យភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមកាន់តែច្រើន។ យើងប្រហែលជាមិនអាចផ្លាស់ប្តូរជីវិត របស់មនុស្សគ្រប់រូបបានទេ។ ប៉ុន្តែប្រសិនបើយើងអាចរួមគ្នាផ្លាស់ប្តូរជីវិត របស់មនុស្សសូម្បីតែម្នាក់ឱ្យប្រសើរឡើងបាន នោះក៏ជារឿងមួយដែលមានតម្លៃគួរឱ្យធ្វើដែរ។ ប្រទេសកម្ពុជាមានវប្បធម៌ដ៏ល្អប្រពៃរួចទៅហើយ ក្នុងការចេះជួយគ្នា មានទឹកចិត្តសប្បុរស និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ យើងមិនមែនមកទីនេះដើម្បីបង្កើតស្មារតីនេះឡើយ។ យើងគ្រាន់តែចង់ក្លាយជាផ្នែកតូចមួយនៃស្មារតីដ៏ល្អប្រពៃនេះប៉ុណ្ណោះ។ ពីព្រោះនៅទីបំផុត ការវាស់វែងភាពជោគជ័យពិតប្រាកដរបស់យើង មិនមែនគ្រាន់តែអាស្រ័យលើចំនួនមនុស្ស ដែលយើងអាចតភ្ជាប់ទំនាក់ទំនងជាមួយនោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើចំនួនជីវិត ដែលយើងអាចជួយឱ្យកាន់តែប្រសើរឡើងផងដែរ។ នេះហើយគឺជាស្មារតីនៃ «ទឹកចិត្តតូចមួយ» និងជាអត្តសញ្ញាណរបស់ក្រុមហ៊ុន Smart ដែលយើងប្តេជ្ញាចិត្តកសាងឱ្យបាន»។

* ដៃគូសហគមន៍ក្នុងការបង្កើតផលវិជ្ជមានប្រកបដោយអត្ថន័យ
តាមរយៈភាពជាដៃគូជាមួយ អង្គការ Handicap International (HI) និងអង្គការ Japan Heart Cambodia យើងមានគោលបំណងប្រែក្លាយការប្តេជ្ញាចិត្តនេះទៅជាការគាំទ្រជាក់ស្តែង ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ដែលងាយរងគ្រោះ។

លោក Rajib DAKUA នាយកប្រចាំប្រទេសកម្ពុជានៃ អង្គការ Handicap International (HI) មានប្រសាសន៍ថា «ភាពជាដៃគូថ្មីនេះជាមួយក្រុមហ៊ុន Smart គឺជាឱកាសដ៏មានអត្ថន័យ ក្នុងការបំប្លែងការតភ្ជាប់ទំនាក់ទំនងប្រចាំថ្ងៃ ទៅជាផលជះជាក់ស្តែងដែលអាចផ្លាស់ប្តូរជីវិតរបស់ជនមានពិការភាពនៅកម្ពុជា។ តាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាស្តារនីតិសម្បទា ឧបករណ៍ជំនួយ និងឱកាសប្រកបដោយបរិយាបន្ន យើងអាចជួយមនុស្សកាន់តែច្រើនឱ្យទទួលបានឯករាជ្យភាព សេចក្តីថ្លៃថ្នូរ និងការចូលរួមក្នុងសង្គមកាន់តែប្រសើរឡើង។ តាមរយៈការរួមចំណែករួមគ្នាពី Smart និងអតិថិជនរបស់ខ្លួន គំនិតផ្តួចផ្តើមនេះបង្ហាញថា អំណាចនៃភាពជាដៃគូអាចជួយលុបបំបាត់ឧបសគ្គ លើកកម្ពស់ជីវិត និងកសាងប្រទេសកម្ពុជាឱ្យក្លាយជាសង្គមមួយដែលមានបរិយាបន្នកាន់តែប្រសើរ ដោយមិនទុកនរណាម្នាក់ចោលឡើយ»។

លោកស្រី Ryoko Matsubara អគ្គនាយករងនៃ អង្គការ បេះដូងជប៉ុន មានប្រសាសន៍ថា «ចាប់តាំងពីខ្ញុំបានចូលកាន់តំណែងជាអគ្គនាយករងនៃ អង្គការ បេះដូងជប៉ុន ប្រចាំប្រទេសកម្ពុជា នៅក្នុងខែមិថុនា ឆ្នាំ២០២៦ មក ខ្ញុំកាន់តែយល់ច្បាស់អំពីសក្តានុពល ដ៏ធំធេងរបស់មន្ទីរពេទ្យយើង។ យើងបាននិងកំពុង ផ្តល់សេវាព្យាបាលវេជ្ជសាស្ត្រកម្រិតខ្ពស់ដោយឥតគិតថ្លៃ រួមទាំងការព្យាបាលជំងឺមហារីកកុមារ ដល់អ្នកជំងឺដែលខ្វះលទ្ធភាព ទទួលបានសេវាថែទាំសុខភាពចាំបាច់។ ជាមួយនឹងការគាំទ្រដែលនឹងទទួលបានពីក្រុមហ៊ុន Smart Axiata នាពេលខាងមុខ យើងមានក្តីសង្ឃឹមថានឹងអាចបន្តជំរុញបេសកកម្ម របស់យើងឱ្យកាន់តែរីកចម្រើន លើកកម្ពស់គុណភាពជីវិតរបស់កុមារ ដែលយើងកំពុងផ្ដល់សេវាព្យាបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងមន្ទីរពេទ្យ ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល ដោយគ្មានលទ្ធភាពទទួលបានការ ថែទាំសុខភាពឡើយ»។

* កាយវិការតូចមួយ គោលបំណងរួម គុណតម្លៃយូរអង្វែង
គំនិតផ្តួចផ្តើមនេះនឹងដំណើរការក្នុងរយៈពេលដំបូងចំនួន ១៤ខែ ដោយប្រមូលផ្តុំបុគ្គលិក អតិថិជន និងដៃគូអង្គការមនុស្សធម៌ រួមគ្នាក្រោមការប្តេជ្ញាចិត្តតែមួយ គឺការបង្កើតគុណតម្លៃវិជ្ជមានក្នុងសង្គម។
សម្រាប់ Smart «ទឹកចិត្តតូចមួយ» តំណាងឱ្យជំនឿមួយថា ភាពជោគជ័យក្នុងអាជីវកម្ម និងទំនួលខុសត្រូវសង្គម គួរតែដើរទន្ទឹមគ្នា។ នេះគឺជាការប្តេជ្ញាចិត្តក្នុងការបន្ត តភ្ជាប់ទំនាក់ទំនងនៅទូទាំងប្រទេសកម្ពុជា ហើយយើងមិនអាចភ្លេចទេថា នៅពីក្រោយការតភ្ជាប់ទំនាក់ទំនងនីមួយៗ គឺមានជីវិតមនុស្ស គ្រួសារ ក្តីសុបិន និងមនុស្សជាច្រើនដែលកំពុងត្រូវការជំនួយផងដែរ។ ទឹកចិត្តតូចមួយ ហាក់ដូចជារឿងធម្មតាសម្រាប់យើង។ ប៉ុន្តែសម្រាប់អ្នកដែលកំពុងត្រូវការវា ទឹកចិត្តនោះអាចមានអត្ថន័យលើសពីអ្វីដែលយើងនឹកស្មានដល់។ នេះគឺជាវិធីដែល Smart បង្ហាញពីការដឹងគុណ និងការតបស្នងចំពោះប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួន៕