* កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនហ្គោលអាជីពអន្តរជាតិធំៗចំនួន២ ជាមួយប្រាក់រង្វាន់សរុបជិត១.៥លានដុល្លារ
* ចំណេះដឹងទូទៅ៖ ១៣៧ឆ្នាំមុន ថ្ងៃនេះ លោក Edwin Hubble តារាវិទូដែលបានផ្លាស់ប្តូរការយល់ដឹងរបស់មនុស្សជាតិអំពីចក្រវាល បានកើត

ធនាគារ «វីង» នាំយកនវានុវត្តន៍ទូទាត់ប្រាក់ និងឥណទានឌីជីថល ចូលរួមក្នុងវេទិកា «Black Swan 2026»

20-11-2026 16:07

(ភ្នំពេញ)៖ ធនាគារ វីង បានចូលរួមជាអ្នកឧបត្ថម្ភធំនៅក្នុងវេទិកានេះ ដែលប្រមូលផ្តុំអ្នកចូលរួមជាង ៨.០០០នាក់ មកពីជាង ៦០ប្រទេស ដោយផ្តោតលើការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន និងដំណោះស្រាយហិរញ្ញប្បទានសម្រាប់អាជីវករក្រៅប្រព័ន្ធ។ ការធ្វើឱ្យប្រតិបត្តិការទូទាត់ឆ្លងដែនកាន់តែលឿន និងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់អាជីវករក្រៅប្រព័ន្ធ គឺជាប្រធានបទស្នូលដែលធនាគារ វីង បានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026។ ដោយផ្អែកលើបទពិសោធក្នុងវិស័យធនាគារឌីជីថល និងឥណទាន ធនាគារ វីង បានចែករំលែកទស្សនៈ អំពីការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសនានា និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយឱ្យអាជីវកម្មខ្នាតតូចកាន់តែងាយស្រួលទទួលបានកម្ចី។

កិច្ចប្រជុំកំពូលដែលរៀបចំឡើង ជាលើកដំបូងនៅកម្ពុជានេះ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «នវានុវត្តន៍ដើម្បីការផ្លាស់ប្តូរដ៏មុតស្រួច» ឬ «Disruptive by Design» ដោយមានការសហការរៀបចំពីធនាគារជាតិ នៃកម្ពុជា (NBC) និងបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN) ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី២០។ វេទិកា Black Swan បានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ ថ្នាក់ដឹកនាំធនាគារកណ្តាល អ្នកវិនិយោគ និងថ្នាក់ដឹកនាំផ្នែកបច្ចេកវិទ្យា ដើម្បីពិភាក្សាអំពីការតភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុរវាងតំបន់អាស៊ាន បណ្តាប្រទេសនិយាយភាសាបារាំង និងទីផ្សារអន្តរជាតិផ្សេងៗទៀត។

ក្នុងចំណោមប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សា ប្រព័ន្ធទូទាត់បាគងរបស់កម្ពុជា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ ប្រព័ន្ធបាគងបានដំណើរការប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់រហូតដល់ ២៤១,៨៤ ពាន់លានដុល្លារអាមេរិក ឬប្រហែល ៦ ដងនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ តួលេខនេះបង្ហាញពីទំហំ នៃការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល ខណៈការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងស្រុក ជាមួយបណ្តាញអន្តរជាតិ អាចជួយឱ្យការផ្ទេរប្រាក់ឆ្លងដែនកាន់តែរហ័ស និងងាយស្រួលសម្រាប់ទាំងម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ទូទៅ។

ពាក់ព័ន្ធនឹងប្រធានបទនេះ កាលពីពេលថ្មីៗនេះ លោក Tallal Ur Rehman នាយកប្រតិបត្តិគ្រប់គ្រងសេវាធនាគារឌីជីថល នៃធនាគារ វីង បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ស្តីពីការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។ កិច្ចពិភាក្សាបានផ្តោតលើរបៀប ដែលការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសនានា អាចជួយកាត់បន្ថយឧបសគ្គក្នុងប្រតិបត្តិការ និងសម្រួលដល់ការទូទាត់អន្តរជាតិសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ទូទៅ។
ក្រៅពីការតភ្ជាប់ប្រព័ន្ធទូទាត់ លោកក៏បានចូលរួមក្នុងសិក្ខាសាលាក្រោមប្រធានបទ «ការបញ្ចូលមុខងារកម្សាន្តបែបហ្គេមក្នុងសេវាធនាគារ ដើម្បីជំរុញទម្លាប់ហិរញ្ញវត្ថុល្អរបស់អតិថិជន» ឬ «Gamification in Banking: Shaping Customer Behavior by Design»។ សិក្ខាសាលានេះបានពិភាក្សា អំពីរបៀបប្រើប្រាស់មុខងារធនាគារឌីជីថល ដើម្បីលើកទឹកចិត្តអតិថិជនឱ្យសន្សំប្រាក់ជាប្រចាំ ធ្វើការទូទាត់តាមប្រព័ន្ធឌីជីថល និងប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ។

ទន្ទឹមនឹងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវករក្រៅប្រព័ន្ធ ក៏ជាប្រធានបទសំខាន់មួយទៀតនៅក្នុងវេទិកានេះ។ បច្ចុប្បន្ន កម្ពុជាមានសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSME) ប្រមាណ ៧៥៣.០០០ អាជីវកម្ម ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋជិត ៣ លាននាក់ និងរួមចំណែកប្រមាណ ៦៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ទោះជាយ៉ាងណា អាជីវកម្មជាច្រើននៅតែប្រឈម នឹងការលំបាកក្នុងការស្នើសុំឥណទាន ដោយសារខ្វះកំណត់ត្រាហិរញ្ញវត្ថុផ្លូវការ ឬទ្រព្យធានាស្របតាមលក្ខខណ្ឌតម្រូវរបស់ធនាគារ។

ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនេះ លោក Volodymyr Kyrushko នាយកប្រតិបត្តិគ្រប់គ្រងផលិតផល និងទំនាក់ទំនងអតិថិជន នៃធនាគារ វីង បានដឹកនាំកិច្ចពិភាក្សាស្តីពី ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ សម្រាប់អាជីវករក្រៅប្រព័ន្ធ។ កិច្ចពិភាក្សាបានផ្តោតលើសំណួរស្នូលមួយថា តើធនាគារអាចប្រើប្រាស់ប្រវត្តិប្រតិបត្តិការ លំហូរសាច់ប្រាក់ និងកំណត់ត្រាទូទាត់ឌីជីថល ដើម្បីវាយតម្លៃសមត្ថភាពសងប្រាក់របស់អាជីវករ ជំនួសឱ្យការពឹងផ្អែកតែលើរបាយការណ៍ហិរញ្ញវត្ថុផ្លូវការ និងទ្រព្យធានាបានដែរឬទេ? បន្ថែមពីនេះ កិច្ចពិភាក្សាក៏បានលើកឡើងពីតួនាទីរបស់ធនាគារ រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការសហការគ្នាដើម្បីសម្រួលដល់ ការទទួលបានឥណទានខ្នាតតូចសម្រាប់អាជីវករ ខណៈនៅតែរក្សាបាននូវស្តង់ដារផ្តល់ឥណទាន ប្រកបដោយការទទួលខុសត្រូវ។

ក្នុងការអនុវត្តជាក់ស្តែង ធនាគារ វីង បាននិងកំពុងពង្រីកសេវាឥណទានឌីជីថលរបស់ខ្លួន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន។ គិតត្រឹមចុងឆ្នាំ២០២៥ អតិថិជនប្រមាណ ១,៧ លាននាក់ បានទទួលឥណទានឌីជីថលពីធនាគារ វីង ដែលមានទំហំឥណទានសរុបប្រមាណ ៣៤៩ លានដុល្លារអាមេរិក។ ក្រៅពីការចូលរួមក្នុងកិច្ចពិភាក្សា ធនាគារ វីង ក៏បានរៀបចំស្តង់តាំងបង្ហាញនៅក្នុងវេទិកានេះផងដែរ។ ក្រុមការងារបានជួបពិភាក្សាជាមួយគណៈប្រតិភូអន្តរជាតិ តំណាងគ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មជាច្រើន ដើម្បីចែករំលែកព័ត៌មានអំពីសេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាធនាគារអន្តរជាតិ ដែលជួយសម្រួលដល់ការទូទាត់ឆ្លងដែន និងប្រតិបត្តិការអាជីវកម្មផ្សេងៗ។

ក្នុងនាមជាធនាគារពាណិជ្ជ ដែលមានភាគទុនិកជាជនជាតិខ្មែរ ១០០% ធនាគារ វីង បានបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាង ១៨ ឆ្នាំមកហើយ និងបច្ចុប្បន្នស្ថិតក្នុងចំណោមធនាគារពាណិជ្ជធំជាងគេទាំង ៥ នៅកម្ពុជា។ គិតត្រឹមខែតុលា ឆ្នាំ២០២៦ ប្រាក់បញ្ញើរបស់អតិថិជនបានកើនដល់ ៣,៣ ពាន់លានដុល្លារអាមេរិក ខណៈផលប័ត្រឥណទានបានកើនដល់ ២,៧៨ ពាន់លានដុល្លារអាមេរិក។

សម្រាប់អាជីវកម្មដែលកំពុងស្វែងរក សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាទូទាត់ឆ្លងដែន ឬត្រូវការទុនសម្រាប់ការបញ្ជាទិញ និងស្តុកទំនិញ ធនាគារ វីង មានដំណោះស្រាយធនាគារជាច្រើន ដែលអាចឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងតាមទូរសព្ទលេខ ០២៣ ៩៩៩ ៩៨៩៕