* កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនហ្គោលអាជីពអន្តរជាតិធំៗចំនួន២ ជាមួយប្រាក់រង្វាន់សរុបជិត១.៥លានដុល្លារ
* ចំណេះដឹងទូទៅ៖ ១៣៧ឆ្នាំមុន ថ្ងៃនេះ លោក Edwin Hubble តារាវិទូដែលបានផ្លាស់ប្តូរការយល់ដឹងរបស់មនុស្សជាតិអំពីចក្រវាល បានកើត

កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនហ្គោលអាជីពអន្តរជាតិធំៗចំនួន២ ជាមួយប្រាក់រង្វាន់សរុបជិត១.៥លានដុល្លារ

20-11-2026 17:53

(ភ្នំពេញ)៖ ក្រោយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានបញ្ចប់ដោយជោគជ័យ បន្សល់ទុកនូវមោទនភាពជាតិ និងកេរ្តិ៍ឈ្មោះដ៏ប្រពៃ ដល់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ ព្រឹត្តិការណ៍អន្តរជាតិធំៗ នៅក្នុងប្រទេសកម្ពុជា នៅមិនទាន់អស់នៅឡើយទេ។

ប៉ុន្មានថ្ងៃខាងមុខនេះ ប្រទេសកម្ពុជា នឹងទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអាជីពលំដាប់អន្តរជាតិធំៗចំនួន២ បន្ថែមទៀតគឺប្រកួត Vattanac Legends Championship និង Vattanac Tour Championship ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត នាំមកជូនដោយក្រុមហ៊ុន វឌ្ឍនៈ ដែលមានទឹកប្រាក់រង្វាន់សរុបរហូតដល់ ១.៤៥ លានដុល្លារអាមេរិក។

នេះជាលើកទី២ ហើយដែលក្រុមហ៊ុន វឌ្ឍនៈ បាននាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអាជីពលំដាប់អន្តរជាតិមកកាន់កម្ពុជា ដែលការវិលត្រឡប់មកប្រទេសកម្ពុជា លើកនេះ នឹងប្រមូលផ្តុំកីឡាករអាជីពកំពូលៗ អ្នកជំនួញ និងក្រុមការងារផ្សព្វផ្សាយអន្តរជាតិសរុបប្រមាណ ១០០ នាក់។

ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏ល្អក្នុងការឱ្យភ្ញៀវអន្តរជាតិបានមកស្គាល់ និងស្វែងយល់ពីប្រទេសកម្ពុជាដោយផ្ទាល់ ទាំងវប្បធម៌ ប្រពៃណី បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនខ្មែរ និងសក្តានុពលទេសចរណ៍របស់ប្រទេសយើង។

ពីព្រឹត្តិការណ៍អន្តរជាតិមួយទៅព្រឹត្តិការណ៍មួយទៀត ប្រទេសកម្ពុជា កំពុងបន្តមានឱកាសបង្ហាញខ្លួនទៅកាន់ពិភពលោក។ ហើយការចូលរួមរបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការនាំយកព្រឹត្តិការណ៍ កីឡាលំដាប់អន្តរជាតិទាំងនេះ មកកាន់ប្រទេសកម្ពុជា ក៏ជាផ្នែកមួយនៃការរួមចំណែកលើកស្ទួយវិស័យកីឡា ទេសចរណ៍ និងកិត្យានុភាពជាតិផងដែរ។

កម្ពុជាមិនត្រឹមតែជាទឹកដីនៃវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទឹកដីដែលកំពុងបន្តស្វាគមន៍ព្រឹត្តិការណ៍ធំៗ ពីជុំវិញពិភពលោកផងដែរ៕