ផ្សារទំនើប ឡាក់គី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខ ជាមួយក្រុមហ៊ុន Carrefour ដើម្បីនាំយកផលិតផលបារាំងល្បីៗមកកាន់ទីផ្សារកម្ពុជា
20-11-2026 18:20
(ភ្នំពេញ)៖ ក្រុមហ៊ុន Carrefour និងផ្សារទំនើប ឡាក់គី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ផ្តាច់មុខនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព និងវត្តមាន លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Emmanuel Ly-Batallan ទីប្រឹក្សា និងប្រធាននាយកដ្ឋានសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំកម្ពុជា។
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ ស្របពេលជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ តាមរយៈអនុស្សរណៈ ផ្សារទំនើបឡាក់គី នឹងក្លាយជាអ្នកចែកចាយ និងលក់រាយផ្តាច់មុខនៅកម្ពុជា សម្រាប់ផលិតផលរបស់ក្រុមហ៊ុន Carrefour។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅ ខណៈដែលថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច និងស្ថាប័ននានាមកពីបណ្ដាប្រទេសនិយាយភាសាបារាំងបានជួបជុំគ្នានៅរាជធានីភ្នំពេញ ដែលបង្ហាញពីតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនីជាវេទិកាមួយ សម្រាប់លើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ភាពជាដៃគូសេដ្ឋកិច្ចប្រកបដោយចីរភាព និងការផ្លាស់ប្តូរវប្បធម៌។
ភាពជាដៃគូនេះ នឹងពង្រីកមុខទំនិញមកពីអន្តរជាតិ សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាលើប្រភេទទំនិញសំខាន់ៗចំនួន ៤ប្រភេទគឺ៖ ផលិតផលអាហារ គ្រឿងទេសប្រចាំថ្ងៃ ផលិតផលស្រស់ និងផលិតផលត្រជាក់ មានដូចជាឈីសបារាំង ផលិតផលទឹកដោះគោ និងសាច់កែច្នៃ ផលិតផលថែរក្សាខ្លួន និងសម្រស់ សម្ភារៈប្រើប្រាស់ចាំបាច់នៅក្នុងគេហដ្ឋាន ព្រមទាំងសម្ភារៈសម្រាប់ផ្ទះបាយ និងសម្ភារៈផ្សេងៗជាច្រើនមុខទៀត។
កិច្ចសហការនេះ ឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់អ្នកប្រើប្រាស់កម្ពុជា ដែលកំពុងស្វែងរកជម្រើសផលិតផលកាន់តែសម្បូរបែប តម្លៃសមរម្យ និងការទទួលបានផលិតផលអន្តរជាតិកាន់តែងាយស្រួល។
តាមរយៈការរួមបញ្ចូលគ្នារវាងប្រព័ន្ធផ្គត់ផ្គង់ទំនិញសកល និងជំនាញក្នុងការអភិវឌ្ឍផលិតផលក្រោមម៉ាកផ្ទាល់ខ្លួនរបស់ ក្រុមហ៊ុន Carrefour ជាមួយនឹងបទពិសោធន៍លក់រាយ នៅក្នុងស្រុកជាងបីទសវត្សរ៍ និងបណ្តាញសាខាជាច្រើនមានជាង ១១៥ ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជារបស់ផ្សារទំនើប ឡាក់គី ភាពជាដៃគូនេះនឹងនាំមកនូវផលិតផល របស់ប្រទេសបារាំងដ៏ពេញនិយមជាង ១,០០០ មុខ មកកាន់អ្នកប្រើប្រាស់កម្ពុជា ឱ្យមានភាពកាន់តែងាយស្រួល និងតម្លៃសមរម្យ សម្រាប់ក្រុមគ្រួសារខ្មែរ និងសហគមន៍ជនបរទេស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងថា «យើងបានបង្កើតភូមិហ្វ្រង់កូហ្វូនីឡើង ដើម្បីធ្វើជាទីកន្លែងសម្រាប់ប្រមូលផ្ដុំមនុស្ស វប្បធម៌ និងគំនិតនានាមកជួបជុំគ្នា ហើយភាពជាដៃគូរវាងក្រុមហ៊ុន Carrefour និងផ្សារទំនើប ឡាក់គី នេះ បានធ្វើឱ្យចក្ខុវិស័យនោះបានក្លាយទៅជាការពិត។ វាពិតជាមានអត្ថន័យយ៉ាងពិសេស ដែលបានឃើញការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅទីនេះ ដែលជាកន្លែងដែលអ្នកចូលរួមទស្សនាមានចំនួនរាប់ពាន់នាក់កំពុងអបអរសាទរស្មារតីនៃហ្វ្រង់កូហ្វូនី និងទទួលបានអត្ថប្រយោជន៍ពីចំណងមិត្តភាពដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងដៃគូមកពីអន្តរជាតិរបស់យើង»។
អនុស្សរណៈនេះ ក៏បញ្ជាក់បន្ថែមពីការកាន់តែស៊ីជម្រៅនៃទំនាក់ទំនងពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា ដោយរួមបញ្ចូលគ្នានូវសមត្ថភាពស្វែងរក ប្រភពផ្គត់ផ្គង់ផលិតផលអន្តរជាតិ របស់ក្រុមហ៊ុន Carrefour និងបណ្តាញលក់រាយដែលបានបង្កើតឡើងយ៉ាងរឹងមាំរបស់ផ្សារទំនើបឡាក់គីនៅទូទាំងប្រទេសកម្ពុជា។
លោក Patrick Lasfargues អគ្គនាយកទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិប្រចាំក្រុមហ៊ុន Carrefour បានថ្លែងថា «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅរាជធានីភ្នំពេញមួយនេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ពួកយើង ក្នុងការពង្រឹងការផ្លាស់ប្ដូរផ្នែកវប្បធម៌ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ តាមរយៈភាពជាដៃគូផ្ដាច់មុខ ជាមួយនឹងផ្សារទំនើប ឡាក់គី ពួកយើងទទួលបានដៃគូលក់រាយឈានមុខគេមួយប្រចាំកម្ពុជា ដើម្បីនាំយកនូវបទពិសោធន៍យ៉ាងពេញលេញរបស់ក្រុមហ៊ុន Carrefour ដោយមានដូចជាផលិតផលអាហារដែលមានកម្រិតគុណភាពខ្ពស់ ផលិតផលស្រស់ៗ ថែមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងគេហដ្ឋាន និងទំនិញទូទៅជាច្រើនមុខទៀត មកកាន់ទីផ្សារអ្នកប្រើប្រាស់ដែលមានសន្ទុះរីកចម្រើនខ្លាំងបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
លោក Charlie Bettencourt អគ្គនាយកក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានបន្ថែមថា «ពួកយើងមានមោទនភាពក្នុងការបង្កើតភាពជាដៃគូមួយនេះជាផ្លូវការ ក្រោមវត្តមានរបស់អ្នកតំណាងមកពីក្រសួងពាណិជ្ជកម្ម ស្ថានទូតបារាំង និងក្រសួងកិច្ចការនារី។ កំណត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានបង្ហាញឱ្យឃើញពីតួនាទីរបស់ផ្សារទំនើប ឡាក់គី ក្នុងនាមជាស្ពានតភ្ជាប់ដ៏គួរឱ្យទុកចិត្តរវាងប្រទេសកម្ពុជា និងសហគមន៍ធុរកិច្ចអន្តរជាតិ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ភាពជាដៃគូនេះបានគាំទ្រទៅដល់យុទ្ធសាស្ត្រជាបន្តបន្ទាប់របស់ផ្សារទំនើប ឡាក់គី នៅក្នុងការពង្រីកមុខទំនិញពីអន្តរជាតិ និងឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ដែលកំពុងវិវត្តរបស់អតិថិជន ដោយផ្តល់ជូនពួកគាត់នូវជម្រើសកាន់តែសម្បូរបែប ជាពិសេសគឺផលិតផលរបស់ប្រទេសបារាំង ពិតប្រាកដបានកាន់តែច្រើនប្រភេទ សម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគាត់ ដោយគិតចាប់តាំងពីម្ហូបអាហារដែលពួកគាត់ត្រូវទទួលទាន រហូតដល់សម្ភារៈសម្រាប់ថែទាំគេហដ្ឋានរបស់ពួកគាត់ថែមទៀតផង»។
ផលិតផលមួយចំនួនរបស់ក្រុមហ៊ុន Carrefour នឹងត្រូវបានដាក់តាំងបង្ហាញ និងលក់ជូនទៅដល់អ្នកចូលរួមដែលនៅទីតាំងផ្ទាល់ក្នុងកិច្ចប្រជុំកំពូល។ បន្ទាប់ពីព្រឹត្តិការណ៍នេះ អតិថិជននៅកម្ពុជាអាចរំពឹងថា នឹងបានឃើញការដាក់តាំងបង្ហាញនូវផលិតផលរបស់ Carrefour និងកម្មវិធីផ្សព្វផ្សាយពិសេសៗបន្ថែមទៀតនៅតាមសាខាផ្សារទំនើប ឡាក់គី និង ឡាក់គី អ៊ិចប្រេស នៅពេលដែលមុខទំនិញទាំងនេះត្រូវបានដាក់លក់ជាបន្តបន្ទាប់នៅតាមបណ្តាសាខារបស់ពួកយើងនៅទូទាំងប្រទេស៕









