* Fresh AI បង្ហាញមុខងារ EV Zone ដ៏ឆ្លាតវៃ ជួយអ្នកបើកបររថយន្តអគ្គិសនីស្វែងរកទីតាំងសាកថ្មជាង ៤៤០ កន្លែងទូទាំងប្រទេស !
* ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស YouTube ជិតឈានដល់កិច្ចព្រមព្រៀងទូទាត់សំណងជិត ៣ពាន់លានដុល្លារ ជុំវិញបណ្តឹងបង្កឱ្យមានការញៀនលើកុមារ
* កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនហ្គោលអាជីពអន្តរជាតិធំៗចំនួន២ ជាមួយប្រាក់រង្វាន់សរុបជិត១.៥លានដុល្លារ
* ចំណេះដឹងទូទៅ៖ ១៣៧ឆ្នាំមុន ថ្ងៃនេះ លោក Edwin Hubble តារាវិទូដែលបានផ្លាស់ប្តូរការយល់ដឹងរបស់មនុស្សជាតិអំពីចក្រវាល បានកើត
* Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ

YEAC សហការជាមួយ ABC និង CMA រៀបចំជំនួបរវាងម្ចាស់អាជីវកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ SMEs

21-11-2026 08:13

(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំ «ជំនួបរវាងម្ចាស់អាជីវកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ» ក្នុងឱកាសទិវាសហគ្រិនភាពកម្ពុជា២០២៦ ដើម្បីពង្រីកឱកាសទទួលបានឥណទាន និងពង្រឹងភាពធន់ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅទូទាំងប្រទេស។

កម្មវិធីនេះរៀបចំឡើងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ ក្រោមការចូលរួមពី ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តំណាងស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ ម្ចាស់អាជីវកម្ម និងសមាជិកសមាគម សរុបជាង ២៥០នាក់។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា ការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ (Access to Finance) សម្រាប់សហគ្រាស និងម្ចាស់អាជីវកម្ម គឺជាអាទិភាពទី១ ក្នុងចំណោមអាទិភាពទាំង៦ នៃទិសដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់សមាគម។

ឧកញ៉ា ប៉ិច បូឡែន បានគូសបញ្ជាក់ថា កន្លងមក YEAC តែងតែសហការយ៉ាងជិតស្និទ្ធជាមួយ ABC និង CMA ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ដើម្បីកសាងសមត្ថភាពសមាជិក និងរៀបចំជំនួបផ្គូផ្គងរវាងស្ថាប័នផ្តល់ហិរញ្ញប្បទាន និងសហគ្រាសដែលត្រូវការទុន។ បច្ចុប្បន្ន សមាគមកំពុងពង្រីកកិច្ចសហការនេះទាំងលើផ្នែកឥណទាន និងទុនវិនិយោគ ដើម្បីជួយសមាជិក និងម្ចាស់អាជីវកម្មកសាងភាពធន់ បង្កើតរចនាសម្ព័ន្ធមូលធនរឹងមាំ និងត្រៀមខ្លួនសម្រាប់ការរីកចម្រើន។

កម្មវិធីនេះក៏មានការធ្វើបទបង្ហាញសំខាន់ស្តីពី «សន្ទស្សន៍ និងឧបករណ៍វាស់វែងទំនុកចិត្ត និងភាពធន់របស់អាជីវកម្ម» ដោយលោក ស៊ឹម ចាន់គីរីរ័ត្ន អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន BanhJi។

បន្ទាប់មក កម្មវិធីបានបន្តជាមួយកិច្ចពិភាក្សាដេញដោលស៊ីជម្រៅក្រោមប្រធានបទ «ពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ម្ចាស់អាជីវកម្ម» ដោយផ្តោតលើការវាយតម្លៃឥណទាន ការចែករំលែកហានិភ័យ និងជម្រើសហិរញ្ញប្បទានរយៈពេលវែង។

កិច្ចពិភាក្សានេះមានការចូលរួមពីវាគ្មិនកិត្តិយសរួមមាន លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC), លោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), លោក ជា សុភ័ក្ដ អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងលោក សេង ចាន់ធឿន សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា។
កិច្ចពិភាក្សានេះសម្របសម្រួលដោយអ្នកស្រី ជុន សុថានី សមាជិកក្រុមប្រឹក្សាភិបាល YEAC និងជានាយកផ្នែកយុទ្ធសាស្ត្រនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។

លោក រ័ត្ន សោភ័ណ បានគូសបញ្ជាក់ថា ទោះបីវិស័យធនាគារបានជួបប្រទះបញ្ហាប្រឈមមួយចំនួនក្តី ក៏វិស័យនេះនៅតែរក្សាបាននូវភាពធន់ និងបន្តដើរតួនាទីគាំទ្រសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ធនាគារកំពុងផ្តោតលើ «គុណភាពឥណទាន» ជាជាងកំណើនបរិមាណ ដោយផ្តល់អាទិភាពលើការផ្តល់ទុនដល់វិស័យស្នូល ដូចជា សហគ្រាសធុនតូច និងមធ្យម (SMEs) កម្មន្តសាលកាត់ដេរ កសិកម្មកសិ-ឧស្សាហកម្ម ការកែច្នៃ និងថាមពលស្អាត។

លោកបានលើកទឹកចិត្ត ដល់ម្ចាស់អាជីវកម្មឱ្យរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យបានច្បាស់លាស់ ដើម្បីបង្កើនទំនុកចិត្តពីគ្រឹះស្ថានហិរញ្ញវត្ថុ និងមានឱកាសទទួលបានឥណទានក្នុងលក្ខខណ្ឌកាន់តែប្រសើរ។

លោក សុខ វឿន បានថ្លែងថា ការគាំទ្រសេដ្ឋកិច្ចប្រកបដោយចីរភាព មិនមែនផ្តោតតែលើកំណើនបរិមាណឥណទាននោះទេ ប៉ុន្តែត្រូវផ្តល់អាទិភាពលើគុណភាពឥណទាន និងហិរញ្ញប្បទានដែលសមស្របនឹងតម្រូវការរបស់អាជីវកម្ម។

លោកបានសង្កត់ធ្ងន់ថា គ្រប់ភាគីពាក់ព័ន្ធគួរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការផ្តល់ហិរញ្ញប្បទានដល់ម្ចាស់អាជីវកម្មប្រកបដោយការទទួលខុសត្រូវ ការការពារអតិថិជន និងបរិយាបន្ន។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩មក YEAC បានកំណត់ការជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានជាអាទិភាពចម្បងរបស់សមាគម ហើយបច្ចុប្បន្នវាជាអាទិភាពទី១ ក្នុងចំណោមអាទិភាពទាំង៦ នៃទិសដៅយុទ្ធសាស្ត្រឆ្នាំ២០៣០។

គិតមកដល់បច្ចុប្បន្ន សមាគមបានសម្របសម្រួលឱ្យសហគ្រិនចំនួន ៣,៤៥១រូប ក្នុងនោះមានស្ត្រីចំនួន ១,១៥៨រូប ទទួលបានឥណទានសរុបជាង ៦លានដុល្លារអាមេរិក។ លើសពីនេះ YEAC ក៏បានបង្កើត «គណៈកម្មាធិការលទ្ធភាពទទួលបានហិរញ្ញប្បទាន» ដើម្បីផ្តល់ការប្រឹក្សាយោបល់ដោយផ្ទាល់ពីអ្នកជំនាញជូនដល់សមាជិកផងដែរ។

ជាពិសេស នៅខែមេសា ឆ្នាំ២០២៦ សមាគមបានដាក់សម្ពោធជាផ្លូវការនូវគម្រោងលទ្ធភាពទទួលបានហិរញ្ញប្បទាន (Access to Finance) ដែលជាគម្រោងស្នូលមួយរបស់សមាគម ដោយមានការចូលរួមពីសហគ្រាសធុនតូច និងមធ្យមប្រមាណ ២៤៩សហគ្រាស។

តាមរយៈគម្រោងនេះ YEAC បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំបញ្ជីគណនេយ្យ តម្លាភាពហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់វិនិយោគ ព្រមទាំងកិច្ចប្រជុំផ្គូផ្គងអាជីវកម្ម (Matching Session)។ គម្រោងនេះមានអ្នកចូលរួមសរុប ៦២១នាក់ នៅរាជធានីភ្នំពេញ និង ២១៨នាក់ នៅខេត្តកំពង់ធំ បាត់ដំបង និងកំពត-កែប ហើយបានជួយឱ្យសហគ្រិនជាច្រើនទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម។

សូមជម្រានថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេងមកពីវិស័យអាជីវកម្មផ្សេងៗគ្នា។

YEAC ជាសមាគមមិនរកប្រាក់ចំណេញ ដែលមានបេសកកម្មផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រី តាមរយៈការបង្កើតវេទិកា ការចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកចំណេះដឹង និងការបង្កើតឱកាសអាជីវកម្ម ដើម្បីបង្កើនផលិតភាព បង្កើតការងារ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា៕