ហ្គេមចោរលួចឡានដ៏ល្បី (GTA VI) រកចំណូលជិត ៣,៨ ពាន់លានដុល្លារ ត្រឹម ២៤ ម៉ោង បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ
21-11-2026 11:14
(បរទេស)៖ ហ្គេមល្បីលំដាប់ពិភពលោក «Grand Theft Auto VI» (GTA VI) ឬហៅថា «ហ្គេមចោរលួចឡាន» បានបំបែកកំណត់ត្រាឧស្សាហកម្មកម្សាន្ត ដោយរកចំណូលពីការលក់បានរហូតដល់ ៣,៧៩ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងដំបូងនៃការចេញលក់។ ហ្គេមនេះជាប្រភេទសកម្មភាព និងផ្សងព្រេង ដែលអនុញ្ញាតឱ្យអ្នកលេងចូលតួជាតួអង្គឧក្រិដ្ឋជនពីរនាក់ គឺ Lucia និង Jason ដើម្បីបំពេញបេសកកម្មផ្សេងៗ រួមមានការលួចរថយន្ត ការបើកបរ និងសកម្មភាពពាក់ព័ន្ធនឹងបទល្មើសនៅក្នុងទីក្រុង Vice City។ ចំណូលក្នុងថ្ងៃដំបូងរបស់ GTA VI ខ្ពស់ជិត ៥ ដង បើធៀបនឹងហ្គេមជំនាន់មុន GTA V ដែលរកចំណូលបានប្រមាណ ៨០០ លានដុល្លារ ក្នុងថ្ងៃដំបូងកាលពីឆ្នាំ២០១៣។ ភាពជោគជ័យនេះក៏បានធ្វើឱ្យ GTA VI វ៉ាដាច់ភាពយន្ត «Avengers: Endgame» ដែលរកចំណូលបានប្រមាណ ២,៩៤ ពាន់លានដុល្លារនៅទូទាំងពិភពលោកផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រុមហ៊ុន Rockstar Games ដែលជាអ្នកអភិវឌ្ឍហ្គេមនេះ បានឱ្យដឹងថា GTA VI មានការកុម្ម៉ង់ទិញទុកមុន (Pre-Order) ចំនួន ៣២,៥ លានច្បាប់ មុនពេលចេញលក់ជាផ្លូវការ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការផលិតហ្គេមនេះបានចំណាយពេលជាង ៨ ឆ្នាំ ហើយបើរាប់ចាប់ពីដំណាក់កាលស្រាវជ្រាវ និងរៀបចំគម្រោងដំបូងក្នុងឆ្នាំ២០១៥ រហូតដល់ថ្ងៃចេញលក់ គឺមានរយៈពេលប្រមាណ ១១ ឆ្នាំ។ ចំណែកថវិកាផលិតត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១ ពាន់លានដុល្លារ ឬច្រើនជាងនេះ។ លោក Sam Houser ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Rockstar Games បាននិយាយថា៖ «យើងពិតជាមានក្តីរំភើប និងដឹងគុណយ៉ាងខ្លាំងចំពោះការគាំទ្រពីអ្នកលេងហ្គេមនៅជុំវិញពិភពលោក» ដោយចាត់ទុកការចេញលក់ហ្គេមនេះថាជាការចាប់ផ្តើមជំពូកថ្មីសម្រាប់ក្រុមហ៊ុន។
ជោគជ័យដ៏ធំសម្បើមនេះត្រូវបានរំពឹងថា នឹងជួយជំរុញប្រាក់ចំណូលរបស់ក្រុមហ៊ុន Take-Two Interactive ដែលជាក្រុមហ៊ុនមេរបស់ Rockstar Games។ ទោះជាយ៉ាងណា វិនិយោគិនកំពុងរង់ចាំមើលផែនការចេញផ្សាយ GTA VI សម្រាប់កុំព្យូទ័រ (PC) និងកំណែអនឡាញ ដែលអ្នកវិភាគមួយចំនួនរំពឹងថាអាចនឹងចាប់ផ្តើមនៅឆ្នាំ២០២៧។ ប្រព័ន្ធលេងអនឡាញនេះត្រូវបានចាត់ទុកថាជាប្រភពចំណូលដ៏សំខាន់សម្រាប់ក្រុមហ៊ុនក្នុងរយៈពេលវែង។
លោក Doug Creutz អ្នកវិភាគនៅក្រុមហ៊ុនវិនិយោគ TD Cowen បានលើកឡើងថា សក្ដានុពលនៃការបង្កើតចំណូលជាបន្តបន្ទាប់ពី GTA VI គឺមានទំហំធំខ្លាំង។ លោកបានសង្កត់ធ្ងន់ថា៖ «សំណួរសំខាន់បំផុតសម្រាប់តម្លៃភាគហ៊ុន គឺថាតើ GTA Online ជំនាន់ថ្មីនឹងចេញនៅពេលណា និងអាចបង្កើតចំណូលបានច្រើនប៉ុណ្ណា ដែលសំខាន់ជាងចំនួនច្បាប់ GTA VI ដែលលក់បានទៅទៀត»៕











