* Fresh AI បង្ហាញមុខងារ EV Zone ដ៏ឆ្លាតវៃ ជួយអ្នកបើកបររថយន្តអគ្គិសនីស្វែងរកទីតាំងសាកថ្មជាង ៤៤០ កន្លែងទូទាំងប្រទេស !
* ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស YouTube ជិតឈានដល់កិច្ចព្រមព្រៀងទូទាត់សំណងជិត ៣ពាន់លានដុល្លារ ជុំវិញបណ្តឹងបង្កឱ្យមានការញៀនលើកុមារ
* កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនហ្គោលអាជីពអន្តរជាតិធំៗចំនួន២ ជាមួយប្រាក់រង្វាន់សរុបជិត១.៥លានដុល្លារ
* ចំណេះដឹងទូទៅ៖ ១៣៧ឆ្នាំមុន ថ្ងៃនេះ លោក Edwin Hubble តារាវិទូដែលបានផ្លាស់ប្តូរការយល់ដឹងរបស់មនុស្សជាតិអំពីចក្រវាល បានកើត
* Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ

សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា រៀបចំ «ជំនួបរវាងម្ចាស់អាជីវកម្ម និងវិនិយោគិន»  ក្នុងឱកាសទិវាសហគ្រិនភាពកម្ពុជា ២០២៦

21-11-2026 13:05

(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN Cambodia) នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំ «ជំនួបរវាងម្ចាស់អាជីវកម្ម និងវិនិយោគិន» ក្នុងឱកាសទិវាសហគ្រិនភាពកម្ពុជា ២០២៦ ដើម្បីត្រៀមសហគ្រិនក្នុងស្រុកឱ្យរួចរាល់សម្រាប់ការវិនិយោគ និងការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDC) ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានប្រមូលផ្តុំថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ និងសមាជិកសមាគម សរុបជាង ២៥០នាក់ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ចំណុចលេចធ្លោមួយនៃកម្មវិធី គឺបទបង្ហាញគន្លឹះស្តីពី «សន្ទស្សន៍ និងឧបករណ៍វាស់វែងទំនុកចិត្ត និងភាពធន់របស់អាជីវកម្ម» ដោយ លោក ស៊ឹម ចាន់គីរីរ័ត្ន អនុប្រធាន YEAC និងជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន BanhJi។ សន្ទស្សន៍នេះ កើតចេញពីការស្ទង់មតិអាជីវកម្ម (Business Insight Survey) ក្រោមការគាំទ្រពីគម្រោង CAPRED ដែលធ្វើឡើងនៅរាជធានីភ្នំពេញ និង ៩ខេត្ត ចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៦ ដោយមានម្ចាស់អាជីវកម្មចូលរួម ៤១៦នាក់ (ស្ត្រី ៣១%)។ លទ្ធផលនៃការស្ទង់មតិនេះ ជួយវាស់វែងកម្រិតភាពធន់ និងទំនុកចិត្តរបស់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) និងនឹងក្លាយជាភស្តុតាងដ៏សំខាន់ សម្រាប់ការតស៊ូមតិគោលនយោបាយ និងការគាំទ្រសមាជិកឱ្យកាន់តែចំគោលដៅ។

បន្ទាប់មក ថ្នាក់ដឹកនាំមកពីវិស័យសាធារណៈ និងឯកជន បានចូលរួមកិច្ចពិភាក្សាដេញដោលស្តីពី «ការត្រៀមខ្លួនរបស់ម្ចាស់អាជីវកម្ម សម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ LDC នៅឆ្នាំ២០៣០» ជាមួយវាគ្មិនកិត្តិយស៖

*លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា

*ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន GGear Group

*ឧកញ៉ា លឹម សុជាតិ អគ្គនាយកក្រុមហ៊ុន Laksmi Prime Investments Co., Ltd.

*លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា (AirAsia Cambodia)

*អ្នកសម្របសម្រួល៖ ឧកញ៉ា ស គីណាល់ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) អាណត្តិទី៧ និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aplus Consulting។

វាគ្មិនបានចែករំលែកទស្សនៈលើការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្រោយការចាកចេញពី LDC ការត្រៀមខ្លួនសម្រាប់ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធជាបន្តបន្ទាប់ និងការពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក ដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិដោយស្មើភាព ព្រមទាំងទាក់ទាញការវិនិយោគបន្ថែម។

គួរបញ្ជាក់ដែរថា ការទទួលបានហិរញ្ញវត្ថុ ទាំងឥណទាន និងមូលធនវិនិយោគ គឺជាអាទិភាពទី១ ក្នុងចំណោមអាទិភាពទាំង៦ នៃទិសដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់ YEAC។ រហូតមកដល់ពេលនេះ សមាគមបានកសាងសមត្ថភាពសមាជិក និង SMEs រាប់រយ ឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគ តាមរយៈវគ្គបណ្តុះបណ្តាល ការណែនាំ (Mentorship) ការបង្វឹកផ្ទាល់ (Hands-on Coaching) និងកិច្ចប្រជុំផ្គូផ្គងអាជីវកម្ម (Business Matching)។ លើសពីនេះ YEAC ក៏បានបង្កើត «គណៈកម្មាធិការលទ្ធភាពទទួលបានការវិនិយោគ» ដើម្បីផ្តល់ការប្រឹក្សាយោបល់ដោយផ្ទាល់ពីអ្នកជំនាញ ជូនដល់សមាជិក ក្នុងគោលដៅរួមចំណែកកសាងសហគ្រិនក្នុងស្រុកឱ្យក្លាយជាដៃគូវិនិយោគដ៏រឹងមាំ ឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេងមកពីវិស័យអាជីវកម្មផ្សេងៗគ្នា។ YEAC គឺជាសមាគមមិនរកប្រាក់ចំណេញ ដែលមានបេសកកម្មផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រី តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកចំណេះដឹង និងបង្កើតនូវឱកាសអាជីវកម្ម ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

ស្ថាប័នគាំទ្រ និងម្ចាស់ឧបត្ថម្ភកម្មវិធី៖

*Supported By: Australian Aid, Khmer Enterprise

*Platinum Sponsor: ABA Bank

*Gold Sponsor: ARDB Bank

*Silver Sponsors: ACLEDA Bank, BRIDGE Bank, Canadia Bank, CSDS, J Trust Royal Bank, KB Prasac Bank, WEG

*Main Sponsors: CBC, Chip Mong Group, KB Prasac Bank

*National Sponsors: Aplus Consulting, Biz Solution, CIA Firm, WEG

*Partner Sponsors: AirAsia, BanhJi, Canadia Bank, ICG Décor, JTI

*Event Supporter: Toffee Nut

*Media Sponsor: BizKhmer Media៕