Microsoft ត្រៀមបិទកម្មវិធី To Do លើ iPhone និង Mac ក្រោយដំណើរការជាង ១០ឆ្នាំ និងជំរុញអ្នកប្រើប្តូរទៅសេវាបង់ប្រាក់
21-11-2026 14:19
(បរទេស)៖ ក្រុមហ៊ុន Microsoft គ្រោងបញ្ឈប់ដំណើរការកម្មវិធីគ្រប់គ្រងកិច្ចការ Microsoft To Do នៅលើ Mac, iPhone, iPad, Windows, Android និងគេហទំព័រ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ តទៅ។ បន្ទាប់ពីថ្ងៃកំណត់នេះ អ្នកប្រើប្រាស់នឹងមិនអាចបើកមើលកិច្ចការដែលបានរក្សាទុកពីមុនបានទៀតឡើយ ខណៈក្រុមហ៊ុនចង់ឱ្យពួកគេប្តូរទៅប្រើ Microsoft Planner ដែលជាសេវាកម្មក្នុងកញ្ចប់ Microsoft 365។ នេះបើយោងតាមការចេញផ្សាយដោយ AppleInsider នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
Microsoft To Do មានដើមកំណើតពីកម្មវិធី Wunderlist ដែលក្រុមហ៊ុន Microsoft បានទិញយកនៅឆ្នាំ២០១៥ មុនពេលប្តូរឈ្មោះទៅជា Microsoft To Do នៅឆ្នាំ២០១៧។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរទៅប្រើ Planner កំពុងបង្កក្តីបារម្ភដល់អ្នកប្រើប្រាស់ ព្រោះ Microsoft មិនទាន់អាចផ្ទេរកិច្ចការពីកម្មវិធីចាស់ទៅកម្មវិធីថ្មីដោយផ្ទាល់បានទេ។ ក្រុមហ៊ុនគ្រោងផ្តល់ជម្រើសឱ្យអ្នកប្រើនាំចេញទិន្នន័យនៅពេលក្រោយ ប៉ុន្តែមិនទាន់បញ្ជាក់ពីពេលវេលា ហើយក៏មិនធានាថាទិន្នន័យទាំងនោះអាចនាំចូលទៅក្នុង Planner បានដែរ។
បញ្ហាមួយទៀតគឺ Microsoft To Do ជាកម្មវិធីឥតគិតថ្លៃ ខណៈ Microsoft Planner ស្ថិតក្នុងកញ្ចប់ Microsoft 365 ដែលមានតម្លៃចាប់ពី ៧,៩៩ ដុល្លារក្នុងមួយខែ។ កម្មវិធីទាំងពីរក៏មានមុខងារខុសគ្នា ដោយ Planner មិនគាំទ្រមុខងារភ្ជាប់ឯកសារទៅនឹងកិច្ចការដូច To Do នោះទេ។ អត្ថបទរបស់ AppleInsider បានរិះគន់ថា ការផ្លាស់ប្តូរនេះអាចធ្វើឱ្យអ្នកប្រើប្រាស់ត្រូវចំណាយពេលសិក្សារបៀបប្រើប្រាស់ថ្មី និងអាចជំរុញឱ្យពួកគេងាកទៅប្រើកម្មវិធីប្រកួតប្រជែងផ្សេងទៀត។
គួរជម្រាបថា ក្នុងចំណោមជម្រើសជំនួស កម្មវិធី Apple Reminders គឺជាជម្រើសមួយដែលគួរឱ្យចាប់អារម្មណ៍ ព្រោះវាឥតគិតថ្លៃ និងមានស្រាប់នៅលើ Mac, iPhone និង iPad។ កម្មវិធីផ្សេងទៀតរួមមាន Things 3, Todoist និង OmniFocus។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់អាចត្រូវចាប់ផ្តើមរៀបចំបញ្ជីកិច្ចការឡើងវិញពីដំបូង ប្រសិនបើមិនអាចនាំចេញ និងផ្ទេរទិន្នន័យពី Microsoft To Do ទៅកម្មវិធីថ្មីបាន៕












