តារាចម្រៀង សន វេជ្ជបុត្រ នាំសម្ភារៈសិក្សា និងសម្លៀកបំពាក់ពីសប្បុរសជននៅអូស្ត្រាលី ជូនដល់សិស្សនៅសាលាដាច់ស្រយាល ក្នុងខេត្តពោធិ៍សាត់
21-11-2026 15:50
(ភ្នំពេញ)៖ តារាចម្រៀងលោក សន វេជ្ជបុត្រ ដែលគ្រប់គ្នាដឹង និងស្គាល់ច្បាស់តាមរយៈសកម្មភាពមនុស្សធម៌ជាហូរហែមក បានឲ្យដឹងថា រាល់សកមកមភាពមនុស្សធម៌របស់លោក មិនអាចកើតមានទេប្រសិនបើ គ្មានវត្តមានម្ចាស់ហាងពេជ្រ «SopheaLin by Anna Vyta» ដែលតែងតែឧបត្ថម្ភដល់លោក ដើម្បីចុះធ្វើការងារមនុស្សធម៌។ បើទោះជាទីផ្សារសិល្បៈ និងចម្រៀងបច្ចុប្បន្នហាក់ស្ងប់ស្ងាត់ក៏ដោយ ប៉ុន្តែសម្រាប់តារាចម្រៀងលោក សន វេជ្ជបុត្រ នៅតែមានសកម្មភាពមនុស្សធម៌ និងជួយសង្គមរបស់លោកមិនដែលស្ងាត់ឡើយ។
ជាក់ស្ដែងតារាចម្រៀង សន វេជ្ជបុត្រ បានចុះទៅដល់ទីតាំងផ្ទាល់នៅសាលាបឋមសិក្សាវាល ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីនាំយកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន ២៥០នាក់ ដែលកំពុងខ្វះខាត បង្កើតបានជាបរិយាកាសរីករាយ និងស្នាមញញឹមដ៏កក់ក្ដៅសម្រាប់កូនសិស្ស និងលោកគ្រូ-អ្នកគ្រូ។ លោក សន វេជ្ជបុត្រ បានបញ្ជាក់ថា ការចុះមកដល់សាលានៅតំបន់ ដាច់ស្រយាលក្នុងខេត្តពោធិ៍សាត់នេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោកគ្រូអ្នកគ្រូផ្ទាល់ ដើម្បីជួយសម្រួលបន្ទុកការសិក្សាខ្លះៗរបស់សិស្ស។
ទោះបីសម្ភារៈសិក្សាទាំងនោះ មិនទាន់អាចបំពេញគ្រប់តម្រូវការទាំងស្រុងក៏ដោយ ប៉ុន្តែក្មេងៗ និងលោកគ្រូអ្នកគ្រូពិតជាសាទរខ្លាំង ព្រោះតំបន់ដាច់ស្រយាលបែបនេះ កម្រនឹងមានសប្បុរសជនចុះទៅដល់ណាស់។ តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ថា បេសកកម្មមនុស្សធម៌នេះមិនអាចសម្រេចទៅបានឡើយ ប្រសិនបើគ្មានការចូលរួមឧបត្ថម្ភពី ម្ចាស់ហាងលក់គ្រឿងអលង្ការ SopheaLin by Anna Vyta (លក់ត្បូងពេជ្រធម្មជាតិ) ដែលរស់នៅក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលម្ចាស់ហាងពេជ្រ SopheaLin by Anna Vyta រូបនេះ តែងតែឧបត្ថម្ភដល់តារាចម្រៀង សន វេជ្ជៈបុត្រ នូវទឹកប្រាក់មួយចំនួន។
អ្វីដែលគួរឱ្យកោតសរសើរជាងនេះទៅទៀតនោះ ម្ចាស់ហាងគ្រឿងអលង្ការនៅអូស្ត្រាលីរូបនេះ មិនត្រឹមតែរួមចំណែកលើកនេះប៉ុណ្ណោះទេ ប៉ុន្តែកន្លងមកក៏ធ្លាប់ចុះផ្ទាល់ និងចំណាយថវិកាផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារ ជួយដល់ បងៗវីរកងទ័ព ជាហូរហែដោយមិនដាច់ និងមិនរំពឹងអ្វីតបស្នងឡើយ។
ក្រៅពីនេះតារាចម្រៀង សន វេជ្ជបុត្រ ក៏បានថ្លែងអំណរគុណដល់ លោក ង៉ោ សុខឆេង (អាជីវករលក់កង់ជប៉ុន ផ្សារអូរប្ញស្សី) ដែលបានចូលរួមឧបត្ថម្ភសម្លៀកបំពាក់ ដល់កូនៗគ្រួសារកងទ័ព និងសិស្សានុសិស្សនៅសាលាបឋមសិក្សាវាល ខេត្តពោធិ៍សាត់ផងដែរ!។ ទឹកចិត្តជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ ពិតជាគួរឱ្យសរសើរ និងប្រកបដោយមោទនភាព៕
























